អាហ្រ្វិកខាងត្បូងបានរងការវាយប្រហារយ៉ាងដំណំដោយរលកឆ្លងទី ៤ ជាពិសេសការលេចឡើងនូវវត្តមានមេរោគបំប្លែងថ្មីអូមីក្រុង ក្រោយបានរកឃើញដំបូងក្នុងតំបន់នេះ។ រលកឆ្លងទី៤នេះ បានបង្កឱ្យអ្នកឆ្លងសរុបក្នុងប្រទេសអាហ្វ្រិកខាងត្បូងកើនដល់ ៣លាន៥សែននាក់ និងបានស្លាប់ជិត ៩ម៉ឺន ៤ពាន់នាក់ហើយ ដែលជាករណីផ្ទុះរាលដាលដ៏អាក្រក់បំផុតរបស់តំបន់មួយនេះ ។
ទន្ទឹមនេះ ការបិទខ្ទប់ប្រទេសជាបន្តបន្ទាប់ក្នុងន័យការពារប្រជាជនបាននាំឱ្យមានការបិទអាជីវកម្មរាប់ពាន់កន្លែង និងបានធ្វើឲ្យមនុស្សជាច្រើនបានបាត់បង់ការងារធ្វើ ខណៈដែលអត្រាគ្មានការងារធ្វើក្នុងប្រទេសអាហ្រ្វិកខាងត្បូងបានកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតក្នុងឆ្នាំ ២០២១។
បើតាម មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង បានឱ្យដឹងថា ការគាំទ្រថវិការបស់ធនាគារពិភពលោកប្រមាណ៧៥០លានដុល្លារនេះ បានមកដល់ចំពេលដ៏សំខាន់ និងត្រូវការបំផុតសម្រាប់អាហ្វ្រិកខាងត្បូង។ លោកបានបន្តថា មូលនិធិដែលបានមកពីកម្ចីគោលនយោបាយអភិវឌ្ឍន៍ នឹងជួយបិទគម្លាតហិរញ្ញប្បទាន ដែលបណ្តាលមកពីការចំណាយបន្ថែមលើវិបត្តិកូវីដ-១៩នៅក្នុងប្រទេសនេះ។
សូមជម្រាបថា ទ្វីបអាហ្រ្វិកទាំងមូលបានទទួលវ៉ាក់សាំងចំនួន ៥០០ លានដូសហើយ តាមរយៈក្រុមការងារទទួលថ្នាំបង្ការរបស់សហភាពអាហ្រ្វិក ក៏ប៉ុន្តែតំបន់នេះ នៅតែត្រូវវ៉ាក់សាំងជាច្រើនទៀត ខណៈដែលកម្រិតថ្នាំទាំងនេះគឺមានប្រហែលពាក់កណ្តាលនៃអ្វីដែលតំបន់នេះ ត្រូវការចាក់ជូនមនុស្សជាង ៩០០ លាននាក់ ដើម្បីសម្រេចបាននូវគោលដៅ ៧០% ដែលកំណត់ដោយអង្គការសុខភាពពិភពលោក។
តែយ៉ាងណាមិញ ជាការឆ្លើយតប ក៏ដូចជាទប់ទល់នឹងការឆ្លងជំងឺកូវីដ១៩ ថ្មីៗនេះប្រធានាធិបតីអាហ្រ្វិកខាងត្បូងឯណោះវិញ លោកស៊ីរិល រ៉ាម៉ាផូសា (Cyril Ramaphosa) បានឱ្យដឹងថា អាហ្វិ្រកខាងត្បូង បានបើកដំណើរការរោងចក្រផលិតវ៉ាក់សាំងថ្មីមួយ ដែលនឹងជំរុញសមត្ថភាពរបស់ប្រទេសនេះក្នុងការផលិតវ៉ាក់សាំងដោយខ្លួនឯងសម្រាប់ជំងឺជាច្រើន រួមទាំងវ៉ាក់សាំងកូវីដ១៩ផងដែរ ។ ខណៈរោងចក្រថ្មីនេះ មានគោលបំណងឈានដល់គោលដៅផលិតវ៉ាក់សាំងឱ្យបានចំនួន ១ ពាន់ លានដូសរៀងរាល់ឆ្នាំ ត្រឹមឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន Africa News ៕
អត្ថបទ ស៊ើង និមល់