អ្នកជំនាញថារដ្ឋាភិបាលថ្មីរបស់ថៃគួរបន្តផ្តល់មូលនិធិឱ្យគម្រោង ៤ ក្នុងតំបន់

អ្នកជំនាញថៃសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងបន្តគាំទ្រគម្រោងសំខាន់ចំនួន៤ ជាមួយប្រទេសជិតខាង រួមទាំងកម្ពុជា


ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) បាននិយាយថាខ្លួននឹងស្នើឱ្យរដ្ឋាភិបាលថ្មីរបស់ថៃ ជួយគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីចំនួនបួន ដែលប្រទេសនេះកំពុងធ្វើជាមួយប្រទេសជិតខាងដូចជាកម្ពុជា និងឡាវជាដើម។ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានថៃ The Nation។
អ្នកជំនាញថារដ្ឋាភិបាលថ្មីរបស់ថៃគួរបន្តផ្តល់មូលនិធិឱ្យគម្រោង ៤ ក្នុងតំបន់

លោក ភីរ៉ាមី វុឌ្ធីធនីធីរ៉ាក់ (Peerames Vudthitornetiraks) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) បាននិយាយប្រាប់សារព័ត៌មាន The Nation កាលពីថ្ងៃសុក្រថា គម្រោងសំខាន់មួយក្នុងចំណោមគម្រោងសំខាន់ៗចំនួន៤ គឺផ្លូវដែលតភ្ជាប់ពីខេត្ត ណាខន ផានុម ទៅកាន់ទីក្រុង ថាកខេក (Thakhek) ប្រទេសឡាវ និងដែលផុតត្រឹមខេត្ត ក្វាងប៊ិញ ប្រទេសវៀតណាម។

លោកបានបន្តថា គម្រោងនេះគឺដើម្បីសាងសង់ផ្លូវហាយវ៉េប្រវែង ១៤៧ គីឡូម៉ែត្រ មានតម្លៃ ១,៨៣ ប៊ីលានបាត ឬប្រមាណជា ៥៣ លានដុល្លារ ហើយទីភ្នាក់ងាររបស់លោកមានគម្រោងស្នើឱ្យរដ្ឋាភិបាលថ្មីផ្ដល់កម្ចីឱ្យប្រទេសជិតខាងយកទៅធ្វើផ្លូវនេះ។

គម្រោងសំខាន់មួយទៀតពាក់ព័ន្ធនឹងការកែលម្អផ្លូវជាតិលេខ ៦៧ ប្រវែង ១៣៤,៦ គីឡូម៉ែត្រ រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ ថវិកាចាំបាច់តម្លៃ ៩៨៣ លានបាត ឬ ២៨ លានដុល្លារ ជាប្រាក់កម្ចីដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលផុតអាណត្តិកាលពីខែវិច្ឆិកាឆ្នាំមុន។

លោក ភីរ៉ាមី បាននិយាយថា គម្រោងផ្លូវជាតិលេខ ៦៧ ដែលតភ្ជាប់ទៅនឹងខេត្តស្រះកែវ នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មដឹកជញ្ជូនអ្នកដំណើរ និងភស្តុភារ ដោយសារវាឆ្លងកាត់មជ្ឈមណ្ឌលសេដ្ឋកិច្ចជាច្រើននៅកម្ពុជា ក្នុងនោះរួមមានរាជធានីភ្នំពេញ សៀមរាប ប៉ោយប៉ែត និងបន្ទាយមានជ័យ។
លោក ភីរ៉ាមី បានបន្ថែមថា ផ្លូវហាយវេនេះក៏នឹងតភ្ជាប់ប្រទេសថៃទៅកាន់តំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់វៀតណាម ដែលអាចជួយពង្រីកទីផ្សារ និងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនផលិតរបស់ថៃ។ គេដឹងថា ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់វៀតណាមនេះគឺជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ។

គម្រោងពីរទៀតដែលស្ថិតនៅក្នុងការសិក្សានិងការរៀបផែនការនៅឡើយ គឺការសាងសង់ច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ស្ទឹងបត់ នៅព្រំដែនខេត្តស្រះកែវជាមួយកម្ពុជា និងការកែលម្អផ្លូវជាតិលេខ ៦៨ តភ្ជាប់ពីខេត្តសុរិន្ទ ទៅសៀមរាប។

បច្ចុប្បន្ន ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងកំពុងត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ៩០ ជាមួយប្រទេសជិតខាងចំនួន ៧ ដែលប្រទេសថៃបានរួមចំណែកក្នុងទឹកប្រាក់សរុប ២២,២៨ ប៊ីលានបាត ឬ ៦៤១ លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមប្រទេសក្របខណ្ឌ IPEF បញ្ចប់កិច្ចចរចាបឋមអំពី កិច្ចព្រមព្រៀងពង្រឹងភាពធន់ខ្សែចង្វាក់ផ្គត់ផ្គង់

ព័ត៌មាន
រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំង ១៤ ដែលជាសមាជិកក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានបញ្ចប់ជា…

រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកថា ទីក្រុងវ៉ាស៊ិនតោននឹងមិនអត់ឱនចំពោះបម្រាមរបស់ចិនលើក្រុមហ៊ុនបន្ទះឈីប Micronឡើយ

ព័ត៌មាន
លោកស្រី ជីណា រៃមុនដូ (Gina Raimondo) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃទី ២៧ ខែឧសភា បានឱ្យដឹងថា សហរដ្ឋអាមេរិក «នឹងមិនអត់ឱន» …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ