គ្រាន់តែចុច *2020*50# ហើយចុចបញ្ចូនលើទូរស័ព្ទដៃរបស់ពួកគេ អតិថិជន Smart អាចបរិច្ចាគ 50 សេន ឬ ពួកគេអាចបរិច្ចាគ ១ ដុល្លារ ដោយចុចគ្រាន់តែចុច *2020*100#និងចុចបញ្ចូន។
ចំពោះជំនួយបរិច្ចាគប៉ុន្មានដែលនឹងទទួលបានពីអតិថិជន ក្រុមហ៊ុន Smart ក៏នឹងចូលរួមបរិច្ចាគថវិកាស្មើចំនួនប៉ុណ្ណោះផងដែររហូតដល់ចំនួនទឹកប្រាក់ 20ម៉ឺន ដុល្លារ។ ថវិកាបរិច្ចាគទាំងនោះនឹងត្រូវចែកចាយជាសម្ភារចំបាច់ដល់ជនរងគ្រោះតាមរយៈអជ្ញាធរខេត្ត នៅតាមបណ្ដាខេត្តដែលរងគ្រោះខ្លាំងជាងគេបំផុត។
យ៉ាងហោចណាស់មនុស្សចំនួន ១៦ នាក់ បានបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅកម្ពុជា ចាប់តាំងពីដើមខែតុលា ដែលបណ្តាលមកពីព្យុះត្រូពិច ដែលបានបោកបក់ជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ដោយប្រទេសកម្ពុជាកំពុងប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិនេះ ក្រុមហ៊ុន Smart នឹងបន្តផ្តល់ជំនួយទៅកាន់ទីកន្លែងដែលទទួលរងទុក្ខខ្លាំងជាងគេបំផុត។ ការផ្តល់ឱកាសដល់អតិថិជនរបស់យើង ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្នបែបនេះនឹងបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់ប្រទេសកម្ពុជាជារួម។ យើងជឿជាក់យ៉ាងមុតមាំក្នុងការប្រើប្រាស់ស្មារតីសហគមន៍ និងចិត្តសប្បុរសធម៌របស់អតិថិជនរបស់យើង ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អ្នកដែលត្រូវការបំផុតនៅគ្រាលំបាកនេះ។»
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Smart Axiata បានប្រកាសអំពីការបង្កើត មូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ១៩ ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុ ទៅកាន់ដំណោះស្រាយផ្សេងៗដែលអាចជួយដោះស្រាយតម្រូវការបន្ទាន់បំផុតរបស់កម្ពុជាក្នុងកំឡុងពេលមានវិបត្តិជាសកលនេះ។
កំណើននៃកម្រិតទឹកគឺជាបាតុភូតធម្មជាតិប្រចាំឆ្នាំមួយនៅក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃកសិករ និងអ្នកនេសាទរបស់ប្រទេសពឹងផ្អែកលើ ទឹកលំនាច និងលំហូររបស់ទឹកបឹង និងទឹកទន្លេ។ ប៉ុន្តែ នៅឆ្នាំនេះការកើនឡើងនៃកម្រិតទឹកទទួលរងសម្ពាធធ្ងន់ធ្ងរ ដោយសារភ្លៀងមូសុង ដែលបង្កឱ្យមានការខូចខាតនៅទូទាំងប្រទេស។
ដោយមានរាជរដ្ឋាភិបាល និងទីភ្នាក់ងារសង្គ្រោះបន្ទាន់ចូលរួមប្រមូលធនធាន ដើម្បីទប់ទល់នឹងផលប៉ះពាល់ដោយសារទឹកជំនន់នេះ ឥទ្ធិពលរួមផ្សំពីការបរិច្ចាគជាលក្ខណៈបុគ្គលតាមលទ្ធភាព ពីអតិថិជនចំនួន ៨ លាននាក់របស់ក្រុមហ៊ុន Smart នឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់កិច្ចខិតខំនេះ ដើម្បីនាំយកជំនួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងទុក្ខនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគ្រោះមហន្តរាយធម្មជាតិនេះ។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពី ក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕