កូរ៉េខាងត្បូង នឹងបណ្តុះបណ្តាលអ្នកចម្បាំងដ្រូនកន្លះលាននាក់ ត្រៀមសម្រាប់សង្គ្រាមសម័យថ្មី ដោយក្រសួងការពារជាតិកូរ៉េខាងត្បូង និយាយថា ដ្រូននឹងលែងប្រើសម្រាប់តែអង្គភាពពិសេសដូចមុនទៀតហើយ ប៉ុន្តែវានឹងក្លាយជាឧបករណ៍ស្តង់ដារសម្រាប់កងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងកងម៉ារីនទាំងមូល។
រដ្ឋមន្ត្រីការពារជាតិ លោក អាន គ្យូបាក់ (Ahn Gyu-back) បានសង្កត់ធ្ងន់ថា ទាហានគ្រប់រូបត្រូវតែមានសមត្ថភាពប្រើដ្រូនជាអាវុធផ្ទាល់ខ្លួនទី២ ដូចការប្រើកាំភ្លើងដែរ ហើយកូរ៉េខាងត្បូង គ្រោងផលិតដ្រូនយោធាឱ្យបាន ១១០,០០០ គ្រឿងនៅត្រឹមឆ្នាំ២០២៩។
ក្រៅពីការបណ្តុះបណ្តាលអ្នកប្រើដ្រូន កូរ៉េខាងត្បូង ក៏មានផែនការទិញដ្រូនវាយប្រហារ និងដ្រូនឈ្លបយកការណ៍តម្លៃទាបជាង ២០,០០០ គ្រឿងព្រមទាំងអភិវឌ្ឍហ្វូងដ្រូនដែលប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងពង្រឹងប្រព័ន្ធការពារប្រឆាំងដ្រូន ដោយប្រើអាវុធឡាស៊ែរ និងអាវុធកាំរស្មីថាមពលខ្ពស់ផងដែរ។
រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានបញ្ជាក់ថា ដ្រូនយោធាថ្មីទាំងអស់នឹងប្រើគ្រឿងបន្លាស់ផលិតក្នុងស្រុក ១០០% ដោយមិនប្រើគ្រឿងបន្លាស់ពីប្រទេសចិន នោះឡើយ ដើម្បីការពារសន្តិសុខជាតិ។
ការប្រកាសនេះធ្វើឡើង ខណៈកូរ៉េខាងត្បូង និងកូរ៉េខាងជើង កំពុងប្រជែងគ្នាពង្រឹងសមត្ថភាពដ្រូនយ៉ាងឆាប់រហ័ស ដោយសិក្សាបទពិសោធន៍ពីសង្គ្រាមពិតជាក់ស្ដែងនៅអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា ដែលបានបង្ហាញថា ដ្រូនកំពុងផ្លាស់ប្តូររបៀបធ្វើសង្គ្រាមសម័យទំនើប។
លើសពីនេះ ការពង្រីកការប្រើប្រាស់ដ្រូនក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់កូរ៉េខាងត្បូង ក្នុងការដោះស្រាយបញ្ហាចំនួនប្រជាជនមានវ័យចូលបម្រើយោធាដែលកំពុងថយចុះ ដោយពឹងផ្អែកកាន់តែច្រើនលើបច្ចេកវិទ្យា និងប្រព័ន្ធស្វ័យប្រវត្តិនាពេលអនាគត៕
ដោយ: តែម សុខុម