ព្រលានយន្តហោះសៀមរាប

បុគ្គលិកនៅព្រលានយន្តហោះសៀមរាបចាស់ជាង៩០% ត្រូវបានផ្ទេរទៅកាន់ព្រលានថ្មី ដែលគ្រោងដំណើរការនៅខែតុលា ខាងមុខ


មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា មកទល់ពេលនេះមានបុគ្គលិកបម្រើការអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ជាង៩០%ហើយ បានស្ម័គ្រចិត្តមកធ្វើការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី។ បើគ្មានការប្រែប្រួលទេអាកាសយានដ្ឋានអន្តរជាតិ ដែលមានតម្លៃវិនិយោគជាង១ពាន់លានដុល្លារអាមេរិកនេះ នឹងដាក់ឲ្យដំណើរការនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈបច្ចុប្បន្នព្រលានយន្តហោះនេះសម្រេចការសាងសង់ស្ទើរ១០០%ហើយ។
បុគ្គលិកនៅព្រលានយន្តហោះសៀមរាបចាស់ជាង៩០% ត្រូវបានផ្ទេរទៅកាន់ព្រលានថ្មី ដែលគ្រោងដំណើរការនៅខែតុលា ខាងមុខ
ដោយ

បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សម្រាប់ការដាក់ឲ្យដំណើរការដំណាក់កាលដំបូងនេះក្រុមហ៊ុនត្រូវការបុគ្គលិកបម្រើការងារប្រមាណ៣៥០នាក់ ខណៈបុគ្គលិកនៅព្រលានយន្តហោះចាស់មានតែជាង២៧០នាក់តែប៉ុណ្ណោះ។ ព្រលានយន្តហោះនេះមានសមត្ថភាពអាចឲ្យយន្តធុនធំអន្តរទ្វីបដូចជាប៊ូអ៊ីង និងអ៊ែរប៊ឺសអាចុះចតបាន។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា មកទល់ពេលនេះមានបុគ្គលិកចំនួន២៦៥ ក្នុងចំណោម២៧៥នាក់ ដែលបម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ត្រូវបានផ្ទេរទៅបម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលគ្រោងដាក់ឲ្យដំណើរការនៅពាក់កណ្តាលខែតុលា ខាងមុខនេះ។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ចំនួនបុគ្គលិកនេះមិនទាន់អាចឆ្លើយតបនឹងតម្រូវការរបស់ក្រុមហ៊ុនបាននៅឡើយទេ ពោលគឺក្រុមហ៊ុនត្រូវការបុគ្គលិកប្រមាណ៣៥០នាក់សម្រាប់ការដាក់ឲ្យដំណើរការនេះ ដែលកត្តានេះតម្រូវក្រុមហ៊ុនត្រូវជ្រើសរើសបុគ្គលិកពីខាងក្រៅបន្ថែម ដើម្បីបំពេញតម្រូវ។ ការផ្លាស់ប្តូរបុគ្គលិកពីអាកាសយានដ្ឋានអន្តរជាតិចាស់ទៅអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានធ្វើឡើងក្រោមគោលការណ៍ស្ម័គ្រចិត្ត។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា។

ជុំវិញបញ្ហានេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាយល់ឃើញថា ការដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនៅអំឡុងខែតុលា ខាងមុខ វាជារឿងដ៏ល្អមួយសម្រាប់កម្ពុជា ដែលនឹងមានព្រលានយន្តហោះ ដែលមានសមត្ថភាពអាចឲ្យយន្តហោះធុនធំអន្តរទ្វីបចុះចតបាន។ ប៉ុន្តែសម្រាប់អ្នកជំនាញរូបនេះ បើទោះបីកម្ពុជាមានអាកាសយានដ្ឋាននិងតំបន់ទេសចរណ៍ល្អក៏ពិតមែន តែមិនប្រាកដថាអាចទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ និងភ្ញៀវទេសចរអន្តរជាតិនៅតាមប្រទេសធំៗឲ្យចូលមកកម្ពុជានោះដែរ។ ត្រង់ចំណុចនេះលោកស្នើឲ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធគួរសិក្សាពីគោលនយោបាយឲ្យបានស៊ីជម្រៅបន្ថែមទៀតក្នុងការទាក់ទាញភ្ញៀវទេសចរ និងក្រុមហ៊ុនអាកាសចរណ៍ឲ្យហោះហើរចូលមកកម្ពុជាដោយផ្ទាល់ ដោយមិនចាំបាច់ពឹងផ្អែកលើប្រទេសជិតខាង។ សម្រាប់អ្នកជំនាញរូបនេះ ក្រុមហ៊ុនប្រតិបត្តិករតែមួយមុខគឺមិនគ្រប់គ្រាន់នោះទេក្នុងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ ក៏ដូចភ្ញៀវទេសចរអន្តរជាតិឲ្យចូលកមកម្ពុជា ពោលគឺទាមទារឲ្យមានការចូលរួមដាក់ចេញនូវគោលនយោបាយពីរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធនានា។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជារូបនេះបានចាត់ទុកកាលៈទេសៈបច្ចុប្បន្ន ដែលសេដ្ឋកិច្ចពិភពលោក ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ វាគឺជារឿងពិបាកមួយក្នុងការវាយតម្លៃពីភាពរីកចម្រើននៃវិស័យទេសចរណ៍ ព្រោះវិស័យទេសចរណ៍មិនអាចរីកចម្រើនបាននោះទេ ប្រសិនបើសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗមិនសូវល្អប្រសើរ។ ជាក់ស្តែងបច្ចុប្បន្នទាំងសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចកម្ពុជាសុទ្ធតែរងនូវសម្ពាធពីការកើនឡើងអតិផរណាសកល ការអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាជម្លោះពាណិជ្ចកម្មរវាងប្រទេសមហាអំណាចធំៗជាដើម។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អាកាសយានដ្ឋានអន្តរជាតិនេះសាងសង់ក្រោមទម្រង់វិនិយោគ«សាងសង់-អាជីវកម្ម-ផ្ទេរ/BOT» ដែលជាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងស្រុងលើផ្ទៃដី៧០០ហិកតា និងមានដីបម្រុងទុក១ពាន់ហិកតាសម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស/តំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចហៅថា«ទីក្រុងអាកាសយានដ្ឋាន/Airport City» នាពេលខាងមុខ។
តាមការវាយតម្លៃដំបូងកាលពីឆ្នាំ២០១៩ ព្រលានយន្តហោះនេះគ្រោងចំណាយប្រមាណ៨៨០លានដុល្លារអាមេរិក ប៉ុន្តែតម្រូវការទុនវិនិយោគនេះបានកើនឡើងដល់១ពាន់១រយលានដុល្លារអាមេរិកនៅឆ្នាំ២០២២។ ក្រោយបញ្ចប់ការសាងសង់ដំណាក់កាលទី១ ព្រលានយន្តហោះដែលមានឈ្មោះផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មានសមត្ថភាពអាចឲ្យយន្តហោះធុនធំ ដែលប្រើប្រាស់កូដអ៊ី ដូចជា A-340-300, A-350-900 និង B777 និង B747 ចុះចតបាន។ ព្រលានយន្តហោះនេះមានចំណតយន្តហោះចំនួន៣៨យន្តហោះ ដែលអាចទទួលអ្នកដំណើរបានពី៧លាននាក់ទៅជាង១០លាននាក់ និងអាចទទួលជើងហោះហើរពីជិត៦ម៉ឺនជើងទៅជាង៨ម៉ឺនជើង និងទំនិញពី១ម៉ឺនតោនក្នុង១ឆ្នាំទៅ៣ម៉ឺនតោនក្នុង១ឆ្នាំនៅត្រឹមឆ្នាំ២០៤០៕




អត្ថបទបន្ទាប់


សមាគមម្រេចកំពតរំពឹងអាចនាំចេញម្រេចបាន១០០តោននៅឆ្នាំនេះ ក្រោយមើលឃើញពីកំណើនបញ្ជាទិញ

ប្រធានសមាគមម្រេចកំពតបានអះអាងថា នៅឆមាសទី១ឆ្នាំ២០២៣នេះ ការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជិត២៤តោន ដែលបរិមាណនាំចេញនេះមិ…

អាហ្រ្វិកខាងត្បូងបញ្ជាក់ច្បាស់ថា លោក ពូទីន នឹងមិនមកចូលរួមកិច្ចប្រជុំកំពូលBRICSផ្ទាល់ឡើយ

អាហ្រ្វិកខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន នឹងមិនមកចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេស BRICS នៅខែសីហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ