ផ្ទុយទៅវិញនៅប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋាភិបាលសិង្ហបុរីបែរជាប្រកាសពីហានិភ័យឆ្លងកូវីដ១៩ ក្រោយពីករណីឆ្លងប្រចាំថ្ងៃបានកើនឡើងវិញទ្វេដង។ ជាក់ស្តែង កាលពីថ្ងៃអាទិត្យទី១៩ខែកញ្ញាប្រទេសសមាជិកអាស៊ានមួយនេះ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីដល់ទៅជាង ១ពាន់នាក់ ពីរថ្ងៃជាប់ៗគ្នា ។
ប្រទេសសិង្ហបុរី បាននិងកំពុងចាប់ផ្ដើមមានការស្ទុះងើបឡើងវិញ នៃការឆ្លងកូវីដ-១៩ នៅប៉ុន្មានថ្ងៃមកនេះ ដោយការឆ្លងរាលដាលលើកនេះ មេរោគកូវីដ១៩ បានចរាចរនៅទូទាំងប្រទេស ចាប់តាំងពីផ្សារទំនើប និងមណ្ឌលថែទាំសុខភាព រហូតដល់ស្ថានីយ៍រថយន្តក្រុង។ ខណៈចំនួនអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរកំពុងកើនឡើងផងដែរ។
យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលសិង្ហបុរីបានរៀបចំផែនការ ដែលគេឲ្យឈ្មោះថា «រស់នៅជាមួយកូវីដ១៩» ដោយទទួលស្គាល់ថា មេរោគនេះ ជាជំងឺដែលមិនអាចលុបបំបាត់បាន ប៉ុន្តែអាចគ្រប់គ្រងវាបាន។
តើសិង្ហបុរីអាចអនុវត្តផែនការនេះ ដូចដែលគេគ្រោងទុកបានដែរឬទេ? តើនឹងមានអ្វីកើតឡើងបន្តទៀតសម្រាប់ប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងដ៏ច្រើនជាងគេមួយនេះ?
ចាប់តាំងពីអត្រាចាក់វ៉ាក់សាំងកើនឡើងដល់៧០% នៅដើមខែសីហាកន្លងទៅ រដ្ឋាភិបាលសឹង្ហបុរីបានអនុញ្ញាតឲ្យមានសកម្មភាពសង្គមខ្លះៗឡើងវិញ ដូចជាអនុញ្ញាតឲ្យបរិភោគអាហារនៅក្នុងភោជនីយដ្ឋាន និងអនុញ្ញាតឲ្យបុគ្គលិក ៥០%ចូលមកធ្វើការនៅក្នុងការិយាល័យឡើងវិញ។
ប្រការនេះបានធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩នៅសិង្ហបុរីបានហក់ឡើងវិញភ្លាមៗនៅដើមខែកញ្ញា ពីតួលេខឆ្លងត្រឹមតែ ២ខ្ទង់ក្នុងមួយថ្ងៃៗ ឡើងដល់៣ខ្ទង់។ ប្រការនេះបានបង្ហាញយ៉ាងច្បាស់ថា វ៉ាក់សាំងតែមួយមុខ មិនអាចទប់ស្កាត់ការចម្លងរបស់កូវីដ១៩បានទេ ទោះបីសិង្ហបុរីមានអ្នកចាក់វ៉ាក់សាំងច្រើនក៏ដោយ។
ទោះបីជាករណីឆ្លងកើនឡើងវិញក៏ដោយ រដ្ឋាភិបាលសឹង្ហបុរីនៅតែបង្ហាញគោលជំហរក្នុងការអនុវត្តផែនការ «រស់នៅជាមួយកូវីដ១៩» ដោយបានដាក់កម្រិតនៅតាមស្ថាប័ន និងការិយាល័យធ្វើការ ធ្វើតេស្តរហ័សដល់បុគ្គលិកឲ្យបានញឹកញាប់ ព្រមទាំងបានកាត់បន្ថយការជួបជុំបន្តិចមកវិញផងដែរ។
កិច្ចខិតខំប្រឹងប្រែងនេះ ធ្វើឡើងគឺដើម្បីធានាបានថា នឹងមិនមានការបិទខ្ទប់ ឬផ្អាកសកម្មភាពសង្គមណាមួយទាំងស្រុងឡើយ ដោយសិង្ហបុរីព្យាយាមធ្វើយ៉ាង ដៃម្ខាងខិតខំបើកប្រទេសតាមដែលអាចធ្វើទៅបាន រីឯដៃម្ខាងទៀតខិតខំទប់ស្កាត់ការរាលដាលកូវីដ១៩។
សូមជម្រាបថា បច្ចុប្បន្នសិង្ហបុរីជាប្រទេសមានអ្នកចាក់វ៉ាក់សាំងច្រើនជាងគេមួយក្នុងតំបន់ និងក្នុងពិភពលោកផងដែរ ហើយប្រទេសមួយនេះក៏ស្ថិតក្នុងចំណោមប្រទេសមានអ្នកឆ្លងកូវីដ១៩តិចតួចដូចគ្នា បើធៀបនឹងប្រទេសក្នុងតំបន់។ ជាក់ស្តែង គិតមកទល់ពេលនេះ សិង្ហបុរីមានអ្នកឆ្លងសរុបជាង ៧ម៉ឺននាក់ ខណៈអ្នកស្លាប់សរុបមានជាង ៦០នាក់ប៉ុណ្ណោះ៕