លោក ប្រ៉ុក ប្រ៉ម កសិករដាំដំឡូងមីម្នាក់ នៅស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ជាទូទៅតម្លៃដំឡូងមីស្រស់ ដែលលក់នៅតាមស្តង់ ឬដែលកសិករនៅតាមតំបន់មួយចំនួនហៅថា សៃឡូ គឺមានតម្លៃទាបជាងការលក់ឱ្យរោងចក្រកែច្នៃ ដោយសារតែឈ្មួញដែលទិញនៅតាមស្តង់ពុំគិតអំពីប្រភេទពូជ និងកម្រិតជាតិម្សៅនោះទេ ខណៈនៅតាមរោងចក្រកែច្នៃគេមានការគិតគូលើបញ្ហានេះ និងឱ្យតម្លៃទៅតាមកម្រិតជាតិម្សៅដែលមាននៅក្នុងដំឡូងមី។ កត្តានេះហើយ ដែលធ្វើឱ្យការលក់ដំឡូងមីរបស់កសិករទទួលបានតម្លៃផ្សេងៗគ្នា។ បើតាមការអះអាងរបស់កសិកររូបនេះ កត្តាដែលជំរុញឱ្យកសិករមួយចំនួនត្រូវបង្ខំចិត្តលក់ដំឡូងមីឱ្យឈ្មួញនៅតាមស្តង់មិនលក់ឱ្យរោងចក្រ គឺដោយសារកត្តាទីតាំង និងការដឹកជញ្ជូន។
កសិកររូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើផ្ទៃដីដាំដុះក្នុង១ហិកតា ទទួលបានទិន្នផលក្រោម២០តោន និងមានតម្លៃត្រឹម២០០រៀល ក្នុង១គីឡូ នោះកសិករនឹងមិនអាចទទួលបានផលចំណេញនោះទេ ដែលបញ្ហានេះទាមទារឱ្យអ្នកដាំដំឡូងត្រូវចេះជ្រើសរើសប្រភេទពូជ និងផ្ទៃដី ដែលមានជីវជាតិគ្រប់គ្រាន់ ព្រមទាំងដាំទៅតាមបច្ចេកទេស ហើយលក់ទៅឱ្យរោងចក្រកែច្នៃនោះទើបទទួលបានតម្លៃសមរម្យ។
ពាក់ព័ន្ធនឹងដំណាំដំឡូងមីនេះដែរ លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានឱ្យដឹងថា តម្លៃដំឡូងមីស្រស់នាពេលបច្ចុប្បន្នមានភាពប្រសើរឡើងវិញបន្តិច តែពុំទាន់ដូចការចង់បានរបស់កសិករនៅឡើយទេ ខណៈឈ្មួញបានទិញក្នុងតម្លៃផ្សេងៗគ្នាអាស្រ័យលើតំបន់ជិត ឬឆ្ងាយ និងកម្រិតជាតិម្សៅតិច ឬច្រើន។
បើតាមអ្នកជំនាញរូបនេះ មូលហេតុដែលដំឡូងខ្លះលក់បានតម្លៃទាប ក៏ដោយសារកសិករមួយចំនួនដាំដុះដោយពុំបានជ្រើសពូជឱ្យស្របជាមួយទីផ្សារ និងលក់នៅតាមស្តង់ ដែលគេទិញជាតម្លៃទូទៅខ្ទង់២០០រៀលក្នុង១គីឡូ ហើយពុំបានយកទៅលក់ដោយផ្ទាល់នៅរោងចក្រ។ ជាមួយគ្នានេះ លោក អិល ឈិញ លើកទឹកចិត្តដល់កសិករដែលចង់ដាំដំឡូងមី ត្រូវចេះពិនិត្យផ្ទៃដី ដោយធ្វើយ៉ាងណាឱ្យទទួលបានទិន្នផលចាប់ពី២៥តោនឡើងទៅក្នុង១ហិកតា និងរកពូជដំឡូងមីដែលមានកម្រិតជាតិម្សៅខ្ពស់ស្របតាមតម្រូវតាមទីផ្សារ នោះទើបអាចទទួលបានផលចំណេញ។
ដោយឡែក ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កម្ពុជាមិនទាន់មានគោលនយោបាយគាំទ្រដំណាំដំឡូងមីនៅឡើយទេ ហើយក៏មិនទាន់មានការលើកទឹកចិត្តសម្រាប់ដំណាំប្រភេទនេះនៅឡើយដែរ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ផលវិបាកនៃការកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ ការប៉ះពាល់ដល់គុណភាពដី និងភាពមិនច្បាស់លាស់នៃទីផ្សារ ធ្វើឱ្យដំឡូងមីពិបាកក្លាយជាដំណាំអាទិភាព។ អ្នកនាំពាក្យរូបនេះ បានណែនាំដល់កសិករ គួរពិចារណារកដំណាំផ្សេងដែលមានគោលនយោបាយគាំទ្រច្បាស់លាស់ ដូចជាស្រូវ ចន្ទី ម្រេច ឬបន្លែផ្សេងៗជាដើម៕
អត្ថបទ៖ បូ ដូឡា