អ្នកជំនាញជឿជាក់ថា វិស័យហិរញ្ញវត្ថុរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ នៅតែបន្តដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ បើទោះបីជាពិភពលោកកំពុងប្រឈមនឹងការធ្លាក់ចុះនៃលំហូរពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ក៏ដូចជាភាពមិនច្បាស់លាស់នៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិក៏ដោយ។
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា កត់សម្គាល់ឃើញថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ជារួម នៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៤នេះ នៅតែបន្តមានសកម្មភាពអាជីវកម្មដ៏មមាញឹកក្នុងការបម្រើសេវាហិរញ្ញវត្ថុដល់អតិថិជន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាពិសេសការទូទាត់តាមប្រព័ន្ធឌីជីថល។ បើតាមការលើកឡើងរបស់អ្នកជំនាញរូបនេះ វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា កំពុងមាមាញឹកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ខ្លួនប្រកបដោយនវានុវត្តន៍ និងសុវត្ថិភាព នៅក្នុងយុគសម័យឌីជីថល ដើម្បីផ្តល់ជាមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់ជូនដល់អតិថិជនផងដែរ។
យ៉ាងណាមិញ សម្រាប់ធនាគារអេស៊ីលីដាផ្ទាល់ លោកស្រី ម៉ារ អមរា បានគូសបញ្ជាក់ថា ប្រតិបត្តិការរបស់ធនាគារនេះនៅតែមានភាពរឹងមាំជាមួយនឹងការរក្សាបាននូវកំណើននៃប្រាក់កម្ចី និងប្រាក់បញ្ញើសន្សំ។ ជាក់ស្តែងនៅត្រីមាសទី១ ឆ្នាំ២០២៤នេះ ប្រាក់កម្ចីដែលបានផ្តល់ជូនដល់អតិថិជនរបស់ធនាគារ អេស៊ីលីដា បានកើនឡើងជាង៧៤លានដុល្លារ ខណៈក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ មានកំណើនជាង១៤៨លានដុល្លារ។ ដោយឡែកការដាក់ប្រាក់បញ្ញើរបស់អតិថិជនក្នុងរយៈពេល៣ខែដើមឆ្នាំនេះ មានការកើនឡើងជាង៤០១លានដុល្លារ ខណៈកាលពីឆ្នាំ២០២៣ មានកំណើនជាង៣៨៥លានដុល្លារ។
តាមរយៈលទ្ធផលឆ្នាំនេះ លោកស្រី ម៉ារ អមរា នៅតែសង្ឃឹមថា នៅក្នុងឆ្នាំ២០២៤នេះ វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា នៅតែមានភាពរឹងមាំ និងភាពធន់ល្អប្រសើរឡើងជាងឆ្នាំមុនផងដែរ។ ការបង្ហាញសុទិដ្ឋិនិយមបែបនេះ ក្រោយលោកស្រីកត់សម្គាល់ឃើញថា សេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានព្យាករណ៍ថានឹងមានកំណើនយ៉ាងហោចណាស់៦% នៅឆ្នាំនេះ ដែលត្រូវបានជំរុញដោយសារកំណើនល្អនៃវិស័យទេសចរណ៍ វិស័យផលិតកម្ម វិស័យកសិកម្ម និងការគ្រប់គ្រងបាននូវអត្រាអតិផរណា។ ដូចនេះហើយ វិស័យហិរញ្ញវត្ថុរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៤ នេះ នៅតែបន្តដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ ទោះបីជាពិភពលោកកំពុងប្រឈមនឹងការធ្លាក់ចុះនៃលំហូរពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ក៏ដូចជាភាពមិនច្បាស់លាស់នៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ខណៈដែលកម្ពុជា កំពុងតែតស៊ូនឹងការស្ទុះងើបឡើងវិញយឺតក្នុងវិស័យសំណង់ និងអចលនទ្រព្យ លំហូរនៃការវិនិយោគបរទេសទាប និងការប្រែប្រួលអាកាសធាតុផងនោះ។
បើតាមអ្នកជំនាញរូបនេះ ដោយសារបច្ចុប្បន្នការយល់ដឹងកាន់តែច្រើនរបស់អតិថិជនជាមួយនឹងសេវាកម្មធនាគារឌីជីថល វាគឺជាឱកាសមួយដែលធនាគារអេស៊ីលីដា បន្តធ្វើឱ្យប្រសើរឡើង និងអភិវឌ្ឍន៍ថែមទៀតជាប្រចាំនូវផលិតផល-សេវាកម្មធនាគារឌីជីថលដែលមានស្រាប់ និងថ្មីៗរបស់ខ្លួន ជាពិសេសសេវាអេស៊ីលីដាម៉ូបាល និងសេវា KHQR Code ឆ្លងប្រទេសជាច្រើនក្នុងតំបន់។ តែទោះជាបែបនេះក្តី លោកស្រី ម៉ារ អមរា យល់ឃើញថា វិស័យនេះក៏ជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការវិវត្តន៍ដ៏លឿននៃវិស័យបច្ចេកវិទ្យា កង្វះខាតធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងវិស័យព័ត៌មានវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាផ្ទៃក្នុង របស់ធនាគារមួយចំនួនធំក្នុងប្រទេសកម្ពុជា នៅមានកម្រិត និងបញ្ហាផ្សេងៗទៀតជាដើម។
ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុនៅកម្ពុជានេះដែរ លោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាល F.I Vision Capital និងជាអ្នកជំនាញហិរញ្ញវត្ថុមួយរូបនៅកម្ពុជា យល់ឃើញថា ទំហំឥណទាននៅកម្ពុជា បានឈានដល់កម្រិតឆ្អែត ក្រោយកើនឡើងដល់ជាង៥៧ពាន់លានដុល្លារ ដែលស្មើនឹងប្រមាណ១៨០%នៃទំហំសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានប្រមាណជាង៣២ពាន់លានដុល្លា។ ម្យ៉ាងទៀតលោកសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះការផ្តល់ឥណទានមានកំណើនតិចតួចប៉ុណ្ណោះ តែយ៉ាងណាអត្រាសងត្រឡប់ហាក់នៅមិនទាន់មានភាពអាក្រក់ខ្លាំងនៅឡើយទេ ពោលគឺអ្នកសងយឺតលើសពី៩០ថ្ងៃមានចំនួនប្រមាណ៤,៥%។
សម្រាប់អ្នកជំនាញហិរញ្ញវត្ថុរូបនេះ ដើម្បីបញ្ជៀសនូវហានិភ័យស្ថាប័នផ្តល់ប្រាក់កម្ចីគួរបន្តអនុវត្តការផ្តល់កម្ចីដោយការប្រុងប្រយត្ន័។ ហើយដើម្បីបន្ធូរកំរិតឥណទានពីភាពឆ្អែត ហើយអាចបន្តបញ្ចេញទុនជំរុញសេដ្ឋកិច្ចឡើងវិញ គឺអាចត្រូវការយពេលរពីចន្លោះ៣-៥ឆ្នាំទៀត។ ដូច្នេះដើម្បីជំរុញសេដ្ឋកិច្ចអោយមានកំណើនខ្លាំងឡើងវិញ កម្ពុជាត្រូវការកំណើនលំហូរទុនពីបរទេស និងកំណើនការនាំចេញជាអទិភាព៕