ជំនួយ​អាមេរិក

អ្នកណា​ខ្លះ​ដែល​ព្រួយ​ពី​រឿង​អាមេរិក​ផ្តាច់​ជំនួយ?


ជា​ការ​ពិត ជំនួយ ទោះផ្តល់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្តី តិច​ឬ​ច្រើន ក៏​ជា​ការ​ផ្តល់​សម្រាប់​គោលដៅ​ដើម្បី​ជួយ​ជា​ប្រយោជន៍​អ្វី​មួយ​ដែរ។ តួយ៉ាង​អាមេរិក ដែល​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៣ មក រាប់​​សិប​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ យ៉ាង​ហោច​ក៏​បាន​ជួយ​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ​មួយ​នេះ​មិន​តិច​ទេ ប៉ុន្តែ ឥឡូវនេះ ស្រាប់តែ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាស​ពី​ផែនការ​កាត់​ជំនួយ​ពី​កម្ពុជា ដល់​កម្រិត​សូន្យ ក្នុង​ឆ្នាំ​២០១៨។
លោក William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​កម្ពុជា។ រូបថត៖ ហេង ភារម្យ
ដោយ

បើ​អ៊ីចឹង តើ​អ្នក​ណាខ្លះ​ ដែល​រង​ការ​ប៉ះពាល់​ពី​ការ​ផ្តាច់​ជំនួយ​នេះ? រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ឬ​ក៏​អង្គការ​មួយ​ចំនួន ដែល​ទទួល​ជំនួយ​ទាំង​នេះ​ផ្ទាល់ ឬ​ក៏​ប្រជាពលរដ្ឋ​ខ្មែរ?

គ្រាន់​តែ​លេច​ព័ត៌មាន​នេះ​ភ្លាម អ្នក​ដែល​មាន​រំញោច​មុន​គេ គឺ​ក្រុម​អង្គការ​សង្គមស៊ីវិល ដោយឡែក​ខាង​អាជ្ញាធរ​រដ្ឋាភិបាល​ហាក់​មិន​ភ្ញាក់ផ្អើល​នោះ​ទេ ខណៈ​មន្ត្រី​គណបក្ស​កាន់​អំណាច CPP អះអាង ជំនួយ​អាមេរិក​កន្លង​មក មិន​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ប្រទេស​ដោយ​ផ្ទាល់​នោះ​ទេ។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស ប្រជាជនកម្ពុជា (CPP) ប្រាប់​ប្រព័ន្ធ​ផ្សាយ​ក្នុង​ស្រុក​ថា ជំនួយ​ដែល​អាមេរិក​ផ្ដល់​ឲ្យ​កម្ពុជា​កន្លង​មក មិនពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ប្រទេស ដោយ​ផ្ទាល់​នោះ​ទេ ហើយ​ថា ការ​កាត់​ផ្ដាច់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នេះ ក៏​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែរ។

ប៉ុន្តែ មុន​ប្រតិកម្ម​របស់​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច មន្ត្រី​សង្គម​ស៊ីវិល លោក សន ជ័យ ប្រធាន​អង្គការ គណនេយ្យភាព​សង្គម ក៏​បាន​សរសេរ​លើ​គណនេយ្យ​ហ្វេសប៊ុក​លោក​ថា ការ​ដែល ​អាមេរិក​ផ្តាច់​ជំនួយ​ពី​កម្ពុជា ទោះ​តិច​ឬ​ច្រើន​ក្តី វា​ជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត​ទៅ​វិញ។

តាម​ឯកសារ​ចំនួន​១៥​ទំព័រ ស្ដីពី​ថវិកា​របស់​ក្រសួង​ការ​បរទេស​អាមេរិក ដែល​ចេញ​ផ្សាយ​លើ​គេហទំព័រ «គោល​នយោបាយ​ការ​បរទេស» កាល​ពី​ថ្ងៃ​ទី​២៤ មេសា ឆ្នាំ​២០១៧ បង្ហាញ​ថា ជំនួយ​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​កម្ពុជា នឹង​បន្ថយ​ដល់​កម្រិត​សូន្យ នៅក្នុង​ឆ្នាំ​២០១៨ មាន​ន័យ​ថា ធ្លាក់​ចុះ​​ពី​​ការ​​ចំណាយ​​ពិត​ប្រាកដ ក្នុង​ឆ្នាំ​២០១៦ ចំនួន ៣៤,៥​លាន​ដុល្លារ។

ជាមួយ​គ្នា​នេះ មូលនិធិ​សម្រាប់​គាំទ្រ​សេដ្ឋកិច្ច ក៏​ស្ថិត​ក្នុង​គម្រោង​កាត់​ទាំង​ស្រុង​នៃ​ថវិកា ៨​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៦ ស្រដៀង​គ្នា​ដែរ បើ​ទោះ​ជា​បច្ចុប្បន្ន​ជំនួយ​ទាំង​នេះ នៅ​មិន​ទាន់​ដក​ហូត​ក៏​ដោយ។ 

ក្រៅពីនេះ កម្មវិធី​ថែទាំ​សុខភាព ដែល​ផ្តល់​ដោយ​ក្រសួង​ការ​បរទេស​អាមេរិក ជាមួយ​និង​ភ្នាក់ងារ​អភិវឌ្ឍន៍ USAID ក៏អាច​នឹង​កាត់​បន្ថយ​ពី​ចំនួន ១៨ ទៅ ៣៧%។ សរុបទៅ ជំនួយ​របស់​អាមេរិក​ដែល​ផ្តល់​ឲ្យ​កម្ពុជា​ជិត ៦០% អាច​នឹង​ត្រូវ​កាត់​បន្ថយ នៅ​ក្នុង​ឆ្នាំ​២០១៨ នេះ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ គឺ​ថា បន្ថយ​ពី ៧៧,៤​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ មក​នៅ​ត្រឹម ២២,៩​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨។ 

ប៉ុន្តែ គម្រោង​កាត់​ផ្តាច់​ជំនួយ​របស់​អាមេរិក​នេះ មិនមែន​ធ្វើ​ឡើង​សម្រាប់​តែ​កម្ពុជា​មួយ​ទេ គឺ​មាន​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ចំនួន ៧៧​ផ្សេងទៀត ក៏​ត្រូវកាត់​ផ្តាច់​ដល់​ចំណុច​សូន្យ​ដូចគ្នា​ដែរ ក្នុងនេះ មាន​ទាំង​ប្រទេស​អាស៊ាន ដូចជា ឥណ្ឌូនេស៊ី ថៃ ឡាវ និង​ហ្វ៊ីលីពីន ក៏​រង​សម្ពាធ​មួយ​នេះ​ដូចគ្នា។

ក្រសួង​ការ​បរទេស​អាមេរិក បញ្ចេញ​ឯកសារ​កាត់​ផ្តាច់​ជំនួយ​ពី​កម្ពុជា​នេះ គឺ​ធ្វើ​ព្រមគ្នា​នឹង​វត្តមាន​ឧបការីរង​នៃ​ក្រសួង​ការ​បរទេស​អាមេរិក លោក W. Patrick Murphy នៅ​ក្នុង​ប្រទេស​កម្ពុជា។

ជុំវិញ​គម្រោង​កាត់​ជំនួយ​ដល់​កម្ពុជា និង​បណ្តា​ប្រទេស​ជាង​៧០​ទៀត​នេះ ក្រុម​អ្នក​តាមដាន​ពី​ទំនាក់​ទំនង​អន្តរជាតិ​មើល​ឃើញ​ថា ការ​កាត់​ជំនួយ​បែប​នេះ អាច​នឹង​ធ្វើ​ឱ្យ​ឥទ្ធិពល​អាមេរិក​ចុះ​ខ្សោយ​នៅ​ក្នុង​តំបន់​អាស៊ី ដោយឡែក​សម្រាប់​កម្ពុជា វា​អាច​ជា​សញ្ញា​មួយ បើក​ផ្លូវ​ឲ្យ​ប្រទេស​ចិន​កាន់​តែ​ពង្រឹង​បាន​នូវ​ឥទ្ធិពល​របស់​ខ្លួន កាន់​តែ​រឹងមាំ​ថែម​ទៀត។

កុំភ្លេច​ថា ផ្លូវ​ដែល​អាមេរិក​ឲ្យ​ខ្មែរ ប្រើ​បាន​យូរ​រាប់​សិប​ឆ្នាំ រីឯ​ផ្លូវ​ចិន​ឲ្យ គឺ​គុណភាព​អន់​ណាស់ ឬ​ហៅ​ដោយ​ងាយ​ថា ផ្លូវ​ចិន​ឆាប់​ហុយ...
— សន ជ័យ នាយក​អង្គការ គណនេយ្យ​ភាពសង្គម

លោក Paul Chambers សាស្រ្តាចារ្យ​នៅ​ឯ​សាកល​វិទ្យាល័យ Naresuan University ក្នុង​ប្រទេស​ថៃ ត្រូវ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដកស្រង់​ស​ម្តី​ថា វិធី​កាត់​បន្ថយ​ជំនួយ​អភិវឌ្ឍន៍​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ គឺ​កាន់តែ​បង្ហាញ​ពី​ការ​​ចុះ​ខ្សោយ​ឥទ្ធិពល​របស់​មហា​អំណាច​ពិភពលោក​មួយ​នេះ នេះ​បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រទេស​ចិន។ 

លោក​ថ្លែង​ថា៖ «ការ​កាត់​ជំនួយ​អភិវឌ្ឍន៍​ដោយ​មិន​ប្រុង​ប្រយ័ត្ន​របស់​អាមេរិក​ដល់​កម្ពុជា រហូត​ដល់​កម្រិត​សូន្យ​របស់​រដ្ឋបាល​លោក ត្រាំ អាច​នឹង​បង្កើត​ឲ្យ​មាន​ការ​យល់​ឃើញ​ប្រកប​ដោយ​ការ​មិន​ពេញ​ចិត្ត​របស់​កម្ពុជា ចំពោះ​អាមេរិក ហើយ​វា​នឹង​ជំរុញ​ឲ្យ​កម្ពុជា ងាក​ចូល​ទៅ​ក្នុង​ដែន​សេដ្ឋកិច្ច​របស់​ចិន​កាន់​តែ​ខ្លាំង»។ 

ការ​អធិប្បាយ​បែប​នេះ ស្រប​ទៅ​នឹង​ការ​អះអាង​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច ដែល​មិន​អើពើ​ចំពោះ​ព័ត៌មាន​នេះ។ លោក សុខ ឥសាន ថ្លែងថា «មិន​មាន​ប៉ះពាល់​អី​ដល់​សេដ្ឋកិច្ច​ជាតិ​របស់​យើង​ទេ បើ​ប៉ះ ប៉ះ​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​បម្រើ​ការងារ​ផ្សេងៗ ក្នុង​លក្ខណៈ​ជា​សង្គម​ស៊ីវិល​តែ​ប៉ុណ្ណោះ​ទេ"។

លោក សន ជ័យ នាយក​អង្គការ គណនេយ្យភាព​សង្គម។

ទោះយ៉ាងណា លោក សន ជ័យ បាន​មើល​ឃើញ​ថា «រឿង​អាមេរិក​ផ្តាច់​ជំនួយ...គឺ​ជា​រឿង​គួរ​ឲ្យ​បារម្ភ​បំផុត ព្រោះ​ថា ប្រទេស​មហា​អំណាច​មួយ​នេះ គេ​អាច​ផ្តល់​យោបល់ Recommendation ដល់​គ្នីគ្នា​របស់​គេ ជា​ពិសេស ក្រុម​ដែល​យក​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ជា​ធំ នឹង​ថា​គួរ​ឲ្យ​លុយ មក​យើង ឬ​អត់? បើ​គេ​នាំ​គ្នា​ថា អត់​នោះ​ពិត​ជា​ផ្ងារ​ប៉ារ៉េ មិន​ខាន​ទេ!»។ 

លោក សន ជ័យ បន្ថែម​ដែរ​ថា «កុំភ្លេច​ថា ផ្លូវ​ដែល​អាមេរិក​ឲ្យ​ខ្មែរ ប្រើ​បាន​យូរ​រាប់​សិប​ឆ្នាំ រីឯ​ផ្លូវ​ចិន​ឲ្យ គឺ​គុណភាព​អន់​ណាស់ ឬ​ហៅ​ដោយ​ងាយ​ថា ផ្លូវ​ចិន​ឆាប់​ហុយ។ មិន​បាច់​ទៅ​មើល​ឯណា​ឲ្យ​ឆ្ងាយ​នោះ​ទេ មើល​តែ​ផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវ​ពី​ខេត្ត​ក្រចេះ​ទៅ​ស្ទឹងត្រែង ជា​គំរូ​ទៅ​បាន​ហើយ"។ 

ជុំវិញ​ឯកសារ​ស្តីពី​កាត់​ជំនួយ​ពី​កម្ពុជា​នេះ មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា មិន​ទាន់​ធ្វើការ​អត្ថាធិប្បាយ​លម្អិត​ជា​សាធារណៈ​ទេ។

នាយក​ប្រតិបត្តិ​អង្គការ ខាណា លោក ជួប សុខចំរើន ដែល​ទទួល​ជំនួយ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍ ជំងឺ​អេដស៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អង្គការ​ខាណា បាន​ទទួល​ការ​ជូន​ដំណឹង​តាំង​ពី​ខែ​កុម្ភៈ ថា USAID នឹង​មិន​ផ្តល់​មូលនិធិ​ដល់​សកម្មភាព​ណា​ទៀត​ទេ ចាប់​ពី​ឆ្នាំ​២០១៨ ទៅ។ លោកថា ក្នុងនាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក​មាន​អារម្មណ៍​ថា សោកស្តាយ​ណាស់​ចំពោះ​ពី​ការ​ធ្លាក់​ចុះ​ជំនួយ​ពី​ទីភ្នាក់ងារ USAID នេះ ហើយថា ភ្នាក់ងារ USAID បាន​ប្រាប់​ដែរ​ថា ការបែងចែក​មូលនិធិ​ណា​មួយ អាច​នឹង​ត្រូវ​ផ្តល់​ដោយ​ផ្ទាល់​ទៅ​លើ​ជំនួយ​បច្ចេកទេស​សម្រាប់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ជំនួយ​អភិវឌ្ឍន៍​ចម្បងៗ​របស់​អាមេរិក​សម្រាប់​កម្ពុជា ភាគច្រើន​ជា​គម្រោង​ការ​ផ្តល់​អាហារូបត្ថម្ភ ផ្នែក​កសិកម្ម អភិបាលកិច្ច ការដោះមីន និង​គម្រោង​ការពារ​បរិស្ថាន៕




អត្ថបទបន្ទាប់


កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​រំពឹងរក​ចំណូលបាន​ជាង​៥៥​លាន​ដុល្លារ​ក្នុង​ឆ្នាំនេះ

ព័ត៌មាន
កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​ធ្វើការ​ព្យាករណ៍​ឲ្យ​ដឹង​ថា ស្ថាប័ន​រដ្ឋ​ឯករាជ្យ​មួយ​នេះ នឹង​រក​ចំណូល​បាន​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ច…

ការ​បង់​រំលោះ​ប្រចាំ​​ឆ្នាំ២០១៦ មាន​ទឹក​ប្រាក់​ជាង ១៥៥​លាន​ដុល្លារ​អាមេរិក

ព័ត៌មាន
និន្នាការ​នៃ​ការ​ប្រើប្រាស់​សេវា​កម្ម​បង់​រំលោះ​ទំនិញ​ផ្សេងៗ ពិសេស ការ​បង់​រំលោះ​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលន​ទ្រព្យ វិស័យ​កសិកម្ម ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ