ធនាគារ យូអូប៊ី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ការបញ្ចប់ការច្របាច់បញ្ចូលគ្នាជាមួយសាខាធនាគារ ស៊ីធី ដែលផ្ដល់សេវាធនាគារផ្ទាល់ខ្លួននៅប្រទេសម៉ាឡេស៊ី ថៃ និងវៀតណាម បានបង្កើនចំនួនអតិថិជនរបស់ខ្លួននៅក្នុងតំបន់ ពី ៥ លានដល់ជាង ៧ លាននាក់ បើគិតត្រឹមដំណាច់ខែមីនា។
ធនាគារ យូអូប៊ី បាននិយាយថា ជាមួយនឹងសមាហរណកម្មទ្រព្យសកម្មរបស់ធនាគារអាមេរិកមួយនេះនៅក្នុងប្រទេសឥណ្ឌូនេស៊ីនាដំណាច់ឆ្នាំនេះ ដូចអ្វីដែលគេបានរំពឹងទុក ចំនួនអតិថិជនរបស់ខ្លួនគ្រោងនឹងកើនឡើងដល់ ៨ លាននាក់។ ទីផ្សារចំនួន ៤ ក្នុងចំណោម ១០ នៅក្នុងតំបន់អាស៊ាន ត្រូវបានព្យាករថានឹងជួយជំរុញប្រាក់ចំណូលរបស់ធនាគារ យូអូប៊ី ឱ្យដល់ចំនួនប្រហែល ៧៥០ លានដុល្លារក្នុងរយៈពេលមួយឆ្នាំ។
ការទិញយកធនាគារស៊ីធីរបស់អាមេរិកត្រូវបានប្រកាសកាលពីដើមឆ្នាំមុន។ ធនាគារ យូអូប៊ី បានទិញផលប័ត្រប្រាក់កម្ចីគ្មានការធានានិងមានការធានារបស់ធនាគារ ស៊ីធី បូករួមទាំងការគ្រប់គ្រងទ្រព្យសកម្ម និងអាជីវកម្មប្រាក់បញ្ញើជារូបវ័ន្តបុគ្គលនៅក្នុងប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម ក្នុងតម្លៃប្រហែលជាង ៣,៦ ពាន់លានដុល្លារអាមេរិក។
កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធជាសកលរបស់ធនាគារ ស៊ីធី ឡើងវិញ ដោយធនាគារអាមេរិកមួយនេះបានដកខ្លួនចេញពីទីផ្សារអន្តរជាតិចំនួន ១៣ រួមទាំងប្រទេសអាស៊ានចំនួន ៤ ផងដែរ។
កាលពីឆ្នាំកន្លងទៅនេះ ធនាគារ យូអូប៊ី ដែលមានគំរូអាជីវកម្មផ្តោតលើការអភិវឌ្ឍប្រភពចំណូលក្នុងតំបន់ បានជាប់រវល់ជាមួយនឹងការបន្សាំសាខារបស់ធនាគារស៊ីធីឱ្យស៊ាំទៅនឹងផែនការរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។
ប្រធានផ្នែកសេវាកម្មហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ធនាគារ យូអូប៊ី លោកស្រី ជេកគើលីន តាន់ (Jacquelyn Tan) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងតំបន់អាស៊ាន ប្រទេសថៃ និងម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងរួមចំណែកដល់ប្រាក់ចំណូលរបស់ធនាគារសិង្ហបុរីដែលមានប្រភពពីបរទេស ក្នុងនោះប្រទេសវៀតណាមនិងឥណ្ឌូនេស៊ីត្រូវគេរំពឹងថានឹងក្លាយជាទីផ្សារថ្មីៗសម្រាប់ធនាគារ យូអូប៊ី ដោយសារតែប្រទេសទាំងពីរនេះអាចនឹងមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេបំផុត។
លោកស្រី តាន់ បាននិយាយថា ប្រទេសថៃគឺជាប្រទេសទី២ បន្ទាប់ពីប្រទេសសិង្ហបុរី ទាក់ទងនឹងតួលេខ ពោលគឺការរួមចំណែកដល់អាជីវកម្មផ្ដល់សេវាធនាគារឯកជនដោយធនាគារ យូអូប៊ី បន្ទាប់ពីធនាគារនេះបានទិញយកធនាគារស៊ីធីរួច។ លោកស្រីបញ្ជាក់ថា ប្រទេសថៃគឺជាទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងមួយ ដោយមានតួអង្គក្នុងស្រុកឬតួអង្គក្នុងតំបន់ខ្លាំងៗជាច្រើន៕