រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានលើកឡើងសារជាថ្មីម្តងទៀតថា បញ្ហាមេរោគកូវីដ-១៩ អាចនឹងកើតមានឡើងជាថ្មី ដូច្នេះ សេដ្ឋកិច្ចសិង្ហបុរី មិនទាន់អាចប្រសើរឡើងវិញ ក្នុងពេលឆាប់ៗនោះទេ។
ជាក់ស្តែង វិធានការបិទទីក្រុងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យលក់រាយ និងអាជីវកម្មទេសចរណ៍ ព្រមទាំងរាលដាលដល់វិស័យសំណង់ ខណៈការនាំចេញផលិតផល ធ្លាក់ចុះជាបន្តបន្ទាប់ ព្រោះគ្មានតម្រូវការពីទីផ្សារសកល។
នៅក្នុងរបាយការណ៍ផ្លូវការពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបង្ហាញថា GDP របស់សិង្ហបុរី បានធ្លាក់ចុះដល់ទៅ ៤៣% នៅក្នុងត្រីមាសទី ២នេះ ដែលអាក្រក់ជាងការព្យាករពីពេលមុន ដែលរំពឹងធ្លាក់ចុះត្រឹមតែ ៤១%។
បើទោះបីជា រដ្ឋាភិបាលសិង្ហបុរី បានទម្លាក់កញ្ចប់ថវិកាដែលមានតម្លៃស្មើនឹង ១៩% នៃ GDP សរុប និងចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចបន្តិចម្តងៗក៏ដោយចុះ ការព្យាករអំពី ស្ថានភាពនាពេលអនាគត នៅតែមិនច្បាស់លាស់ ហើយក្រុមហ៊ុនជាច្រើន ក៏បានបន្តកាត់បន្ថយការងារដែរ។
ដោយឡែក ចំពោះព្យាករណ៍អំពី GDP នៅក្នុងមួយឆ្នាំពេញនេះ គឺត្រូវបានកំណត់ថា ធ្លាក់ចុះចន្លោះពី ៥% ទៅ ៧% ក្នុងឆ្នាំ២០២០នេះ៕