កាលពីឆ្នាំ២០១៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានដែលមានទឹកប្រាក់ប្រមាណជាង ៥១លានដុល្លារ កើនឡើងលើសពីឆ្នាំ២០១៥ ដែលមានចំណូលប្រមាណជាង៤៩លានដុល្លារអាមេរិក។
សព្វថ្ងៃ កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងសិក្សានូវគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី ជំហានទី១ នៃគម្រោងផែនការអនាគត ដែលមានជម្រៅទឹកជាង ១៤ម៉ែត្រ និងអាចអនុញ្ញាតឲ្យនាវាកប៉ាល់ ប្រមាណ៩៣ ភាគរយ នៃនាវាដឹកជញ្ជូន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចូលចតបានយ៉ាងស្រួល។
ឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ។ ទំនិញឆ្លងកាត់កំពង់ផែនេះក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០១៧នេះ បានកើនឡើង៧ភាគរយ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកាសធ្វើការស្ទាបស្ទង់ថ្លៃភាគហ៊ុនជាសាធារណៈជាលើកដំបូង
បច្ចុប្បន្ន កំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកាសធ្វើការស្ទាបស្ទង់ថ្លៃភាគហ៊ុនជាសាធារណៈជាលើកដំបូង ដើម្បីកំណត់តម្លៃភាគហ៊ុនសម្រាប់ចាប់ផ្ដើមការបោះផ្សាយមូលបត្រលក់ជាសាធារណៈលើកដំបូង (IPO) នៅផ្សារមូលបត្រកម្ពុជា។
កំពង់ផែនឹងធ្វើការបោះផ្សាយមូលបត្រចំនួន២៥ភាគរយ ដែលមានភាគហ៊ុនសរុប ជាង ២១លានហ៊ុន ដោយនឹងដាក់លក់ក្នុងមួយឯកតាមូលបត្រថ្លៃចន្លោះពី ៣ពាន់ ៥២០រៀល ទៅ ៥ពាន់១៨០ រៀលក្នុងមួយហ៊ុន។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានឲ្យដឹងថា នេះជាវត្តមានដ៏ល្អសម្រាប់ទីផ្សារមូលបត្រ ស្របទៅនឹងការជំរុញរបស់រាជរដ្ឋាភិបាលតាមរយៈការតម្រូវឲ្យក្រុមហ៊ុនសហគ្រាសរដ្ឋមួយចំនួនចូលទៅក្នុងទីផ្សារ ដែលនេះគឺជាសហគ្រាសទី៣របស់រដ្ឋ បញ្ជាក់អំពីការបន្ថែមទំងន់មួយទៅក្នុងទីផ្សារ និងបង្កើនទំនុកចិត្តទៅសាធារណជន។
បើមិនមានការប្រែប្រួលទេកំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងធ្វើការប្រកាសថ្លៃភាគហ៊ុននៅថ្ងៃទី២ ឧសភា ហើយក៏នឹងធ្វើការចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជានៅថ្ងៃទី៣១ ខែឧសភា ឆ្នាំនេះដែរ។
នៅក្នុងកម្មវិធី រ៉ូដសូ ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ ឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នេះវាមិនមែនជាការងាយស្រួលនោះឡើយ ខណៈកំពង់ផែស្វយ័តទឹកជ្រៅមួយនេះ ត្រូវបានចំណាយពេលរៀបចំខ្លួនចូលទៅក្នុងទីផ្សារភាគហ៊ុនកម្ពុជាអស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ ដោយបានឆ្លងកាត់ឧបសគ្គជាច្រើនលើកច្រើនសា។
សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានពន្យារពេលជាច្រើនលើកច្រើនសារួចមកហើយថា នឹងធ្វើការចុះបញ្ជីកំពង់ផែចូលទៅក្នុងទីផ្សារមូលបត្រកម្ពុជា នៅខែក្រោយ នៅដើមឆ្នាំក្រោយ ឬក៏ចុងឆ្នាំជាដើម ដោយសារជាប់ដោះស្រាយបញ្ហាមួយចំនួន និងការរៀបចំបញ្ជីសារពើពន្ធ។
រហូតមកដល់ពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនបួនតែប៉ុណ្ណោះដែលបានចុះបញ្ជី និងកំពុងជួញដូរភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា រួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រុមហ៊ុនកាត់ដេរហ្គ្រេនធ្វីន អិនធើណេសិនណល កំពង់ផែស្វយ័តក្រុងភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ៕