អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានសមត្ថភាពអាចឲ្យយន្តហោះធុនធំចុះចតបាន គ្រោងដាក់ឲ្យដំណើរការដំណាក់កាលទី១នៅពាក់កណ្តាលខែតុលា ខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់រវាងអាជ្ញាធរខេត្តសៀមរាប និងក្រុមហ៊ុនចិន China Metro កាលពីថ្ងៃទី២៣ ខែសីហា លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវបានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរទៅក្រុងសៀមរាប គឺមានពីរជម្រើស ក្នុងនោះជម្រើសទី១ស្ថិតនៅលើផ្លូវចាស់ និងជម្រើសទី២នៅលើផ្លូវថ្មី។ បច្ចុប្បន្នក្រុមការងារបច្ចេកទេសបានកំពុងចុះសិក្សា ដើមី្បប្រមូលទិន្នន័យនៃផលប៉ះពាល់នានា។ បើតាមការបង្ហាញគំនូសប្លង់ នៃគម្រោងការស្ថាបនាផ្លូវរថភ្លើងនេះ ខាងក្រុមហ៊ុនចិន បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធចូលរួមសហការ ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យ ពីព្រោះថាផ្លូវរថភ្លើងនេះ នឹងត្រូវឆ្លងកាត់តំបន់អង្គរ និងអាចមានការប៉ះពាល់តំបន់បូរាណដ្ឋាន ឬតំបន់ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់ជាដើម។
ឆ្លើយតបនឹងសំណើរខាងលើលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបគាំទ្រ និងត្រៀមសហការជាមួយក្រុមហ៊ុនក្នុងការផ្តល់ព័ត៌មាន និងទិន្នន័យជូនក្រុមហ៊ុន ដើមី្យប្រមូលធាតុចូលនៃគម្រោងនេះឱ្យបានជាក់លាក់ និងឲ្យបានស៊ីជម្រៅក្នុងការសិក្សាគម្រោងនេះ ដើមី្បបញ្ជៀសនូវរាល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។ តែយ៉ាងណាលោកអះអាងថា ការពិភាក្សានេះមិនទាន់បានលទ្ធផលនៅឡើយទេ ដោយសារគំនូសប្លង់ដែលក្រុមហ៊ុនបានបង្ហាញមិនបានបញ្ជាក់ទេថា តើគម្រោងនេះនឹងត្រូវឆ្លងកាត់តំបន់អង្គរនៅចំណុចណាខ្លះ។
ជុំវិញរឿងនេះដែរ លោក លី វណ្ណៈ អ្នកនាំពាក្យខេត្តសៀមរាបបានបញ្ជាក់ឱ្យដឹងថា ខាងក្រុមហ៊ុនចិន China Metro នៅមិនទាន់អាចកំណត់អំពីទំហំដើមទុនវិនិយោគ និងរយៈពេលសាងសង់នៅឡើយទេ ដ្បិតពួកគេកំពុងរង់ចាំការសិក្សាវាយតម្លៃ និងការប្រមូលនូវទិន្នន័យផលប៉ះពាល់ ទើបអាចកំណត់បាន។ យ៉ាងណាមិញលោកជំរុញឲ្យក្រុមហ៊ុនពន្លឿនការសិក្សាលើគម្រោងនេះ ដ្បិតអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនឹងបើកដំណើរការនៅពាក់កណ្តាលខែតុលាខាងមុខនេះ។ បើតាមការវាយតម្លៃរបស់អ្នកនាំពាក្យរូបនេះ គម្រោងផ្លូវរថភ្លើងធុនស្រាលនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ក៏ដូចជាការជួយទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ជាពិសេសជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរមកក្រុងសៀមរាប។
បើគ្មានការប្រែប្រួលទេអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ តម្លៃជាង១ពាន់១រយលានដុល្លារ នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈគិតត្រឹមខែកក្កដាការសាងសង់អាកាសយានដ្ឋាននេះសម្រេចបានជាង៩៨%។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៕