កូវីដ-១៩ នៅថៃ - ផែនការវ៉ាក់សាំង

មហាសេដ្ឋីគ្រាក់ៗនៅថៃ ស្ម័គ្រចិត្តចូលរួមជួយរដ្ឋាភិបាលក្នុងផែនការចាក់វ៉ាក់សាំងទូទាំងប្រទេសពីខែមិថុនាទៅ


នៅចំពេលដែលប្រទេសថៃ​កំពុង​មានការ​ឆ្លង​ជំងឺកូវីដ-១៩កើនឡើងខ្លាំង ក្រុមមហាសេដ្ឋីគ្រាក់ៗ​នៅក្នុង​ប្រទេសនេះ បានស្ម័គ្រចិត្ត​ចូលរួម​ជាមួយរដ្ឋាភិបាល​នៅក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំងឲ្យ​ប្រជាជន​ថៃទូទាំងប្រទេស ចាប់ពីខែមិថុនា ឆ្នាំ២០២១​ខាង​មុខ​នេះទៅ ។ នេះបើ​តាម​ការផ្សាយ​របស់សារព័ត៌មាន ប៊្លូមប៊ើក ។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា លើក​បង្ហាញវ៉ាក់សាំង ។ រូបថតឯកសារ ស៊ិនហួ
ដោយ

ថ្មីៗនេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានជួបជាមួយតំណាង​សភាពាណិជ្ជកម្មថៃ សមាគម​ធនាគារថៃ និងក្រុមប្រឹក្សា​ទេសចរណ៍ថៃ និងបាន​កំណត់ពីតួនាទីជាក់លាក់​ដែលវិស័យ​ឯកជន នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដែលគ្រោងនឹង​ចាក់​ឲ្យ​ប្រជាជន​ឲ្យបាន ៧០% ក្នុង​ចំណោម​ប្រជាជនសរុប នៅត្រឹម​ដំណាច់ឆ្នាំនេះ ។ 

ក្រុមហ៊ុន CP Group របស់​មហាសេដ្ឋីដ៏ល្បីល្បាញបំផុតមួយរូបនៅប្រទេសថៃ គឺលោក ថានិន ជរ៉ាវ៉ានុន្ទ និង VGI ស្ថិតក្នុងចំណោមក្រុមហ៊ុនធំៗ ដែលបាន​យល់ព្រម​ចូលរួមនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងនេះ ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាល ។

ម្ចាស់ផ្សារទំនើប អគារអចលនទ្រព្យ និង​ឧទ្យានឧស្សាហកម្មធំៗ នឹងជួយផ្ដល់​ទីតាំងសម្រាប់ធ្វើជាជំរំចាក់វ៉ាក់សាំង នៅពេលដែលប្រទេសថៃទទួលបានវ៉ាក់សាំងច្រើនថែមទៀតចាប់ពីខែមិថុនាទៅ ចំណែក​ឯ​ក្រុមហ៊ុនផ្សេងៗទៀត នឹងជួយ​ក្នុងកិច្ចការចែកចាយ​និងឡូជីស្ទិក ការប្រាស្រ័យទាក់ទងជាមួយសាធារណជន និង​ការធ្វើលទ្ធកម្មទិញ​វ៉ាក់សាំង​ឲ្យបានច្រើនដូស​ថែមទៀត ។ 

ប្រធានសភាពាណិជ្ជកម្មថៃ បានសម្ដែងសុទិដ្ឋិនិយមថា ជាមួយនឹងផែនការចាក់វ៉ាក់សាំងនេះ គេសង្ឃឹមថា ប្រទេសថៃអាចបើកឡើងវិញនៅឆ្នាំក្រោយ ដើម្បីស្ដារសេដ្ឋកិច្ច​ទៅរកភាពធម្មតាវិញ ។ បើតាមការ​ផ្សាយកន្លងមក រដ្ឋាភិបាលថៃមានផែនការ​បើក​តំបន់ទេសចរណ៍កោះភូកេត ឡើងវិញ ដើម្បីទទួល​ភ្ញៀវទេសចរណ៍ដែលចាក់វ៉ាក់សាំងរួច ឲ្យចូលមកទស្សនាកម្សាន្ត ចាប់ពីខែកក្កដាខាងមុខនេះហើយ ។ 

ប្រទេសថៃហាក់មានការយឺតយ៉ាវនៅឡើយ​ក្នុងការចាក់វ៉ាក់សាំងឲ្យប្រជាជន​ដើម្បី​ទប់ការរាលដាលនៃជំងឺកូវីដ-១៩ ដោយគិតមកដល់ពេលនេះ វ៉ាក់សាំងទើបតែ ១,៣លានដូស​ប៉ុណ្ណោះ ដែលបាន​ចាក់​ឲ្យ​ប្រជាជនរួចរាល់ ដែល​ស្មើនឹង ១% នៃ​ប្រជាជន​សរុប ។ បច្ចុប្បន្ន រដ្ឋាភិបាលថៃកំពុងចរចា​ទិញ​វ៉ាក់សាំងបន្ថែម ដើម្បី​ឲ្យ​បាន​ដល់ ១០០លានដូស នៅត្រឹមឆ្នាំនេះ ។ 

លោក ប្រាយុទ្ធ បានថ្លែងការពារការយឺតយ៉ាវនៃការចាក់វ៉ាក់សាំង ដោយនិយាយថា ក្នុងឆមាសទីមួយនៃឆ្នាំ២០២១នេះ គឺពុំមានវ៉ាក់សាំងគ្រប់គ្រាន់ទេ ។ លោកនាយករដ្ឋមន្ត្រីថៃបាននិយាយ​ផងដែរថា ឥឡូវនេះ រដ្ឋាភិបាលថៃកំពុងធ្វើការជាមួយវិស័យ​ឯកជន​ដើម្បីនាំចូលវ៉ាក់សាំង​បន្ថែមទៀត ហើយ​កិច្ច​ប្រឹងប្រែង​រួមគ្នា​សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹង​អាច​ឲ្យ​ប្រទេស​ថៃ​បើកឡើងវិញពេញលេញ នៅដើមឆ្នាំក្រោយ ៕ 

(ប្រភព ៖ សារព័ត៌មាន ប៊្លូមប៊ើក) 

ទស្សនាវីដេអូព័ត៌មានទាក់ទងនឹងថៃ ៖




អត្ថបទបន្ទាប់


ស្មាតហ្វូនកាមេរ៉ាធំបំផុតរបស់ realme បានមកដល់ហើយ! realme 8 Pro បានចេញលក់នៅក្នុងទីផ្សារកម្ពុជា តម្លៃត្រឹមតែ 369 ដុល្លារ តែប៉ុណ្ណោះ

ព័ត៌មាន
- realme 8 Pro បានចេញជាផ្លូវការដោយបំពាក់កាមេរ៉ាទំហំ 108 មេហ្គាភិចស៊ែល ជាមួយនឹង បច្ចេកវិទ្យាសាកថ្មលឿន 50W SuperDart, អេក្រង់ Super …

ADB ព្យាករសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីនឹងកើន ៧,៣%

ព័ត៌មាន
វិបត្តិនៃការរីករាលឆ្លងជំងឺកូវីដ១៩ជាសកលកាលពីឆ្នាំ២០២០កន្លងទៅនេះ វាបានរុញច្រានកំណើនសេដ្ឋកិច្ចពិភពលោកឲ្យដាំក្បាលចុះយ៉ាងខ្លាំងដល់ទៅ ០,២%។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ