តាមរយៈសារជាសំឡេងនៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានបញ្ជាឱ្យបញ្ឈប់ការធ្វើដំណើរតាមផ្លូវទឹកជាបណ្ដោះអាសន្ន ព្រោះបញ្ហាអាកាសធាតុមិនអំណោយផល ពោលគឺមានខ្យល់បោកបក់ខ្លាំងនៅលើផ្ទៃសមុទ្រ។
តាមរយៈសារសំឡេងនេះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានជំរុញដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំង ប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មាននេះឲ្យបានទូលំទូលាយដល់ប្រជានេសាទ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅកាន់លំហរសមុទ្រ។ បើតាមថ្នាក់ដឹកនាំខេត្តព្រះសីហនុរូបនេះ បម្រាមនៃការផ្អាកការធ្វើដំណើរតាមផ្លូវទឹកទាំងអស់នេះ ត្រូវអនុវត្តចាប់ពីពេលជូនដំណឹងនេះ រហូតដល់ស្ថានភាពអាកាសធាតុមានលក្ខណៈល្អប្រសើរឡើងវិញ។
សូមបញ្ជាក់ថា យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ វិច្ឆិកា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន បង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងមានខ្យល់បក់ និងអាកាសធាតុចុះត្រជាក់ ជាពិសេសនៅតំបន់មាត់សមុទ្រ នឹងមានខ្យល់បក់បោកនៅលើផ្ទៃសមុទ្រ និងរលកសមុទ្រ ដែលទាមទារឲ្យប្រជានេសាទ ភ្ញៀវទេសចរ ឬប្រជាពលរដ្ឋដែលធ្វើដំណើរតាមមធ្យាបាយផ្លូវទឹកមានការប្រុងប្រយ័ត្នខ្ពស់៕