គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ គឺជាប្រភពទុនដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងវិនិយោគិនក្នុងការចាប់ផ្តើមអាជីវកម្ម ឬពង្រីកអាជីវកម្មរបស់ខ្លួន ក៏ដូចជាជួយស្តារ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ប៉ុន្តែកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចី ក៏អាចក្លាយជាបន្ទុកបំណុលវ័ណ្ឌកផងដែរ ប្រសិនបើអ្នកទទួលកម្ចីទាំងនោះប្រើប្រាស់មិនបានត្រឹមត្រូវ។ ដូច្នេះអាចនិយាយបានថា កម្ចីរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុអាចផ្តល់ទាំងផលវិជ្ជមានផង និងអវិជ្ជមានផង។ តែយ៉ាងណាការផ្តល់ផលអវិជ្ជមានមានក្នុងកម្រិតតិចតួចបំផុត។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ កត់សម្គាល់ឃើញថា កត្តាដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនអាចវ័ណ្ឌកជាមួយបំណុល គឺដោយសារពួកគេប្រើប្រាស់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនចំគោលដៅ ពោលគឺយកទៅចំណាយលើសម្ភារនិយម ដែលមិនបម្រើឱ្យការធ្វើអាជីវកម្ម។ មួយវិញទៀត ដោយសារពលរដ្ឋទាំងនោះប្រើប្រាស់កម្ចីពីរក្នុងពេលតែមួយ ពោលគឺពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការផង និងកម្ចីក្រៅផ្លូវការផង។ ជនបង្គោលក្នុងគ្រួសារ ដែលជាអ្នករកចំណូលធ្លាក់ខ្លួនឈឺអាចជាផ្នែកមួយធ្វើឱ្យពលរដ្ឋខ្លះផុងខ្លួនកាន់តែជ្រៅជាមួយបំណុលផងដែរ។
យ៉ាងណាមិញលោក កាំង តុងងី លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ដែលជួបបញ្ហាក្នុងការសងត្រឡប់ ឬធ្លាក់ខ្លួនចូលក្នុងវិបត្តិបំណុល គឺទៅពិគ្រោះយោបល់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចី ឬជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុដើម្បីរកច្រកចេញ ដ្បិតថា ទាំងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុសុទ្ធតែមានយន្តការបន្ធូរបន្ថយដល់អ្នកដែលកូនកម្ចី ដែលអស់លទ្ធភាពក្នុងការសង។ ជាមួយគ្នានេះ ពលរដ្ឋត្រូវជៀសវាងដាច់ខាតកុំទៅខ្ចីលុយក្រៅផ្លូវការមកដោះសា្រយបំណុលផ្លូវការ ព្រោះការធ្វើបែបនេះមិនត្រឹមតែមិនអាចជួយឱ្យពួកគេអាចដោះស្រាយបញ្ហានោះទេ ថែមទាំងដាក់បន្ទុកបំណុលកាន់តែធ្ងន់បន្ថែមទៀត។
ពាក់ព័ន្ធបញ្ហាបំណុលរបស់ប្រជាពលរដ្ឋនេះដែរលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាកម្ពុជាកត់សម្គាល់ឃើញថា ការផុងខ្លួនជាមួយបំណុលរបស់ប្រជាពលរដ្ឋមួយចំនួន គឺមួយផ្នែកបណ្តាលមកពីការជាប់គាំងនៃទីផ្សារវិស័យអចលនទ្រព្យ ពោលគឺការផ្គត់ផ្គង់លើសតម្រូវការ។
អ្នកជំនាញរូបនេះសង្កេតឃើញថា នៅអំឡុងពេលវិស័យអចលនទ្រព្យជាពិសេសដីឡូតិ៍ និងផ្ទះល្វែងមានទីផ្សារល្អប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាទៅខ្ចីបំណុលពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកទៅទិញដីឡូតិ៍ឬផ្ទះល្វែងដើម្បីទុកលក់យកចំណេញ។ ប៉ុន្តែនៅពេលវិស័យនេះជាប់គាំង ហើយអចលនទ្រព្យរបស់ពួកគេលក់អត់ចេញ ស្របពេលសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជារងការគំរាមកំហែងពីវិបត្តិកូវីដ-១៩ និងវិបត្តិសកលនានាបានធ្វើឱ្យពួកគេជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល និងខ្វះលទ្ធភាពសងត្រឡប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចី។
យើងកត់សម្គាល់ឃើញថា ការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការពីសំណាក់អ្នកមានលុយនៅកម្ពុជាមានការរីកដុះដាលយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើទោះបីការផ្តល់កម្ចីរបៀបនេះមិនមានភាពស្មុគស្មាញ ឬទាមទារឲ្យមានវត្ថុបញ្ចាំ ប៉ុន្តែវាមានហានិភ័យខ្ពស់ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋវ័ណ្ឌកជាមួយបំណុល ដ្បិតវាមានអត្រាការប្រាក់ខ្ពស់ បើធៀបនឹងការផ្តល់កម្ចីរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។
ជុំវិញការផ្តល់កម្ចីក្រៅផ្លូវការនេះ ធនាគារជាតិនៃកម្ពុជាកាលពីពេលកន្លងទៅបានក្រើនរំលឹកឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់សេវាកម្ចីពីក្រុមហ៊ុន ឬអ្នកផ្តល់កម្ចី ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដ្បិតវាមានហានិភ័យខ្ពស់ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋផុងខ្លួនជាមួយបំណុលវ័ណ្ឌក ព្រោះការផ្តល់កម្ចីក្រៅផ្លូវការមានអត្រាការប្រាក់ខ្ពស់ ជាងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្លូវការ។ ទន្ទឹមនឹងនេះ ធនាគារជាតិ នៃកម្ពុជា ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬអ្នកផ្តល់កម្ចីដែលគ្មានច្បាប់អនុញ្ញាតផងដែរ៕