វិស័យ SME

អ្នកជំនាញថា បញ្ហាប្រឈមមួយចំនួនរបស់ SME នៅតែមិនទាន់អាចដោះស្រាយ ខណៈរដ្ឋាភិបាលប្តេជ្ញានឹងបន្តជួយដោះស្រាយ


ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្តេជ្ញាជួយគាំទ្រ និងដោះស្រាយបញ្ហាប្រឈមដល់សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ខណៈកាលពីពេលថ្មីៗបញ្ហាប្រឈមចំនួន២២ត្រូវបានលើកយកមកពិភាក្សា និងស្វែងរកដំណោះស្រាយ។ យ៉ាងណាមិញ ប្រធានសហព័ន្ធសមាគមហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអះអាងថា បើទោះបីបញ្ហាប្រឈមជាច្រើនត្រូវបានដោះស្រាយ ប៉ុន្តែបញ្ហាប្រឈមមួយចំនួននៅតែមិនទាន់អាចដោះស្រាយបាននៅឡើយទេ ពិសេសបញ្ហាទទួលកម្ចីពីធនាគារតែម្តង។
វិស័យ SME
ដោយ

ឧកញ៉ា តែ តាំងប៉ ប្រធានសហព័ន្ធសមាគមហគ្រាធុនតូច និងមធ្យមកម្ពុជា បានអះអាងថា ទោះបីកន្លងមកនេះ រាជរដ្ឋាភិបាលបានខិតខំជួយដោះស្រាយបញ្ហាជាច្រើនដល់វិស័យ SME ក៏ដោយ តែវិស័យនេះនៅតែបន្តជួបប្រឈមនឹងបញ្ហាមួយចំនួន ដែលទាមទារឱ្យមានការជួយដោះស្រាយ និងអន្តរាគមន៍ពីរាជរដ្ឋាភិបាល ពិសេសគឺបញ្ហាពិបាកក្នុងការទទួលបានឥណទានពីធនាគារ SME តែម្តង។ ទន្ទឹមនេះ ​ឧកញ៉ា តែ តាំងប៉ ស្នើឱ្យធនាគារ SME បង្កើនដើមទុនបន្ថែម ដើម្បីផ្តល់ទុនឱ្យម្ចាស់សហគ្រាសអាចមានលទ្ធភាពទៅបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ដ្បិតថាបច្ចុប្បន្នម្ចាស់អាជីវកម្មជាច្រើនកំពុងជួបនូវហានិភ័យ។

​ពាក់ព័ន្ធបញ្ហាប្រឈមរបស់វិស័យ SME នេះដែរ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួយប្រជុំជាមួយអ្នកពាក់ព័ន្ធនឹងវិស័យ SME ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមរបស់វិស័យសហគ្រាធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។ នៅក្នុងជំនួបនេះឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិយាកាសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលដើរតួនាទីសំខាន់ក្នុងការលើកម្ពស់កំណើនសេដ្ឋកិច្ច និងបង្កើតការងារ ពោលគឺវិស័យឯកជន គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកត្តាចាំបាច់ដែលត្រូវធ្វើការរួមគ្នា ដើម្បីកំណត់ និងដោះស្រាយបញ្ហាប្រឈមនានាដែលរារាំងដល់ការរីកចម្រើននៃវិស័យឯកជន។

តាមការបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ SME ត្រូវតែបង្កើតលក្ខណៈពិសេសសម្រាប់ផលិតផលរបស់ខ្លួន ទាំងលើគុណភាព រសជាតិ ការប្រើវត្ថុធាតុដើមក្នុងស្រុក លទ្ធភាពស្វែងរកប្រភពដើមទុន និងការអនុវត្តគោលការណ៍ការពារបរិស្ថានជាដើម ដ្បិតថា នាពេលខាងមុខការប្រកួតប្រជែងក្នុងវិស័យនេះនឹងមិនអាចធូរស្បើយជាងបច្ចុប្បន្ននោះទេ។

បើតាមឯកឧត្តម ហែម វណ្ណឌី ក្រសួងបានកែសម្រួលសេវាសាធារណៈ ទាំងថ្លៃសេវា និងសុពលភាព និងកំពុងបន្តកំណែទម្រង់សេវាសាធារណៈរបស់ខ្លួន ដោយដាក់ឱ្យដំណើរការលើប្រព័ន្ធអនឡាញ។ បន្ថែមលើនេះ ក្រសួងនឹងបន្តកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីធានាថា សំឡេងរបស់ពួកគេត្រូវបានយកទៅពិចារណានៅក្នុងដំណើរការរៀបចំអន្តរាគមន៍ និងការបង្កើតគោលនយោបាយគាំទ្រនានា។ ហើយលទ្ធផលនៃកិច្ចប្រជុំនេះនឹងត្រូវបានបញ្ចូលទៅក្នុងរបៀបវារៈនៃវេទិការដ្ឋាភិបាល-ផ្នែកឯកជននាពេលខាងមុខ។

គួរបញ្ជាក់ថា បញ្ហាប្រឈមរបស់ SME ចំនួន២២ ត្រូវបានលើកយកមកពិភាក្សា ដើម្បីឱ្យអង្គប្រជុំរកដំណោះស្រាយ ដោយបញ្ហាទាំងនោះរួមមានដូចជា ការចុះបញ្ជីផលិតផល និងកាតព្វកិច្ចពន្ធដារ, សម្ពាធពីការប្រកួតប្រជែង, ការទទួលបានហិរញ្ញប្បទាន, ការចូលទៅកាន់ទីផ្សារ, ការទទួលបានកម្លាំងពលកម្មជំនាញ, និងថ្លៃដើមផលិតកម្មខ្ពស់ ដោយសារថ្លៃដឹកជញ្ជូន និងតម្លៃថាមពលជាដើម៕

None



អត្ថបទបន្ទាប់


ការហូរចូលអំបិលមានតម្លៃថោកពីប្រទេសជិតខាង កំពុងក្លាយជាក្តីបារម្ភសម្រាប់ទីផ្សារអំបិលក្នុងស្រុក

ការហូរចូលអំបិលមានតម្លៃថោកពីប្រទេសជិតខាង កំពុងបង្កជាក្តីបារម្ភ និងគំរាមកំហែងដល់ទីផ្សារ និងផលិតកម្មអំបិលរបស់កម្ពុជា ដែលមានតម្លៃខ្ពស់ជាងអ…

ឥណ្ឌា ក្លាយជាកាតាលីករជំរុញឱ្យមាសឡើងថ្លៃនៅលើទីផ្សារពិភពលោកជំនួសចិន

ការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌា កំពុងធ្វើឲ្យប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកមួយនេះ ក្លាយជាកាតាលីករថ្មីជំនួសឲ្យប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ