តាមរបាយការណ៍ប្រចាំត្រីមាសទី១ របស់កំពង់ផែស្វយ័តព្រះសីហនុ បានបង្ហាញថា នៅត្រីមាសទី១ឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តព្រះសីហនុសម្រេចបានប្រាក់ចំណូលសរុបជាង ៧៧ពាន់លានរៀល ឬស្មើនឹងប្រមាណជិត ២០លានដុល្លារអាមេរិក កើនឡើងជាង១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈប្រាក់ចំណេញសុទ្ធវិញបានហក់ឡើងដល់ទៅប្រមាណជិត ៦៦ពាន់លានរៀល មានការកើនឡើងប្រមាណ ១០០%ឯណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុ។ តាមការបញ្ជាក់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ការកើនឡើងនៃចំណូលនេះដែរ ដោយសារតែមានការចំណេញពីទ្រព្យសកម្ម ដែលចាត់ថ្នាក់ជាទ្រព្យសំរាប់លក់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាដីចំនួន០១ កន្លែង ដែលស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើចំណេញប្រតិបត្តិការ និងចំណេញសុទ្ធក្រោយបង់ពន្ធមានការកើនឡើងបើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។ ទោះយ៉ាងណា របាយការណ៍ក៏បានគូសបញ្ជាក់ថា បរិមាណទំនិញ និងបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានការថយចុះដែរនៅត្រីមាសទី១ឆ្នាំនេះ។
បើតាមឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា បច្ចុប្បន្នសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះហនុ មានក្រុមហ៊ុនដឹកជញ្ជូនចំនួន១២ និងកប៉ាល់ចំនួន១៦គ្រឿងក្នុងមួយសប្ដាហ៍ ដែលបានចូលដឹកទំនិញចេញចូលទៀតទាត់។ ទោះយ៉ាងណា សមត្ថភាពកំពង់ផែបច្ចុប្បន្ននេះ គឺអាចឲ្យកប៉ាល់តែប្រហែល១៨% ប៉ុណ្ណោះ នៃចំនួនកប៉ាល់សរុបនៅក្នុងតំបន់អាចចូលចតបាន។ ដូច្នេះ ហើយទើបរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអភិវឌ្ឍសមត្ថភាពកំពង់ផែនេះ ដើម្បីអាចឲ្យកប៉ាល់ធំៗអាចចូលចតបាន ហើយវានឹងធ្វើឲ្យតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រកាន់តែថយចុះថែមទៀត។
សូមជម្រាបថា តាមរយៈរបាយការណ៍ពីកំពង់ស្វយ័តក្រុងព្រះសីហនុ ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅរយៈពេល ៥ឆ្នាំចុងក្រោយនេះមានកំណើនជាង ១០% ហើយបើគិតក្នុងឆ្នាំ២០២២ កំណើនទូរកុងតឺន័រឆ្លងកាត់កំពង់ផែនេះ មានជាង ២,៤%។ ក្នុងនោះ ការនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិកមានច្រើនជាងគេបំផុត បន្ទាប់មកគឺសហភាពអឺរ៉ុប ប្រទេសចិន និងបណ្ដាប្រទេស និងដែនដីផ្សេងៗទៀត៕