សន្ទស្សន៍តម្លាភាពអចលនទ្រព្យពិភពលោកប្រចាំឆ្នាំ២០២៤ ចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាអំពីអចលនទ្រព្យ JLL កាលពីសប្ដាហ៍មុនបានបង្ហាញថា ប្រទេសសិង្ហបុរី បានជាប់ចំណាត់ថ្នាក់ទី២ នៅក្នុងតំបន់អាស៊ី និងជាប់ចំណាត់ថ្នាក់ទី១៣ នៅទូទាំងពិភពលោក សម្រាប់តម្លាភាពទីផ្សារអចលនទ្រព្យ។ ការវាយតម្លៃពីតម្លាភាពទីផ្សារនេះត្រូវបានធ្វើឡើងក្នុងចំណោមប្រទេសចំនួន៨៩ និងក្រុងចំនួន១៥១ ហើយនេះក៏ជាលើកដំបូងផងដែរ ដែលប្រទេសនេះត្រូវបានវាយតម្លៃខ្ពស់បែបនេះ។
ការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយផ្អែកលើកត្តាចំនួន៦ រួមមាន ការអនុវត្តគោលនយោបាយបទប្បញ្ញត្តិ និងច្បាប់មូលដ្ឋានទីផ្សារ ដំណើរការប្រតិបត្តិការអភិបាលកិច្ចសាជីវកម្ម និងការប្រឹងប្រែងធ្វើអាជីវកម្មប្រកបដោយចីរភាព។
ការទទួលបានចំណាត់ថ្នាក់ដល់កម្រិតខ្ពស់បំផុតរបស់ប្រទេសសិង្ហបុរី នៅឆ្នាំនេះ គឺដោយសារប្រទេសនេះ មានការប្តេជ្ញាចិត្តរក្សានិរន្តរភាព និងការប្រឹងប្រែងដើម្បីលើកកម្ពស់បច្ចេកវិទ្យា និងសេវាកម្មឌីជីថល។ សន្ទស្សន៍នេះ ក៏បានបង្ហាញដែរថា នៅទូទាំងពិភពលោក ចក្រភពអង់គ្លេស បានជាប់ចំណាត់ថ្នាក់មានទីផ្សារអចលនទ្រព្យមានតម្លាភាពបំផុតនៅឆ្នាំនេះ ចំណាត់ថ្នាក់ទីពីរបានទៅលើប្រទេសបារាំង ហើយទី៣ បានទៅលើសហសរដ្ឋអាម៉េរិក៕
អត្ថបទ៖ សុខ មង្គល