អាជ្ញាធរទីផ្សារថាមពលរបស់ប្រទេសសិង្ហបុរី (EMA) បានចាប់ផ្តើមសំណើ (RFPs) សម្រាប់គម្រោងនាំចូលអគ្គិសនីពីក្នុងតំបន់នេះ។ នេះបើតាមលោក តាន់ ស៊ី ឡេង (Tan See Leng) រដ្ឋមន្ត្រីក្រសួងការងារ និងជារដ្ឋមន្ត្រីទី២សម្រាប់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី បាននិយាយនៅសន្និសីទស្ដីពី សប្តាហ៍ថាមពលសិង្ហបុរីអន្តរជាតិ។
លោក តាន់ បាននិយាយថា តាំងពីចាប់ផ្ដើមគម្រោងនោះមកទល់នឹងពេលនេះ អាជ្ញាធរទីផ្សារថាមពលនេះ បានទទួលសំណើជាង ២០ មកពីប្រទេសអូស្ត្រាលី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី និងប្រទេសថៃ។
ថាមពលអគ្គិសនីប្រហែល ៩៥% របស់ប្រទេសសិង្ហបុរីត្រូវបានបង្កើតចេញពីឧស្ម័នធម្មជាតិបើ ទោះបីជាប្រទេសនេះគ្រោងនឹងបង្កើនប្រភពថាមពលកកើតឡើងវិញយ៉ាងណាក៏ដោយ។
លោក តាន់ បាននិយាយថា នៅពេលដែលប្រទេសសិង្ហបុរីធ្វើអន្តរកាលផ្លាស់ប្តូរឆ្ពោះទៅរកនិរន្តរភាពឱ្យបានកាន់តែខ្លាំងឡើងនោះ វានឹងមានឱកាសរីកចម្រើនថ្មីនៅក្នុងផ្នែកនៃថាមពលពន្លឺព្រះអាទិត្យ ប្រព័ន្ធផ្ទុកថាមពល (ESS) និងប្រព័ន្ធអគ្គិសនីដ៏ឆ្លាតវៃ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលថាមពល ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជាក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថាមពលផងដែរ។
លោក តាន់ បាននិយាយថា ភាពជាដៃគូបែបនេះនឹងជួយសម្រួលដល់វិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដូចជាការអភិវឌ្ឍ និងការផ្តល់ហិរញ្ញវត្ថុដល់គម្រោងថាមពលកកើតឡើងវិញ ការអភិវឌ្ឍបណ្តាញថាមពលក្នុងតំបន់ និងបណ្តាញតភ្ជាប់បណ្តាញឆ្លងព្រំដែនសម្រាប់អគ្គិសនីរវាងប្រទេសទាំងពីរនេះ។
នៅឆ្នាំនេះប្រទេសសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះមួយចំនួនជាមួយប្រទេសអូស្ត្រាលី ប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសប្រ៊ុយណេផងដែរ៕
អត្ថបទ៖ សុខ ជា