ក្រុមហ៊ុន App ដឹកជញ្ជូន និងចែកចាយអាហារតាមអនឡាញនៅក្នុងប្រទេសថៃ បាននិងកំពុងតែហែលឆ្លងវិបត្តិនៃបញ្ហាខាតបង់ ខណៈដែលសង្គមជីវភាពថៃបានវិលមករកប្រក្រតីភាពឡើងវិញ។ ក្រុមហ៊ុន App ល្បីៗ ដូចជា Robinhood ដែលបានទទួលកិច្ចព្រមព្រៀងផ្តល់មូលនិធិពីធនាគារ Siam Commercial Bank បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា ខ្លួននឹងបិទជាផ្លូវការនៅថ្ងៃទី៣១ ខែកក្កដា ដោយសារតែការខាតបង់ដ៏ច្រើនលើសលុយ។
ក្រុមហ៊ុន App នេះបានបើកប្រតិបត្តិការនៅឆ្នាំ២០២០ ប៉ុន្តែបានប្រឈមមុខនឹងការខាតបង់រាល់ឆ្នាំ ដោយឆ្នាំដំបូងខាងជាង២ដុល្លារ ហើយនៅឆ្នាំ២០២១ ខាតប្រមាណជិត៣៦លានដុល្លារ ហើយនៅឆ្នាំ២០២២ ខាតជាង៥២លានដុល្លារ និងនៅឆ្នាំ២០២៣ ខាតជាង៥៨លានដុល្លារ។
បច្ចុប្បន្ននៅក្នុងចំណោមក្រុមហ៊ុន App ដឹកជញ្ជូនអាហារដែលកំពុងធ្វើប្រតិបត្តិការប្រមាណ៤៧% គ្រប់គ្រងដោយ Grab Food ហើយ៣៦% គ្រប់គ្រងដោយ Lineman ប៉ុន្តែក្រុមហ៊ុនបម្រើសេវាកម្មទាំងនេះ ក្រុមហ៊ុនខ្លះ ក៏កំពុងប្រឈមមុខនឹងការខាតគួរសមផងដែរ ទោះបីជាសេវាកម្មបានពង្រីកចេញពីក្រុងបាងកក ទៅឈៀងម៉ៃ និងភូកេតក៏ដោយចុះ។
Grab បានរងការខាតបង់ប្រមាណជិត៨លានដុល្លារនៅក្នុងឆ្នាំ២០២០ ហើយបន្តខាតជិត៩លានដុល្លារនៅក្នុងឆ្នាំ២០២១ តែបានចំណេញជិត១៦លានដុល្លារនៅឆ្នាំ២០២២ ហើយបន្តចំណេញដល់ទៅជិត៣៦លានដុល្លារនៅឆ្នាំ២០២៣។ ដោយឡែក ក្រុម LINEMAN បានខាតបង់ជាង៣០លានដុល្លារក្នុងឆ្នាំ២០២០ ហើយបន្តខាតដល់៦៦លានដុល្លារក្នុងឆ្នាំ២០២១ និងខាតជាង៧៤លានដុល្លារ ក្នុងឆ្នាំ២០២២ ហើយនៅឆ្នាំ២០២៣ ការខាតបង់បានរួមមកវិញបន្តិចមកនៅតត្រឹមជិត៧លានដុល្លារ។
យោងតាមក្រុមហ៊ុន Grab និង LINEMAN មនុស្សជាង២០លាននាក់នៅតែមានកម្មវិធីចែកចាយអាហារនៅលើស្មាតហ្វូនរបស់ពួកគេ ហើយមួយចំនួននៅតែបន្តបញ្ជាទិញតាម App គ្រាន់តែបុគ្គលិក និងកម្មករថៃជាច្រើនបានត្រឡប់ទៅរកឥរិយាបទ នៃការទទួលទានតាមភោជនីយដ្ឋាន តាមបារ តាមហាងជាប្រក្រតីឡើងវិញ។
គួរបញ្ជាក់ថា ទីផ្សារចែកចាយអាហារនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ មានតម្លៃប្រមាណ១៧ពាន់លានដុល្លារ ដោយឥណ្ឌូណេស៊ីមានទំហំប្រមាណជា៤,៦ពាន់លានដុល្លារ បន្ទាប់មកប្រទេសថៃមានទំហំប្រមាណជា៣,៧ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ