ឥណ្ឌាមានបំណងរឹតចំណងមិត្តភាពរវាងអាស៊ាន និង Quad

ឥណ្ឌាបង្ហាញគោលបំណងរឹតចំណងមិត្តភាពរវាងអាស៊ាន និងQuad ខណៈដែលខ្លួនត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន


ប្រទេសឥណ្ឌាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលរដ្ឋមន្ត្រីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលទីក្រុងញូវដែលីកំពុងស្វែងរកនូវការបង្ហាញខ្លួនភាពជាដៃគូយូរអង្វែងជាមួយអាស៊ាន នៅគ្រាដែលប្លុកមួយនេះ កំពុងទទួលរងនូវការប្រជែងឥទ្ធិពលគ្នាយ៉ាងខ្លាំងក្លាដោយមហាអំណាចអាមេរិក និងចិន។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Nikkei Asia។
ឥណ្ឌាបង្ហាញគោលបំណងរឹតចំណងមិត្តភាពរវាងអាស៊ាន និងQuad ខណៈដែលខ្លួនត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ជីសេនខា (S. Jaishankar) និងសមភាគីសិង្ហបុរីលោក វីវៀន បាឡាគ្រីសណេន (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេសសិង្ហបុរី កំពុងធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ ដែលជាការប្រារព្ធខួបលើកទី ៣០ នៃកិច្ចសន្ទនាឥណ្ឌា-អាស៊ាន និងមួយទសវត្សរ៍នៃភាពជាដៃគូយុទ្ធសាស្ត្រ។

លោក ជីសេនខា រដ្ឋមន្ត្រីការបរទេសឥណ្ឌា និយាយក្នុងសុន្ទរកថា នៅថ្ងៃទី១៦មិថុនាដោយសង្កត់ធ្ងន់ថា "តួនាទីរបស់អាស៊ាននាពេលបច្ចុប្បន្ននេះ ប្រហែលជាមានសារៈសំខាន់ជាងពេលមុនៗ ដោយសារបញ្ហានៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់ដែលពិភពលោកកំពុងប្រឈមមុខ"។

អ្នកជំនាញខ្លះនិយាយថា ការប្រកាសបែបនេះរបស់ឥណ្ឌាទៅកាន់តំនប់អាស៊ីអាគ្នេយ៍គឺមានសារៈសំខាន់ណាស់ ដោយចាត់ទុកថា តំបន់នេះជាផ្នែកមួយដ៏សំខាន់នៃកិច្ចសន្ទនាសន្តិសុខសម្ព័ន្ធចតុភាគី (Quad) ដែលជាសម្ព័ន្ធភាពសន្តិសុខយុទ្ធសាស្ត្រមួយ ដែលបង្កើតឡើងដោយ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា។

លោក ហាស ផេនថ៍ (Harsh V. Pant) អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងការសិក្សាគោលនយោបាយ ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី និងជាសាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅមហាវិទ្យាល័យឃីងនៅទីក្រុងឡុង (King's College London) បានពន្យល់ថា "ឥណ្ឌូប៉ាស៊ីហ្វិកជាតំបន់យុទ្ធសាស្ត្រនៅពេលបច្ចុប្បន្ននេះ ហើយ Quad កំពុងដើរតួនាទីដ៏លេចធ្លោមួយផ្នែកធំនៃគោលនយោបាយរបស់ឥណ្ឌាក្នុងការយកចិត្តទុកដាក់លើតំបន់អាស៊ាននេះ។

លោក Pant បាននិយាយថា វាមានសារៈសំខាន់មែនទែនសម្រាប់ឥណ្ឌាក្នុងការតភ្ជាប់មិត្តភាពឲ្យកាន់តែរឹងមាំជាមួយអាស៊ាន និងបង្កើតភាព "ដៃគូដែលអាចទុកចិត្តបាន" សម្រាប់តំបន់នេះ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ។

គួររលឹកឡើងវិញបន្តិចថា នៅឯកិច្ចសន្ទនា Shangri-La នៃកិច្ចប្រជុំកំពូលសន្ដិសុខអាស៊ី នៅប្រទេសសិង្ហបុរី កាលពីសប្ដាហ៍មុននេះ គេសង្កេតឃើញថា មាននៅការប្រឈមមុខដាក់គ្នាកាន់តែស្រួចស្រាល់ឡើងៗរវាងអាមេរិក និងចិន ពាក់ព័ន្ធសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។ លោក ហាស ផេនថ៍ បានគូសបញ្ជាក់ថា "នេះគឺជាពេលវេលាមួយដែលងាយរងគ្រោះជាពិសេសសម្រាប់សមាជិកអាស៊ាន ដោយសារតែលោកមើលឃើញថា ប្រទេសខ្លះកំពុងមានទំនោរមិនមានមានតុល្យភាព រវាងរដ្ឋអាមេរិក និងចិន"។

មួយវិញទៀត យោងតាមលោក ផានកាច ចា (Pankaj Jha) ជាសាស្ត្រាចារ្យផ្នែកការពារជាតិ និងការសិក្សាយុទ្ធសាស្ត្រនៅសកលវិទ្យាល័យ ជីនដាល (O.P. Jindal Global) នៅក្នុងប្រទេសឥណ្ឌាដែរនោះថា អាស៊ាន "មិនអាចប្រឆាំងនឹងប្រទេសចិនបានទាំងស្រុងនោះទេ ប៉ុន្តែពួកគេត្រូវធានាឲ្យបាននូវអធិបតេយ្យ និងសុវត្ថិភាពរបស់ខ្លួន"។

អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយរូបនេះ បានបន្ថែមទៀតថា "ប្រទេសអាស៊ានគួរព្យាយាមមើលប្រទេសដូចជា ជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូង ដែលមិនពឹងផ្អែកចិនទាំងស្រុង ឬក៏អាមេរិកទាំងស្រុងដែរ។ លោកថា "ប្រទេសទាំងនេះ ជាទីបង្អែកមួយដល់អាស៊ាន ដើម្បីធ្វើការឆ្ពោះទៅរកគោលដៅ និងសន្តិសុខក្នុងតំបន់"។

លោកក៏បានកត់សម្គាល់ផងដែរថា ការចូលរួមរបស់ឥណ្ឌាជាមួយអាស៊ាន រួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្នុងសប្តាហ៍នេះគឺ "មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ផ្លូវសមុទ្រ និងយុទ្ធសាស្ត្ររបស់ សម្ព័ន្ធ Quad" នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។

ទន្ទឹមនឹងនេះដែរ ឆ្លើយតបនឹងសំណួរថាតើរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនៅប្រទេសឥណ្ឌាដែរ ឬអត់នោះ? អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក បាច់ឆី (Bagchi) មិនបានផ្តល់ចម្លើយច្បាស់លាស់ទេ។ ប៉ុន្ដែ លោកបាននិយាយថា ការចូលរួមរបស់ប្រទេសមីយ៉ាន់ម៉ានឹងត្រូវធ្វើតាមការឯកភាពរបស់អាស៊ានជាមុនសិន៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Ford តម្លៃជាង២០លានដុល្លារ នៅខេត្តពោធិ៍សាត់បើកសម្ពោធដាក់ដំណើរការជាផ្លូវការហើយ

ព័ត៌មាន
រោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Ford តម្លៃជាង២០លានដុល្លារ នៅខេត្តពោធិ៍សាត់បានសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការហើយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នា…

ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មបស់អង្គការ WTO នៅតែបន្តដំណើរការ ទោះបីជាប្រទេសឥណ្ឌាប្រឆាំងក្ដី

ព័ត៌មាន
ការចរចារបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីពីពាណិជ្ជកម្មម្ហូបអាហារ ជលផល និងវ៉ាក់សាំងបានអូសបន្លាយពេលដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចំពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ