អគ្គនាយកដ្ឋានគយ

គយប្រមូលចំណូលមិនគ្រប់តាមផែនការ ខណៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធ្វើឱ្យស្ថាប័ននេះបាត់ចំណូលជិត៤០០លានដុល្លារនៅឆ្នាំនេះ


នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានថយចុះជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករមិនអាចសម្រេចបានគ្រប់តាមផែនការនោះទេ ពោលគឺអាចសម្រេចបានប្រមាណ៨២% នៃផែនការដែលបានកំណត់ដោយច្បាប់តែប៉ុណ្ណោះ។
អគ្គនាយកដ្ឋានគយ
ដោយ

យ៉ាងណាមិញអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានបាត់បង់ចំណូលជិត៤០០លានដុល្លារនៅឆ្នាំនេះ ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាជាមួយប្រទេសជាដៃគូ។ ក្រៅពីបញ្ហានេះ តើអ្វីជាឧបសគ្គក្នុងការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅក្នុងឆ្នាំ២០២៣? តើការថយចុះនៃការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ អាចជះឥទ្ធិផលអវិជ្ជមានដល់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាដែរឬទេ?

ថ្លែងនាឱកាសវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកត់សម្គាល់ឃើញថា ចាប់ពីឆ្នាំ២០២០ មកការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានការថមថយគួរឲ្យកត់សម្គាល់។ បើតាមអគ្គនាយក នៃអគ្គនាយកដ្ឋានរូបនេះ មានកត្តាសំខាន់ចំនួន៣ ដែលធ្វើឱ្យការប្រមូលពន្ធគយថយចុះ និងមិនគ្រប់តាមផែនការ រួមមាន វិបត្តិសាកលដែលបានកើតឡើងជាបន្តបន្ទាប់ ការកើនឡើងនូវខ្សែច្រវាក់ផលិតកម្មក្នុងស្រុក រួមទាំងការអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម ដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសផ្សេងៗ ដោយកម្ពុជា បានផ្តល់នូវការអនុគ្រោះពន្ធដល់សូន្យ សម្រាប់មុខទំនិញមួយចំនួនដល់ប្រទេសភាគីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

កត្តាទាំងនេះហើយដែលធ្វើឱ្យចំណូលពន្ធគយរបស់កម្ពុជា មានការធ្លាក់ចុះជាបន្តបន្ទាប់។ ជាក់ស្តែង នៅឆ្នាំ២០២៣ ចំណូលពន្ធគយ ដែលបានបាត់បង់ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាមានរហូតជិត៤០០លានដុល្លារឯណោះ។ យ៉ាងណាក៏ដោយ ក្រៅពីការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ភាពរីកចម្រើននៃការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម ផលិតកម្ម កម្មន្តសាល របស់កម្ពុជា និងការបើករោងដំណើរដំឡើងយានយន្តនៅកម្ពុជាជាបន្តបន្ទាប់ ក៏ជាកត្តារួមចំណែកមួយដែរ ដែលធ្វើឲ្យចំណូលរបស់អគ្គនាយកដ្ឋានគយមានការថយចុះ។

បើតាមឯកឧត្តម គុណ ញឹម បើទោះបីជា ចំណូលគយមានការថមថយ ប៉ុន្តែការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម ផលិតកម្ម ជាបន្តបន្ទាប់ បានធ្វើឲ្យកម្ពុជាទទួលបានផលចំណេញជាវិជ្ជមាន ពោលគឺកម្ពុជាមានលទ្ធភាពកាន់តែច្រើនក្នុងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ក៏ដូចជាអាចឲ្យកម្ពុជានាំចេញទំនិញកាន់តែច្រើនទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្ដែង ការបង្កើតរោងចក្រឧស្សាហកម្មនៅកម្ពុជាបច្ចុប្បន្នបន្តមានកំណើនគួរឲ្យកត់សម្គាល់ដូចជា រោងចក្រផលិតសំបកកង់យានយន្ត រោងចក្រផលិតភេសជ្ជៈ រោងចក្រកែច្នៃជាដើម ដែលសុទ្ធសឹងតែអាចឲ្យកម្ពុជាមានលទ្ធភាពផ្គត់ផ្ដង់វត្ថុធាតុដើមដោយខ្លួនឯង និងអាចកាត់បន្ថយការនាំចូល។ យ៉ាងណាមិញ សម្រាប់មេគយរូបនេះ ដ្បិតការថយចុះនៃការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ អាចជាបញ្ហាប្រឈមសម្រាប់អគ្គនាយកដ្ឋានគយ ក៏ពិតមែន ប៉ុន្តែសម្រាប់បញ្ហានេះមិនធ្វើឲ្យប៉ះពាល់ដល់ផែនការសកម្មភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជានោះឡើយ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ មិនបានគ្រប់តាមផែនការនោះទេ ពោលគឺតាមការប៉ាន់ស្មាន ការប្រមូលចំណូលពន្ធគយឆ្នាំនេះសម្រេចបានប្រមាណជាង៨២% នៃផែនការដែលបានកំណត់ដោយច្បាប់ថវិកាជាតិឆ្នាំ២០២៣។ យ៉ាងណាក៏ដោយបើតាមឯកឧត្តម គុណ ញឹម នាពេលអនាគតអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាចផ្លាស់ប្ដូរផែនការសកម្មភាពដោយមិនផ្ដោតតែលើការប្រមូលចំណូលនោះទេ ពោលអាច នឹងងាកទៅផ្ដោតលើកិច្ចការសម្របសម្រួលពាណិជ្ជកម្មវិញម្ដង ដើម្បីធ្វើយ៉ាងណាឲ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិកាន់តែល្អប្រសើរថែមមួយកម្រិតទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធររកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជិត២៥០កន្លែងលក់បន្លំគុណភាព និងបរិមាណនៅឆ្នាំនេះ

ព័ត៌មាន
ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជិត២៥០កន្លែង ក្នុងចំណោមជិត១ពាន់៧រយស្ថានីយ-ដេប៉ូ ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. រកឃើញប្រកបអាជីវកម្ម…

សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកទិន្នន័យជំរឿនសេដ្ឋកិច្ច គឺជាផែនទី និងជាត្រីវិស័យសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកទិន្នន័យជំរឿនសេដ្ឋកិច្ច គឺជាផែនទី និងជាត្រីវិស័យសម្រាប់ជួយដល់រាជរដ្ឋាភិបាលក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ