រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការជាច្រើនសម្រាប់ជួយលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន ដ្បិតថា វិស័យនេះ គឺជាវិស័យឆ្អឹងខ្នងដ៏សំខាន់មួយសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងនោះដែរ រាជរដ្ឋាភិបាល បានបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ដោយបានដាក់ទុនរាប់រយលានដុល្លារសម្រាប់ផ្តល់កម្ចីហិរញ្ញប្បទាន សម្រាប់ជួយទ្រទ្រង់ដល់ SME កម្ពុជា។ តែយ៉ាណា គេសង្កេតឃើញថា ទោះបីជាមានការផ្តល់កម្ចីហិរញ្ញប្បទានសម្រាប់ជួយ SME យ៉ាងណាក៏ដោយចុះ ប៉ុន្តែពួកគេនៅតែជួបបញ្ហាកង្វះលទ្ធភាពទទួលបានកម្ចីទាំងនោះ។ តើបញ្ហានេះមកពីកត្តាអ្វី?
ឆ្លើយតបនឹងសំណួរនេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការប្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា កត្តាដែលជំរុញឱ្យម្ចាស់សហគ្រាសអាជីវកម្មក្នុងវិស័យ SME ពិបាកក្នុងការទទួលបានកម្ចី ទាំងពីធនាគារ SME និងធនាគារពាណិជ្ជនានានោះ គឺដោយសារអាជីវកម្មពួកគេភាគច្រើនមិនទាន់បានចុះបញ្ជី និងមិនមានរបាយការណ៍ហិរញ្ញវត្ថុ ឬផែនការអាជីវកម្មត្រឹមត្រូវ ដូច្នេះហើយធនាគារមានការព្រួយបារម្ភអំពីហានិភ័យនៃអាជីវកម្មរបស់ពួកគេ និងហានិភ័យនៃការសងត្រឡប់មកវិញផងដែរ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ដែរថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្កើតប្រព័ន្ធផ្សព្វផ្សាយមួយដែលមានឈ្មោះថា Khmer SME ដើម្បីផ្តល់នូវការប្រឹក្សាយោបល់ និងដំណោះស្រាយផ្សេងៗជូនដល់ម្ចាស់សហគ្រាសអាជីវកម្មក្នុងវិស័យ SME សម្រាប់ឱ្យពួកគេអាចមានលទ្ធភាពទទួលបានកម្ចីពីគ្រឹះស្ថានធនាគារនានា តាមរយៈការរៀបចំស្តង់ដារអាជីវកម្មរបស់ខ្លួនធ្វើយ៉ាងណាទើបអាចទទួលបានកម្ចីជាដើម។
បើតាមការវាយតម្លៃរបស់ឯកឧត្តម ហេង សុខគង់ ការចុះបញ្ជីរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បច្ចុប្បន្នហាក់នៅមានកម្រិតតិចតួចនៅឡើយ តួយ៉ាងបើគិតតែចំពោះសហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យកម្មន្តសាល មកទល់ពេលនេះ មានចំនួនប្រមាណជាង៤ម៉ឺន៣ពាន់សហគ្រាសប៉ុណ្ណោះដែលបានចុះបញ្ជី ខណៈចំនួនសហគ្រាសធុន មីក្រូ តូច និងមធ្យមសរុបនៅទូទាំងប្រទេសមានរហូតដល់ជាង៧៥ម៉ឺន៣ពាន់សហគ្រាសឯណោះ៕