គិតត្រឹមរសៀលថ្ងៃសៅរ៍ ទី៧ ខែតុលា ជើងហោះហើរប្រហែល១៦% ត្រូវបានលុបចោល ហើយ២៣%ទៀតត្រូវបានពន្យារពេលទៅកាន់អាកាសយានដ្ឋានអន្តរជាតិ បេនហ្គូរៀន (Ben Gurion) ដែលស្ថិតនៅជាយទីក្រុងតេអាវី (Tel Aviv) និងជាមជ្ឈមណ្ឌលអន្តរជាតិ របស់ប្រទេសអ៊ីស្រាអែល។
ជើងហោះហើរមួយចំនួនដែលហោះត្រង់ទៅអ៊ីស្រាអែល ត្រូវបានបង្វែរទៅអាកាសយានដ្ឋានផ្សេងទៀតនៅជុំវិញពិភពលោក។ បើតាមគេហទំព័រតាមដានជើងហោះហើរ FlightAware បានឱ្យដឹងថា ជើងហោះហើរលេខ៩៥៤របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ San Francisco កាលពីយប់ថ្ងៃសុក្រ ទី៦ ខែតុលា ដោយសំដៅទៅអ៊ីស្រាអែល ប៉ុន្តែក៏បានបង្វែរទិសទៅកាន់ទីក្រុង Greenland នៅប្រទេសដាណឺម៉ាក ហើយក្រោយមកជើងហោះហើរនេះ ក៏បានត្រឡប់ទៅទីក្រុង San Francisco វិញ។
ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សុវត្ថិភាពរបស់អតិថិជន និងអាកាសយានិកនាវិករបស់ពួកគេ គឺជាអាទិភាពចម្បង ហើយពេលនេះពួកគេកំពុងតាមដានស្ថានការណ៍នៅអ៊ីស្រាអែលយ៉ាងដិតដល់ ខណៈដែលពួកគេកំពុងកែសម្រួលកាលវិភាគហោះហើរតាមការចាំបាច់ឡើងវិញ។
ទិន្នន័យរបស់គេហទំព័រ FlightAware ក៏បានបង្ហាញដែរថា ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines និងក្រុមហ៊ុន American Airlines បានលុបចោលជើងហោះហើរទៅកាន់អ៊ីស្រាអែលទាំងអស់ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលគ្រោងនឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។
ក្រៅពីក្រុមហ៊ុនអាកាសចរណ៍អាមេរិក ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់លូហ្វថានសា (Lufthansa) ក៏បានប្រកាសកាលពីថ្ងៃសៅរ៍ដែរថា ពួកគេនឹងកាត់បន្ថយការហោះហើរភាគច្រើនទៅកាន់ទីក្រុងតេអាវីរបស់អ៊ីស្រាអែល។
អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍មួយនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសារតែស្ថានភាពសន្តិសុខបច្ចុប្បន្ននៅក្នុងប្រទេសអ៊ីស្រាអែល ដូច្នេះហើយក្រុមហ៊ុនអាកាសចរណ៍ លូហ្វថានសា អ៊ែរឡាញ (Lufthansa Group Airlines) បានកាត់បន្ថយជើងហោះហើររបស់ខ្លួនទាំងទៅ និងមកពីទីក្រុងតេអាវីកាលពីថ្ងៃសៅរ៍។
អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍នេះបានសរសេរថា ពួកគេកំពុងតាមដានស្ថានការណ៍សន្តិសុខយ៉ាងដិតដល់នៅប្រទេសអ៊ីស្រាអែល និងបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រោះសុវត្ថិភាពរបស់ភ្ញៀវ និងសមាជិកអាកាសយានិករបស់ពួកគេគឺជាអាទិភាពចម្បង ដែលក្រុមហ៊ុននេះត្រូវគិតគូរបំផុត។
សារព័ត៌មានវ៉ាឡា (Walla) របស់អ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុនអាកាសចរណ៍ស្វីស Swiss Air និងក្រុមហ៊ុនអាកាសចរណ៍អូទ្រីស Austrian Airlines ព្រមទាំងក្រុមហ៊ុនអាកាសចរណ៍តួកគី Turkish Airlines បានលុបចោលជើងហោះហើររបស់ពួកគេទាំងទៅនិងមកពីប្រទេសអ៊ីស្រាអែល។
ចំណែកក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់អ៊ីស្រាអែល អែល អាល់ (El Al) បាននិយាយថា អតិថិជន អាចផ្អាកឬលុបចោលជើងហោះហើរដោយមិនគិតថ្លៃ និងបានបង្កើតខ្សែទូរស័ព្ទបន្ទាន់សម្រាប់អតិថិជនណាដែលចង់ផ្លាស់ប្តូរជើងហោះហើររបស់ពួកគេផងដែរ៕
អត្ថបទ៖ សុខ ជា