លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិននៅក្នុងសន្និសីទកាសែតដែលបានរៀបចំកាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០២៣ បានវាយតម្លៃខ្ពស់ចំពោះការដាក់ឲ្យដំណើរការសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសតាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដែលបានកសាងក្រោមទឹកប្រាក់វិនិយោគដែលមានតម្លៃដល់ទៅ ១ ១០០ លានដុល្លារអាមេរិក។
ឆ្លើយតបនឹងសំនួររបស់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ថា ការដាក់ឲ្យដំណើរការនូវការដឹកជញ្ជូនតាមផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ គឺជាដំណឹងល្អ ។
លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ “ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីគឺជាគម្រោងដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរវាងចិននិងកម្ពុជា ហើយក៏ជាអាកាសយានដ្ឋានអន្តរជាតិដំបូងគេដែលត្រូវបានវិនិយោគ សាងសង់ និងដំណើរការដោយក្រុមហ៊ុនចិន”។
នាឱកាសសន្និសីទកាសែតក្នុងទីក្រុងប៉េកាំងនោះដែរ លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានមានប្រសាសន៍ថា អាកាសយានដ្ឋាននេះ នឹងជួយតភ្ជាប់ផ្លូវអាកាសអន្តរជាតិ នាំភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគកាន់តែច្រើន ព្រមទាំងសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការដាក់ឲ្យប្រើប្រាស់អាកាសយានដ្ឋានថ្មីនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់លើកស្ទួយវិស័យទេសចរណ៍របស់កម្ពុជានៅក្រោយវិបត្តិកូវីដ១៩។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសង្កត់ធ្ងន់ទៀតថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ក៏ជាសមទ្ធិផលមួយដ៏អស្ចារ្យក្រោមការដឹកនាំ និងឯកភាពគ្នារបស់សម្តេចតេជោហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនពីង ផងដែរ ដ្បិតវា ស្ថិតនៅក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ របស់ចិន ដែលគំនិតផ្ដួចផ្ដើមនេះ បាននិងកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ ជាពិសេស បានធ្វើឱ្យមានកិច្ចសហការ លើវិស័យសំខាន់ៗ ដែលជាប្រយោជន៍ដល់ការកែលម្អនៃការ អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ រួមមានទាំងការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ការវិនិយោគ និងវិស័យកសិកម្ម។
ជុំវិញគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនេះ លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានមានប្រសាសន៍ដែរថា វេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលកំពុងតែដំណើរការរៀបចំនៅទីក្រុងប៉េកាំងនឹងអាចជួយត្រួសត្រាយផ្លូវដើម្បីជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ។
អ្នកនាំពាក្យក្រសួងការបរទេសចិនដដែលនេះ បានបញ្ជាក់ថា “ យើងមានហេតុផលគ្រប់គ្រាន់នៅក្នុងការជឿជាក់ និងរំពឹងថា វេទិកានេះនឹងគូសប្លង់មេថ្មីសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលនឹងផ្តល់កម្លាំងចលកររុញច្រានថ្មីបន្ថែមទៀត សម្រាប់ការអភិវឌ្ឍន៍ជាសកល” ។
គិតមកដល់ថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គឺបាននឹងកំពុងតែស្ថិតនៅក្នុងដំណើរការនៃការចូលរួមពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ កាលពីថ្ងៃទី ១៧ ខែ តុលា កន្លងទៅ កម្ពុជានិងចិនបានចុះហត្ថលេខាលើឯកសាររហូតដល់ទៅ ៨ ដែលឯកសារទាំងនោះ គឺសុទ្ធតែមានផលប្រយោជន៍និងបម្រើដល់ការអភិវឌ្ឍរបស់ប្រជាជាតិទាំងពីរ ។
អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងទាំងនោះរួមមាន៖ ទី១ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួមគ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគកម្ពុជា-ចិន។ ទី២ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតយន្តការការងារសម្រាប់ការអនុវត្តគម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីរួមគ្នា កសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។ ទី៣ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគលើការអភិវឌ្ឍបៃតងនិងកាបូនទាប។ ទី៤ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ហិរញ្ញប្បទានលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទដំណាក់កាលទី៨។ ទី៥ លិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។ ទី៦កំណត់ហេតុនៃកិច្ចប្រជុំស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនៅលើទីតាំងរបស់គម្រោងផ្លូវជនបទជំហាន៣នៅកម្ពុជាក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។ ទី៧ អនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតយន្តការកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើងកម្ពុជា-ចិន ។ និងទី៨ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរួមគា្នក្នុងការសាងសង់សួនឧស្សាហកម្មចិន-កម្ពុជា ។
គួរបញ្ជាក់ថា នៅក្រោយពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីបើកដំណើរការ មានជើងហោះហើរពាណិជ្ជកម្មប្រមាណជា ១៧ជើង បានចុះចតដោយសុវត្ថិភាព ។
តាមការគម្រោងទុក អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ នឹងដាក់សម្ពោធឲ្យប្រើប្រាស់ផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតីធិបតី ហ៊ុន ម៉ាណែត និង ថ្នាក់ដឹកនាំកំពូលរបស់ចិនផងដែរ ។
អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០.០០០តោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦.០០០ តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ហើយអាចទទួលជើងហោះហើរបានពី ៦៥.៨០០ជើងក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ ទៅ ១១២.៧០០ ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd ដែលជាការវិនិយោគ ក្រោមគម្រោង BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ៕