តាមរបាយការណ៍របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងចំណោមទំហំទឹកប្រាក់ជាង ៥៣លានដុល្លារ ឬស្មើនឹងជាង ៣៥% ដែលបានផ្ដល់ទៅឲ្យអាជីវកម្មទេសចរណ៍គិតត្រឹមដំណាច់ខែមេសាកន្លងទៅនេះ រួមមាន ហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារ មានចំនួន២៩% អាជីវកម្មផ្ទះសំណាក់ មានចំនួន២៥% អាជីវកម្មភោជនីយដ្ឋាន ចំនួន៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍ មានចំនួន១៥% ដោយនៅក្នុងនោះ ផ្ដល់ឲ្យសហគ្រិនជាស្ត្រី ចំនួន៤១%។
លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា ដំណើរការអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ហាក់នៅមានភាពយឺតយ៉ាវនៅឡើយ ដែលមិនទាន់បានឆ្លើយតបទៅនឹងអ្វីដែលបានរំពឹងទុកនោះទេ។ លោកថា មូលហេតុដែលមានភាពយឺតយ៉ាង ក៏ដោយសារតែនៅក្នុងឆ្នាំ២០២២កន្លងទៅ វិស័យទេសចរណ៍ហាក់មិនទាន់មានភាពប្រាដប្រជានៅឡើយ ជាពិសេសចំនួនភ្ញៀវទេសចរអន្តជាតិដែលចូលមកកម្ពុជា។ ហើយកត្តានេះបានធ្វើឱ្យអាជីវកម្មដែលរកស៊ីនៅក្នុងវិស័យទេសចរណ៍ ហាក់មានការស្ទាក់ស្ទើនៅក្នុងការចាប់ផ្តើមអាជីវកម្មឡើងវិញ ក៏ដូចជាការបន្ថែមទុនក្នុងការពង្រីកអាជីវកម្មរបស់ពួកគាត់ជាដើម។
យ៉ាងណាក៏ដោយចុះ អគ្គនាយកធនាគារ SME រូបនេះ ជឿជាក់ថានៅក្នុងឆ្នាំ២០២៣នេះ ចំនួនទឹកប្រាក់ដែលនៅសល់របស់គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ នឹងអាចបញ្ចេញអស់ ដោយសារមើលឃើញពីសកម្មភាពនៃការរីកចម្រើនរបស់វិស័យទេសចរណ៍នាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍ តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងវិស័យនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូចនិងមធ្យម។ ម្ចាស់អាជីវកម្មម្នាក់ អាចដាក់ពាក្យស្នើសុំកម្ចី រហូតដល់ទំហំទឹកប្រាក់ ៤០ម៉ឺនដុល្លារ ក្នុងអត្រាការប្រាក់ ៦,៥% និងមានរយៈពេលរហូត ៧ឆ្នាំ៕