រដ្ឋមន្ត្រីការបរទេសសិង្ហបុរី វីវៀន បាឡាគ្រីសណាន់ បានថ្លែងថា ចរន្តតតាំងសកលភាវូបនីយកម្ម ត្រូវបានគេចាត់ទុកថា ជាមូលហេតុនៃការកើនឡើងវិសមភាព ភាពជាប់គាំងរបស់វណ្ណៈកណ្តាល ការបាត់បង់ការងារ ភាពអស់សង្ឃឹមដែលកើនឡើង និងការបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ។
លោកបានបន្ថែមថា ភាពមិនប្រក្រតីនៅក្នុងប្រទេស បានរីកសាយភាយបន្ដទៅកាន់ពិភពលោក ហើយគេអាចមើលឃើញយ៉ាងច្បាស់ថា រឿងនេះបានធ្វើឱ្យខូចដល់ការគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិ ហើយករណីនេះមិនមែនត្រឹមតែជាការញ័ររញ្ជួយបន្តិចបន្តួចនោះទេ តែនេះជាការបែកបាក់ជាបំណែកៗ ជាបក្ខជាពួក ខាងភូមិសាស្ត្រនយោបាយពិភពលោក។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី រូបនេះ បានព្រមានថា ផលវិបាកដែលកើតឡើង កំពុងផ្លាស់ប្តូរទង្វើរបស់ប្រទេសផ្សេងៗ ហើយមហាអំណាចនានាកំពុងឈ្លក់វង្វេងក្នុងការបង្ហាញសក្ដានុពលសាច់ដុំខាងយោធា និងសេដ្ឋកិច្ចរបស់ពួកគេ ដើម្បីស្វែងរកផលប្រយោជន៍របស់ខ្លួនឯងកាន់តែខ្លាំងឡើង ដោយសឹងតែគិតគូរបន្តិចសោះ ទៅលើភាពត្រឹមត្រូវខាងច្បាប់ ឬសីលធម៌។
លោកបានបន្តថា ពីមុនដែលធ្លាប់តែមានសមាហរណកម្មខាងសេដ្ឋកិច្ច ឥឡូវនេះក្លាយជាការបែកបាក់ និងការប្រើប្រាស់សម្ពន្ធភាពទៅវិញទៅមក ធ្វើជាអាវុធប្រឆាំងគ្នាហើយឥឡូវនេះគ្រប់គ្នាកំពុងស្ថិតនៅក្នុងពិភពលោកមួយ ដែលទំនាក់ទំនងអន្តរជាតិ លែងត្រូវបានជំរុញដោយច្បាប់ ឬការព្យាយាម ដើម្បីសម្រេចបានការឯកភាពគ្នា តទៅទៀតហើយ។
លោកបានសង្កត់ធ្ងន់ទៀតថា ពេលនេះពិភពលោកបានក្លាយជាកន្លែងគ្រោះថ្នាក់ សម្រាប់រដ្ឋតូចៗ ដែលខ្វះអំណាចខាងយុទ្ធសាស្ត្រក្នុងការការពារខ្លួនឯងពីភាពចលាចល។
ក្នុងបរិបទនេះ លោកបណ្ឌិត បាឡាគ្រីសណាន់ បានសរុបគោលការណ៍ការងារចំនួន៥ សម្រាប់ក្រសួងការបរទេសសិង្ហបុរី ដែលរួមមាន ការចូលរួមយ៉ាងស្ថាបនាជាមួយមហាអំណាចទាំងអស់; ការសាងបណ្តាញភាពជាដៃគូជាមួយមហាអំណាចថ្នាក់កណ្តាលឱ្យកាន់តែទូលំទូលាយឡើង; ការពង្រឹងសន្តិសុខ និងធ្វើសមាហរណកម្មក្នុងអាស៊ាន; ការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសជិតខាង និងការពង្រឹងស្ថាបត្យកម្មអន្តរជាតិដែលប្រកាន់គោលការណ៍ច្បាប់។ ក្រៅពីតែពីប្រទេសមហាអំណាចធំៗ ប្រទេសសិង្ហបុរីនឹងពង្រឹងបណ្តាញភាពជាដៃគូរបស់ខ្លួនជាមួយប្រទេសមហាអំណាចថ្នាក់កណ្តាល និងប្លុកសំខាន់នៅក្នុងតំបន់ផងដែរ។
សូមបញ្ជាក់ថា ប្រទេសសិង្ហបុរី នឹងធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២៧ ដែលត្រូវនឹងខួបលើកទី៦០ របស់ប្លុកនេះ ហើយសិង្ហបុរី មានបំណងប្រើប្រាស់ឱកាសនេះ ដើម្បីជំរុញការធ្វើសមាហរណកម្ម និងមានឯកភាពគ្នាកាន់តែស៊ីជម្រៅខ្លាំងឡើងបន្ថែមទៀត៕
អត្ថបទៈ សួន ឡង់ទី