ឯកឧត្តម វេង សាខុន

ក្រុមអ្នកកាសែតមួយចំនួនថា ឯកឧត្តម វេង សាខុន ធ្លាប់ជារដ្ឋមន្ត្រី ដែលមានកិច្ចសហការផ្ដល់ព័ត៌មានល្អជាមួយអ្នកសារព័ត៌មាន


អ្នកសារព័ត៌មានមួយចំនួនបានបង្ហាញអារម្មណ៍សោកស្តាយចំពោះការបញ្ចប់តំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដ្បិតថា ពួកគេបានចាត់ទុកឯកឧត្តម វេង សាខុន ជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបក្នុងជួររាជរដ្ឋាភិបាលមួយរូប ដែលមានកិច្ចសហការល្អជាមួយអ្នកសារព័ត៌មានក្នុងការផ្ដល់សម្ភាសន៍ ឬឆ្លើយតបផ្ដល់ព័ត៌មានបានលឿនរហ័ស ពាក់ព័ន្ធនឹងស្ថានភាពវិស័យកសិកម្មនៅកម្ពុជា។
ឯកឧត្តម វេង សាខុន
ដោយ

អ្នកសារព័ត៌មានមួយចំនួន​មកពីស្ថាប័នផ្សេងៗគ្នា ដែលធ្លាប់ធ្វើបទសម្ភាសដោយផ្ទាល់ និងតាមប្រព័ន្ធអេឡិចត្រូនិកជាមួយនឹង​អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានបង្ហាញអារម្មណ៍សោកស្តាយ ចំពោះការបញ្ចប់តំណែងរបស់​ឯកឧត្តមពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ៨ខែតុលា។ ការបង្ហាញអារម្មណ៍សោកស្តាយនេះ ក៏ដោយសារពួកគេចាត់ទុកឯកឧត្តម វេង សាខុន ជាមន្ត្រីជាន់ខ្ពស់មួយរូបដែលមានការសហការល្អក្នុងការឆ្លើយតបជាមួយអ្នកសារព័ត៌មាន ដែលបានចោទជាសំណួរផ្សេងៗពាក់ព័ន្ធនឹងវិស័យកសិកម្មនៅកម្ពុជា។ កត្តានេះធ្វើឲ្យក្រុមអ្នកសារព័ត៌មានបារម្ភថាថា ការបញ្ចប់តំណែងឯកឧត្តម វេង សាខុន អាចជាការបាត់បង់ប្រភពព័ត៌មានកសិកម្មដ៏សំខាន់មួយសម្រាប់អ្នកសារព័ត៌មាន។

ទន្ទឹមនឹងបង្ហាញអារម្មណ៍សោកស្តាយ ក្រុមអ្នកសារព័ត៌មានទាំងនោះកត់សម្គាល់ឃើញថា ក្រោមការដឹកនាំរបស់ឯកឧត្តម វេង សាខុន វិស័យកសិកម្មនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយក៏ជាបុគ្គលសំខាន់មួយរូបក្នុងការចរចាបើកទីផ្សារអន្តរជាតិសម្រាប់ការនាំចេញផលិតផលកសិកម្មមួយចំនួនផងដែរ។ ជាក់ស្តែង ក្រោមការដឹកនាំរបស់ ឯកឧត្តម ផលិតផលកសិកម្មដូចជាផ្លែចេកស្រស់ ស្វាយស្រស់ និងតាង៉ែនកាលពីពេលថ្មីៗត្រូវបានរដ្ឋបាលគយចិនអនុញ្ញាតឲ្យនាំចេញទៅកាន់ទីផ្សារចិន។

ទោះយ៉ាងណា ជារឿយៗ រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ ក៏ធ្លាប់រងនូវការរិះគន់មួយចំនួន ជុំវិញនឹងបញ្ហាទីផ្សារផលិតផលកសិកម្មដូចជា បញ្ហាផ្លែស្វាយ និងបញ្ហាផ្លែមៀនធ្លាក់ថ្លៃជាដើម។

គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់តំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ហើយនៅថ្ងៃដដែលនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញសេចក្តីសម្រេចមួយដោយចាត់តាំងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្មរហូតដល់មានការតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី។

តែយ៉ាងណាមកទល់ពេលនេះយើងមិនទាន់ដឹងទេថា តើការបញ្ចប់តំណែងឯកឧត្តម វេង សាខុន ធ្វើឡើងក្រោមហេតុផលអ្វីនោះទេ។ ទោះបីយ៉ាងនេះក្តី គេនៅចាំបានថា កាលពីកន្លងទៅឯកឧត្តម វេង សាខុន ធ្លាប់ត្រូវបានសម្តេចតេជោ ហ៊ុន សែន ស្តីបន្ទោសជាសាធារណៈពាក់ព័ន្ធការខ្វះកិច្ចសហការជាមួយនឹងជាមួយនឹងក្រសួងសេដ្ឋកិច្ច ជុំវិញបញ្ហាការបិទការនាំជ្រូកចូលពីក្រៅប្រទេស។ ដោយកាលណោះ សម្តេចតេជោ បានចាត់តុកឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រីដែលខ្វះការសហការជាមួយរដ្ឋមន្ត្រីផ្សេងៗ និងជារដ្ឋមន្ត្រី«ជិះសេះមើលផ្កា»ផងដែរ។

បន្ថែមលើនេះឯកឧត្តម វេង សាខុន ក៏ធ្លាប់រងការស្តីបន្ទោសពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជុំវិញការចុះហត្ថលេខាអនុញ្ញាតឲ្យក្រុមហ៊ុនមួយនាំចូលសារធាតុសម្រាប់ផលិតផលិតផលកសិកម្ម តែការពិតជាសារធាតុសម្រាប់ផលិតគ្រឿងញៀន។ បញ្ហានេះ សម្តេចក្រឡាហោម បានស្តីបន្ទោសអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មថាខ្វះការសហការជួយភាគីពាក់ព័ន្ធ។

ក្រោយដកតំណែងឯកឧត្តម វេង សាខុន បានប៉ុន្មានម៉ោង សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជាសំឡេងដោយបញ្ហាឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម សហការជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសិក្សានិងដោះស្រាយជាបន្ទាន់លើបញ្ហាការលិចលង់ផលដំណាំ និងដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលបង្កដោយជំនន់ទឹកភ្លៀង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដោយដកស្រង់ពីរបាយការណ៍របស់ឯកឧត្តម គន់ គីម ថា មកទល់ពេលនេះជំនន់ទឹកភ្លៀងបានជន់លិចតំបន់មួយចំនួនក្នុងខេត្តចំនួន២២ ដែលបានបង្កផលប៉ះពាល់ដល់ឃុំសរុបចំនួន៧៧០ និងបានបង្កឲ្យលិចស្រូវរបស់ប្រជាពលរដ្ឋជាង១ម៉ឺន៥ពាន់ហិកតា លិចសាលារៀនដែលធ្វើសិស្សខកខានសិក្សា លិចផ្លូវថ្នល់ និងបានធ្វើឲ្យមនុស្សស្លាប់ចំនួន៤នាក់៕




អត្ថបទបន្ទាប់


រុស្ស៊ីតែងតាំងមេទ័ពថ្មី ក្នុងការដឹកនាំកងកម្លាំងវាយប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន ក្រោយការបរាជ័យផ្ទួនៗ

ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសៅរ៍ ទី៨ តុលា បានតែងតាំងមេបញ្ជាការកងទ័ពជើងអាកាស លោក Sergei Surovikin ទៅជាមេបញ្ជាការរួមនៃកងកម្លាំងរ…

តើបុណ្យសមុទ្រឆ្នាំ២០២២នេះ នឹងមានអ្វីពិសេសជាងឆ្នាំមុនៗ?

ក្រសួងទេសចរណ៍បានជ្រើសរើសខេត្តព្រះសីហនុ ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម» ដែលនឹងប្រព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ