អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន Smart Axiata បើកសម្ពោធជាផ្លូវការនូវរបាយការណ៍និរន្តរភាពឆ្នាំ ២០២២ កំណត់ជាស្តង់ដារថ្មីសម្រាប់វិស័យទូរគមនាគមន៍


ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេនៅប្រទេសកម្ពុជា នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៣ បានបើកសម្ពោធជាផ្លូវការនូវរបាយការណ៍និរន្តរភាពឆ្នាំ ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានអ្នកចូលរួមសរុបលើសពី ១៧០នាក់ ជាតំណាងមកពីដៃគូអាជីវកម្ម និងអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នអប់រំ រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធសំខាន់ៗនានា។
ក្រុមហ៊ុន Smart Axiata បើកសម្ពោធជាផ្លូវការនូវរបាយការណ៍និរន្តរភាពឆ្នាំ ២០២២ កំណត់ជាស្តង់ដារថ្មីសម្រាប់វិស័យទូរគមនាគមន៍
ដោយ
អំពី Smart

របាយការណ៍នេះមានសារៈសំខាន់ចំពោះក្រុមហ៊ុន Smart ដោយសារតែ Smart ជាក្រុមហ៊ុនទូរគមនាគមន៍​ដំបូងគេ​ក្នុង​ប្រទេស ដែលបានសម្ភោធរបាយការណ៍និរន្តរភាពចាប់តាំងពីឆ្នាំ ២០១៤មកម៉្លេះ។ តាមរយៈការចុះផ្សាយជារៀងរាល់​ឆ្នាំ របាយការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះតម្លាភាព ការអនុវត្តអាជីវកម្មប្រកបដោយ​ទំនួល​ខុសត្រូវ និងកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដែលនេះបង្ហាញថា Smart ពិតជាក្រុមហ៊ុនបច្ចេកវិទ្យាទំនើប​ដែលផ្តល់ជូននូវអត្ថប្រយោជន៍ដល់អតិថិជនលើសពីផលិតផល និងសេវាកម្ម។

ស្របពេលដែលមានការទទួលស្គាល់ថាជាក្រុមហ៊ុនដែលទទួលបានពិន្ទុនៃការស្រឡាញ់ និងពេញចិត្ត (Net Promoter Score ឬ NPS) ខ្ពស់ជាងគេលើវិស័យទូរគមនាគមន៍ ក្រុមហ៊ុនSmart ក៏បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវ​នូវគោលការណ៍​និរន្តរភាព​​ស្នូល ទាំងនៅលើផ្នែកផលិតផល និងសេវាកម្ម ក៏ដូចជាសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួន។ ក្រុមហ៊ុន Smart អនុវត្តគោលការណ៍និរន្តរភាពរបស់ខ្លួនតាមលំនាំនៃក្រុមហ៊ុនវិនិយោគ Axiata Group ដោយរួមមានគោលការណ៍៖ លើសពីប្រាក់ចំណេញរយៈពេលខ្លី ការបណ្ដុះបណ្ដាលធនធានមនុស្ស ដំណើរការល្អឥតខ្ចោះ និងពិភពលោកនិងសង្គម។

លើសពីប្រាក់ចំណេញរយៈពេលខ្លី

សម្រាប់សសរស្តម្ភនេះ ក្រុមហ៊ុន Smart បង្ហាញពីការរួមចំណែកយ៉ាងសំខាន់របស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន Smart បានបណ្តាក់ទុនសរុបចំនួន ២៥៥ លានដុល្លារសហរដ្ឋអាមេរិក ខណៈពេល​ដែលរួម​ចំណែក​ចំនួន ១២១ លានដុល្លារដល់ផ្នែកហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសកម្ពុជាផងដែរ។ ការវិនិយោគនេះជួយក្នុងការជំរុញការផ្ដល់សេវា 4G ឲ្យកាន់តែល្អប្រសើរនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ លើសពីនេះ ក្រុមហ៊ុន Smart បានបែងចែក ២% នៃប្រាក់ចំណូលសរុបប្រចាំឆ្នាំរបស់ខ្លួនទៅឱ្យមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (USOF) ដើម្បីកាត់បន្ថយគម្លាត​ឌីជីថល ខណៈដែល ១% នៃប្រាក់ចំណូលសរុបប្រចាំឆ្នាំត្រូវបានផ្ដល់ទៅដល់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងពត៌មាន (CBRDF) ដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដើម្បីធានាឲ្យបានថាគ្រប់គ្នាអាចទទួលបាននូវអ៊ិនធីណិតក្នុងការប្រើប្រាស់ ក្រុមហ៊ុន Smart បានណែនាំនូវទូរស័ព្ទស្មាត​ហ្វូន​កម្រិតដំបូង​Smart Nano II ដែលមានតម្លៃក្រោម ១០០ ដុល្លារ។ ក្រុមហ៊ុន Smart ក៏បានសហការជាមួយដៃគូដើម្បី​ផ្តល់ជូននូវគម្រោង​បង់រំលស់​ក្នុងអត្រាទាបបំផុតសម្រាប់អតិថិជន ដែលនេះជួយក្នុងការពង្រីកលទ្ធភាព​ទទួលបានដំណោះ​ស្រាយ​បែបឌីជីថល ដល់​អតិថិជន។

ការបណ្ដុះបណ្ដាលធនធានមនុស្ស

ដោយទទួលស្គាល់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ក្រុមហ៊ុន Smart បានផ្តោតទៅលើការផ្តល់ការងារ​ប្រកបដោយយុត្តិធម៌ និងសុខុមាលភាពដល់និយោជិត ហើយក៏បានបន្តលើកកម្ពស់ការមិនអើង និងភាពចម្រុះជាតិសាសន៍​ដោយក្នុងនោះ ៣៣% នៃអ្នកដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនស្មាតជាស្ត្រី។ កាលពីឆ្នាំមុន ក្រុមហ៊ុន Smart មានបុគ្គលិក​ចំនួន ១.០៧៧ នាក់ ក្នុងនោះ ១.០៥៥ នាក់ជាជនជាតិខ្មែរ។ គួរកត់សម្គាល់ថា ក្រុមហ៊ុន Smart បានផ្តល់​ការងារដោយ​ផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជាសរុបចំនួន ៥៤.០៧៩ នាក់។

ដើម្បីធានាបាននូវស្ដង់ដារលំដាប់ថ្នាក់ពិភពលោក ក្រុមហ៊ុន Smart បានផ្តល់ការបណ្តុះបណ្តាលយ៉ាងទូលំទូលាយ​ដល់​បុគ្គលិក​របស់ខ្លួន ដែលជាមធ្យមបុគ្គលិកមួយរូបទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែមចំនួន ៣៥.៥ម៉ោង​ ហើយជាសរុបបុគ្គលិកទាំងអស់ បានទទួលការបណ្តុះបណ្តាលចំនួន ៤២.៨០២,៣១ ម៉ោង។ ជាលទ្ធផល ក្រុមហ៊ុន Smart ទទួលបានពិន្ទុខ្ពស់នៃការចូលរួមរបស់បុគ្គលិកស្មើនឹង ៧៩% ។

ដំណើរការល្អឥតខ្ចោះ

ដោយយល់ពីសារៈសំខាន់នៃទំនួលខុសត្រូវសង្គម ក្រុមហ៊ុន Smart មិនត្រឹមតែបន្តអនុវត្តតាមក្រម​សីលធម៌​ផ្ទៃក្នុង​ដ៏តឹងរ៉ឹងប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានពង្រីកកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពតាមរយៈអ្នកផ្គត់ផ្គង់របស់​ខ្លួន​ផងដែរ។ អ្នកផ្គត់ផ្គង់ចំនួន ៣៣៧ បានចុះហត្ថលេខាលើគោលការណ៍ក្រមសីលធម៌របស់អ្នកផ្គត់ផ្គង់ ដោយប្តេជ្ញាចំពោះ​ការអនុលោម​តាម​គោលការណ៍ការពារបរិស្ថាន និងការអនុវត្តប្រកបដោយក្រមសីលធម៌ និងវិធានការប្រឆាំង​នឹង​អំពើ​ពុករលួយ។ ក្រុមហ៊ុន Smart ក៏បានចូលរួមចំណែកលើកម្ពស់សេដ្ឋកិច្ចក្នុងស្រុកផងដែរ ដោយនៅក្នុងឆ្នាំ ២០២២ ៧៤% នៃអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Smart សរុបស្នើនឹងចំនួន ២៩៩ ក្រុមហ៊ុនជាក្រុមហ៊ុនក្នុងស្រុក។

ក្រុមហ៊ុន Smart បានផ្តោតសំខាន់លើការពេញចិត្តរបស់អតិថិជន ដោយក្រុមហ៊ុនបានដាក់បន្ថែមនូវមុខងារថ្មីនៃកម្មវិធី SmartNas ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទិញស៊ីមកាតឌីជីថល (eSIM) និងអាចប្រើសេវាកម្មបញ្ចូល​ទឹកប្រាក់​​តាមឌីជីថលបាន។

កាលពីឆ្នាំមុនក្រុមហ៊ុន Smart ក៏បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅក្នុងប្រទេសដែលទទួលបានវិញ្ញាបនបត្រ ISO នៃការគ្រប់គ្រងសន្តិសុខព័ត៌មាន ដែលធានានូ​វឯកជនភាព និងសុវត្ថិភាពរបស់អតិថិជននៅក្នុងយុគសម័យឌីជីថលផងដែរ។ លើសពីនេះ បុគ្គលិក Smart គ្រប់រូបក៏បានទទួលការបណ្តុះបណ្តាលស្តីពីការប្រឆាំងអំពើពុករលួយជាប្រចាំ។

ពិភពលោកនិងសង្គម

តាមរយៈការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះនិរន្តរភាព ក្រុមហ៊ុន Smart មានគោលបំណងសម្រេចឲ្យបាននូវការកាត់បន្ថយការបំភាយឧស្ម័ន​កាបូនិច (net-zero) នៅឆ្នាំ ២០៥០។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការឆ្ពោះ​ទៅ​កាន់​គោលដៅ​នេះ ក្រុមហ៊ុន Smart បានបំពាក់នូវប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ឬផ្ទាំងសូឡាចំនួន ២៤២ នៅតាមអង់តែនដែលជា​ទីតាំងរបស់ក្រុមហ៊ុន Smart ។ ហើយមកដល់ចុងឆ្នាំ ២០២២ អង់តែនរបស់ក្រុមហ៊ុន Smart ចំនួន ១.០៨០ត្រូវបានបំពាក់ដោយថាមពលពន្លឺព្រះអាទិត្យ។ ការប្រើប្រាស់ប្រេងឥន្ធនៈក៏បានថយចុះជាមធ្យមប្រចាំខែ ពី ៣១០ លីត្រក្នុងឆ្នាំ ២០២១ មក​នៅត្រឹម ២៥៤ លីត្រក្នុងឆ្នាំ ២០២២ ដែលនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន Smart ក្នុងការចូលរួមថែរក្សាបរិស្ថាន។ លើសពីនេះទៀត ក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការសេដ្ឋកិច្ចចក្រា (circular eonomy) ដោយបានសហការជាមួយ Ecobatt Energy ដើម្បីកែច្នៃ និងប្រើប្រាស់ឡើងវិញនូវថ្មពិលដែលបានប្រើប្រាស់រួច។

ការចូលរួមចំណែករបស់ក្រុមហ៊ុន Smart ក្នុងការអភិវឌ្ឍសង្គមមានចំនួនច្រើនគួរកត់សម្គាល់នៅក្នុងឆ្នាំ ២០២២។ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់​ជាង ៦៥០.០០០ ដុល្លារ ក្នុងវិស័យអប់រំ ការការពារបរិស្ថាន ការច្នៃប្រឌិតលើផ្នែកបច្ចេកវិទ្យា ការបណ្តាក់ទុនលើសហគ្រិន កម្មវិធីចំណេះដឹងឌីជីថល និងយុទ្ធនាការអភិវឌ្ឍន៍សហគមន៍នានា។ កម្មវិធីទាំងនេះត្រូវ​បាន​អនុវត្តក្រោមកិច្ចសហការជាមួយ​អង្គការក្រៅរដ្ឋាភិបាលជាដៃគូ ស្ថាប័នអង្គការសហប្រជាជាតិ រាជរដ្ឋាភិបាល និងអ្នក​ពាក់ព័ន្ធ​​ផ្សេងទៀត ដោយជះឥទ្ធិពលវិជ្ជមានដល់ប្រជាជនកម្ពុជាសរុបចំនួន ១៤១.៣៤៤ នាក់។ បុគ្គលិក Smart ជាង ១៤០នាក់​​​បានចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីកិច្ចការសង្គមទាំងនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់​ក្រុមហ៊ុន​ក្នុងការយក​ចិត្ដ​ទុកដាក់ និងផ្ដល់ត្រឡប់ទៅវិញដល់សង្គម។

នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Ziad Shatara បានសម្តែងការពេញចិត្តចំពោះសមិទ្ធិផលប្រកបដោយនិរន្តរភាព​របស់​ក្រុមហ៊ុន Smart ដោយលោកបានលើកឡើងថា “យើងមានមោទនភាពក្នុងការក្លាយជាក្រុមហ៊ុនឈានមុខគេផ្នែកនិរន្តរភាព ហើយយើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការឈានទៅមុខបន្ថែមទៀត។ ប្រតិបត្តិការរបស់ពួកយើង​ធ្វើឡើងប្រកប​ទៅដោយ​តម្លាភាព ផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងអ្នកពាក់ព័ន្ធ ព្រមទាំងមានការចូលរួមយ៉ាងសកម្ម​ក្នុងការ​កសាងមូលដ្ឋានគ្រឹះ​​ដ៏ល្អប្រសើរសម្រាប់ការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គម​ឌីជីថល។ យើងសូមថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដែលបានចូលរួម​ជាមួយ​ពួកយើង​ក្នុងការបង្កើតនូវឥទ្ធិពលវិជ្ជមានយូរអង្វែងសម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថានកម្ពុជា។ ខ្ញុំក៏សូមអរគុណ ដល់បុគ្គលិក Smart ទាំងអស់សម្រាប់ការចូលរួមធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមានពិតប្រាកដក្នុងសង្គម និងចូលរួម ចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា»។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍សម្ពោធនេះ ក្រុមហ៊ុនបានទទួលនូវមតិវិជ្ជមានពីអ្នកចូលរួម និងដៃគូរបស់ខ្លួន ដែលបានទទួល​ស្គាល់​ពីឥទ្ធិពល និងអត្ថប្រយោជន៍ដែលក្រុមហ៊ុនសម្រេចបានតាមរយៈកិច្ចសហប្រត្តិបត្តិការនានា។ ការកោតសរសើរពីសំណាក់ដៃគូនេះ​បង្ហាញ​ជាសក្ខីភាពនៃភាពជោគជ័យរបស់ក្រុមហ៊ុន Smart ក្នុងការជំរុញយុទ្ធនាការប្រកបដោយនិរន្តរភាព និងការបង្កើតផលវិជ្ជមានយូរអង្វែងសម្រាប់អ្នកពាក់ព័ន្ធផ្សេងៗ។ នេះក៏ជាសក្ខីភាពបង្ហាញពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Smart ថាជាដៃគូ​ដែល​អាច​ទុកចិត្តបាន ពោរពេញដោយទំនួលខុសត្រូវ ហើយនេះបានបង្កើតជាទំនុកចិត្តលើកិច្ចសហការបន្ថែមទៀត។

ក្រុមហ៊ុន Smart បន្តបង្កើតជាស្តង់ដារថ្មីលើប្រតិបត្តិការនានានៅក្នុងវិស័យទូរគមនាគមន៍។ តាមរយៈការលើកកម្ពស់ការ​ អនុវត្តប្រកបដោយ​តម្លាភាព ក្នុងការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងការផ្តល់តម្លៃជូនអ្នកពាក់ព័ន្ធ ក្រុមហ៊ុន Smart បានត្រួសត្រាយផ្លូវសម្រាប់អនាគត​ប្រកបដោយនិរន្តរភាព និងរុងរឿងសម្រាប់កម្ពុជា។




អត្ថបទបន្ទាប់


អ្នកឧកញ៉ា លី ហួរ ចាប់ដៃគូជាយុទ្ធសាស្រ្តអាជីវកម្មក្នុងវិស័យហិរញ្ញវត្ថុជាមួយក្រុមហ៊ុនភតិសន្យាថ្នាក់តំបន់ Hotai Finance

ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី របស់អ្នកឧកញ៉ា លី ហួរ និង ក្រុមហ៊ុន Hotai Finance Co. Ltd បានបង្កើតមហាព្រឹត្តិការណ៍ដ៏អស្ចារ្យរួមគ្នាម…

បើកកាតឥណពន្ធ UnionPay នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាមួយប្រូម៉ូសិនជាច្រើន

នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣ ខាងមុននេះ អេ អឹម ខេ នឹងប្រារព្ធពិធីសម្ពោធដាក់ដំណើរការកាតឥណពន្ធអន្តរជាតិ UnionPay ដែលមានទីតាំងនៅផ្សារទំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ