លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា នៅចុងឆ្នាំ២០២៣ នេះនឹងមានក្រុមហ៊ុនមកពីប្រទេសសិង្ហបុរីមួយ នឹងបោះវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះរោងចក្រនេះនឹងក្លាយជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេបង្អស់នៅកម្ពុជា។
តែយ៉ាងលោកមិនបានបញ្ជាក់លម្អិតពីទំហំផ្ទៃដី និងទុនវិនិយោគរបស់ក្រុមហ៊ុននេះនោះទេ។ តែយ៉ាងណាប្រធានសមាគមរូបនេះរំពឹងថា តាមរយៈរោងចក្រនេះវានឹងជួយជំរុញកំណើននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសវានឹងជួយស្រូបទាញវត្ថុធាតុដើមក្នុងស្រុក និងកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារវៀតណាម។
បើតាមលោក អួន ស៊ីឡុត ក្រៅពីក្រុមហ៊ុនសិង្ហបុរីខាងលើ ក៏មានក្រុមហ៊ុនឥណ្ឌាចំនួនពីរផងដែរដែលមានបំណងបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នាឆ្នាំ២០២៤ខាងមុខ ដែលវានឹងជួយធ្វើឱ្យវិស័យដាំដុះដំណាំស្វាយចន្ទី និងឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា មានភាពប្រកួតប្រជែង និងល្អប្រសើរបន្ថែមទៀត។
ប្រធានសមាគមរូបនេះអះអាងថា ការបង្ហាញបំណងចង់វិនិយោគបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនទាំងនេះ ធ្វើឡើងក្រោយពីមានការលើកទឹកចិត្តផ្នែកពន្ធដារមួយចំនួនពីរាជរដ្ឋាភិបាល និងលក្ខខណ្ឌអំណោយផលមួយចំនួនទៀត។
បើតាមលោក អួន ស៊ីឡុត នៅ១០ខែឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង៦៥ម៉ឺន១ពាន់តោន ក្នុងនោះនាំចេញទៅវៀតណាម បានជាង៦១ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ៨៣១លានដុល្លារថយចុះជិត១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈនៅពេញមួយឆ្នាំ២០២៣នេះ លោកវាយតម្លៃថា ទិន្នផលស្វាយចន្ទីឆៅកម្ពុជានឹងអាចធ្លាក់ចុះក្នុងរង្វង់១០% បើធៀបនឹងឆ្នាំមុន។
តែយ៉ាងណាសម្រាប់តម្លៃគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះវិញ ហាក់មានតម្លៃល្អជាងឆ្នាំមុន ដោយកើនឡើងចន្លោះពី៥%ទៅ១០% ពោលគឺតម្លៃគ្រាប់ស្វាយចន្ទីស្ងួត នៅខែតុលា មានតម្លៃពី៧ពាន់រៀលទៅ៧ពាន់៥រយរៀលក្នុងមួយគីឡូក្រាម ឬស្មើនឹងជាង១ពាន់៩រយដុល្លារក្នុងមួយតោន។
ការធ្លាក់ចុះការនាំចេញគ្រាប់ស្វាយចន្ទីឆៅនេះ ត្រូវបានប្រធានសមាគមរូបនេះអះអាងថា គឺដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ គួបផ្សំមានការប្រជែងទិញគ្រាប់ស្វាយចន្ទីឆៅពីសហគ្រាសក្នុងស្រុកកើនឡើង បន្ទាប់ពីការដាក់ចេញគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។ សម្រាប់លោក អួន ស៊ីឡុត ការធ្លាក់ចុះទិន្នផលនាំចេញវាជាចំណុចអវិជ្ជមានក៏ពិតមែន តែវាបានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក។
សូមបញ្ជាក់ថា កន្លងមកគ្រាប់ស្វាយចន្ទីឆៅកម្ពុជាប្រមាណ៩៥% ត្រូវបាននាំចេញទៅប្រទេសវៀតណាម សម្រាប់កែច្នៃយកទៅលក់បន្ត ខណៈមានតែប្រមាណ៥%ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃដោយសិប្បកម្មនៅក្នុងស្រុក៕