វិស័យទេសចរណ៍

ឡាវ រៀបចំមាគ៌ាសម្រាប់កំណើននៅឆ្នាំ២០២៤ ដោយផ្តោតលើទេសចរណ៍ ចំពេលមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច


ខណៈដែលឆ្នាំ២០២៣ ជិតកន្លងផុត ប្រទេសឡាវ នៅតែបន្តប្រឈមបញ្ហាសេដ្ឋកិច្ចរួមទាំងការកើនឡើងអតិផរណា កង្វះកម្លាំងពលកម្ម និងឱនភាពពាណិជ្ជកម្មដែលរីកកាន់តែធំ។ ពេលនេះឡាវ បានផ្តួចផ្តើមយុទ្ធនាការ “ទៅលេងឡាវ នៅឆ្នាំ២០២៤” (Visit Lao Year 2024) ដោយងាកទៅរកវិស័យទេសចរណ៍ជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីជម្នះឧបសគ្គសេដ្ឋកិច្ច និងដើម្បីត្រៀមខ្លួនសម្រាប់ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យទេសចរណ៍
ដោយ

រដ្ឋាភិបាលឡាវ បានប្រកាសចាប់ផ្តើមអនុវត្តយុទ្ធនាការនេះជាផ្លូវការនៅខែមករា ដើមឆ្នាំ២០២៤ ជាមួយនឹងវិធានការកែលម្អមធ្យោបាយដឹកជញ្ជូនសាធារណៈ ដោយផ្តោតលើការសម្រួលដល់ការលក់សំបុត្រសម្រាប់ផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិន។ ផែនការនេះក៏បានរាប់បញ្ចូលការបញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានាដូចជាផ្លូវថ្នល់ និងអាកាសយានដ្ឋានជាដើម ការស្ដារឡើងវិញនូវផ្លូវហាយវេដែលរងការខូចខាតដោយគ្រោះធម្មជាតិ និងការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅក្នុងវិស័យបដិសណ្ឋារកិច្ច។

យោងតាមការវាយតម្លៃសមត្ថភាពភ័ស្តុភារកម្ម (LCA) បង្ហាញថា ផ្លូវនៅក្នុងប្រទេសឡាវ មានតែ២៨%ប៉ុណ្ណោះដែលត្រូវបានក្រាលកៅស៊ូ ហើយជាង៦០%នៃផ្លូវជាតិមានស្ថានភាពទ្រុឌទ្រោម។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគ្រោងនឹងពង្រឹងស្តង់ដារបច្ចេកទេស និងបង្កើនចំនួនស្ថានីយជញ្ជីងថ្លឹងទម្ងន់នៅទូទាំងប្រទេស ខណៈបច្ចុប្បន្នមានស្ថានីយជញ្ជីងថ្លឹងទម្ងន់ចំនួន១៤ប៉ុណ្ណោះដែលកំពុងដំណើរការ ដើម្បីធានាបាននូវការអនុវត្តតាមស្ដង់ដារកំណត់ទម្ងន់។

កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលដៅទប់ស្កាត់ស្ថានភាពផ្លូវមិនល្អ ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ភ្ញៀវទេសចរក្នុងពេលពួកគេបានទៅទស្សនាប្រទេសឡាវ នៅឆ្នាំ២០២៤។

បញ្ហាប្រឈមមួយទៀតនៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសឡាវ គឺកង្វះកម្លាំងពលកម្ម។ នៅឆ្នាំនេះពលករឡាវ យ៉ាងច្រើនបានជ្រើសរើសស្វែងរកការងារធ្វើនៅក្រៅប្រទេសដើម្បីទទួលបានប្រាក់ឈ្នួលខ្ពស់ដោយសារតែការធ្លាក់ចុះជាបន្តបន្ទាប់នូវតម្លៃរូបិយប័ណ្ណគីប របស់ឡាវ។

ដើម្បីដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព ស្ថាប័នរដ្ឋាភិបាលឡាវ មួយចំនួនបានគាំទ្រយ៉ាងសកម្ម និងសម្របសម្រួលធ្វើយ៉ាងណាជួយឱ្យពលករទទួលបានឱកាសការងារបណ្តោះអាសន្ននៅក្រៅប្រទេស ជាពិសេសនៅប្រទេសកូរ៉េខាងត្បូង ថៃ និងជប៉ុន ជាដើមតាមរយៈបណ្តាញ និងកម្មវិធីស្របច្បាប់ដែលបានបង្កើតឡើងរួចហើយ។

ទោះជាឡាវ បានខំប្រឹងប្រែងជាបន្តបន្ទាប់ក៏ដោយ ក៏ប្រទេសនេះនៅតែបន្តជួបបញ្ហាអស្ថិរភាពសេដ្ឋកិច្ច និងឱនភាពពាណិជ្ជកម្មខ្ពស់រយៈពេល៧ខែជាប់ៗគ្នាគិតត្រឹមខែវិច្ឆិកា។ ទិន្នន័យពីគេហទំព័រ Lao Trade Portal បានបង្ហាញថា នៅក្នុងខែវិច្ឆិកា ឡាវ មានទំហំពាណិជ្ជកម្មសរុប ៩៨៦លានដុល្លារ ដោយក្នុងនោះការនាំចូលមានទំហំ៦២៥លានដុល្លារ និងការនាំចេញមានទំហំ៣៦១លានដុល្លារ ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មប្រមាណ២៦៤លានដុល្លារ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យ SME កម្ពុជាមានការរីកចម្រើន និងជួបបញ្ហាប្រឈមអ្វីខ្លះនៅក្នុងឆ្នាំ២០២៣?

ព័ត៌មាន
វិស័យសហគ្រាសធុនតូច និងមធ្យម(SME)បានរួមចំណែកកាន់តែធំ និងក្លាយជាវិស័យស្នូលមួយដ៏សំខាន់ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ដែលមានប្រមាណ៩៨%…

លុយដុល្លារអាម៉េរិកធ្លាក់ថ្លៃខ្លាំង ខណៈផ្សារហ៊ុនពិភពលោកហក់ឡើងខ្ពស់

ព័ត៌មាន
កាលពីថ្ងៃពុធ ដើមសប្ដាហ៍នេះ ផ្សារហ៊ុនពិភពលោកបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ខណៈប្រាក់ដុល្លារអាម៉េរិក បានធ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ