ជម្លោះសមុទ្រចិនខាងត្បូង

ជម្លោះសមុទ្រចិនខាងត្បូង៖ ចិនថានឹងមិនប្រើអំណាចធ្វើបាបប្រទេសជិតខាងដែលទន់ខ្សោយជាងខ្លួននោះទេ


ប្រទេសចិន បានអះអាងថា ទាក់ទងនឹងរឿងជម្លោះសមុទ្រចិនខាងត្បូងនេះ ខ្លួននឹងមិនប្រើអំណាច ដើម្បីធ្វើបាប គៀបសង្កត់ទៅលើប្រទេសជិតខាងដែលទន់ខ្សោយជាងខ្លួននោះឡើយ។ ចិនអះអាងទៀតថា ការដោះស្រាយបញ្ហានេះ ត្រូវតែធ្វើឡើងដោយសន្តិវិធី សន្ដិភាព។ នេះបើតាមការអះអាងយ៉ាងច្បាស់ៗ របស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង ជាទីប្រឹក្សារដ្ឋចិន។
ចិនថានឹងមិនប្រើអំណាចធ្វើបាបប្រទេសជិតខាងដែលទន់ខ្សោយជាងខ្លួន ក្នុងជម្លោះសមុទ្រចិនខាងត្បូងនោះទេ

ប្រមុខ​ការទូត​ចិន លោក វ៉ាង យី បាន​អះអាង​ពីសារ​សំខាន់ នៃ​ការ​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​សន្ដិភាព​នេះ នៅ​ក្នុង​ជំនួប​កិច្ចប្រជុំ​តាម​អន​ឡាញ​ជាមួយ មន្ត្រី​ការទូត​របស់​ហ្វី​លី​ពី​ន ដោយ​កិច្ចប្រជុំ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​ម៉ានីល​។ រដ្ឋមន្ត្រី​ការ​បរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន លោក វ៉ាង យី បាន​គូសបញ្ជាក់​ប្រាប់​ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន​ទៀត​ថា ចិន​នឹង​មិន​ប្រើ​អំណាច​របស់​ខ្លួន ដើម្បី​ធ្វើបាប​ទៅ​លើ​ប្រទេស​ជិតខាង​ដែល​ទន់ខ្សោយ​ជាង​ខ្លួន​នោះ​ទេ រួម​ទាំង​ប្រទេស​ហ្វី​លី​ពី​ន​ផង​ដែរ​។

លោក វ៉ាង យី បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​ការ​សង្កត់ធ្ងន់​ទៅ​លើ​ការ​ទាមទារ​របស់​ភាគី​ម្ខាង និង​បង្ខំ​ទៅ​លើ​ភាគី​ម្ខាង​ទៀត គឺ​មិនមែន​ជា​វិធី​ត្រឹមត្រូវ​សម្រាប់​ប្រទេស​ដែល​ជា​អ្នក​ជិតខាង​គ្នា​ត្រូវធ្វើ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ​។ ហើយ​វា​គឺ​ផ្ទុយ​ទាំងស្រុង​ពី​ទស្សនវិជ្ជា ដែល​មនុស្ស​គួរតែ​រស់នៅ​ចុះសម្រុង​នឹង​គ្នា​»​។

ការ​លើក​ឡើង​យ៉ាង​ដូច្នេះ របស់​ប្រមុខ​ការទូត​ចិន លោក វ៉ាង យី  គឺ​ធ្វើ​ឡើង​មិន​ដល់ ២​ខែ​ផង បន្ទាប់​ពី​ប្រទេស​ហ្វី​លី​ពី​ន បាន​ចេញ​មុខ​ថ្កោលទោស​ចិន​ចំ​ៗ ដែល​បាន​រារាំង​នាវា​ផ្គត់ផ្គង់​យោធា​របស់​ហ្វី​លី​ពី​ន​នៅ​សមុទ្រ​ចិន​ខាងត្បូង ប្រការ​នេះ ក៏​បាន​ជំរុញ​ឲ្យ​អា​មេ​រិ​ក​ដែល​ជា​សម្ព័ន្ធមិត្ត​ហ្វី​លី​ពី​ន បាន​ចេញ​មក​ព្រមាន​ខ្លាំង​ៗ​ទៅ​កាន់​ប្រទេស​ចិន​ដែរ​។

មែនទែន​ទៅ ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ ប្រទេស​ចិន​បាន​ទាមទារ​កាន់កាប់​យក​ដែនសមុទ្រ​យ៉ាង​ធំ ដែល​ខ្លួន​ផ្អែក​លើ​ផែនទី​ប្រវត្តិសាស្ត្រ ហើយ​វា​បាន​ធ្វើ​ឲ្យ​មានការ​ប្រទាំង​ប្រទើស​គ្នា​ជាមួយនឹង​ប្រទេស​ប្រ៊ុ​យ​ណេ ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន កោះ​តៃវ៉ាន់ និង ប្រទេស​វៀតណាម ដែល​ពួក​គេ​ក៏​កំពុង​ប្រជែង​ទាមទារ​ដែនសមុទ្រ ដែន​កោះ នៅ​ទីនោះ​ដូច​គ្នា​ដែរ​ពេល​នេះ​។

ប្រទេស​ចិន​ក៏​ត្រូវ​បាន​ប្រទេស​លោក​ខាងលិច​ចោទប្រកាន់​ថា បាន​ឈ្លានពាន និង​បង្កហេតុ​ដោយ​ដាក់​ពង្រាយ​ឆ្មាំ​សមុទ្រ និង​នាវា​នេសាទ​រាប់រយ នៅ​ឆ្ងាយ​ពី​ទឹកដី​គោក​របស់​ខ្លួន ដោយ​ការ​ដាក់​ពង្រាយ​នេះ គឺ​មាននៅ​ក្នុង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​នៃ​ប្រទេស​ជិតខាង​រួម​មាន​ហ្វី​លី​ពី​ន​ផង​ដែរ​។

ទោះ​យ៉ាងណា​ប្រទេស​ចិន​បាន​អះអាង​ថា ទ​ង្វើ​របស់​ខ្លួន គឺ​ត្រឹមត្រូវ ព្រោះ​នាវា​ទាំងនោះ ស្ថិត​នៅ​ក្នុង​ដែនទឹក​របស់​ខ្លួន​។

លោក វ៉ាង យី បាន​និយាយ​ថា ចិន​មាន​សង្ឃឹម​រួម​គ្នា​ជាមួយ​ហ្វី​លី​ពី​ន​ថា នឹង​អាច​គ្រប់​គ្រប់ និង​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​នេះ​បាន​ត្រឹមត្រូវ​ក្នុង​ស្មារតី​សុច្ឆន្ទៈ និង​ការ​អនុវត្ត​ជាក់ស្ដែង​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុននាំចេញអង្ករឥណ្ឌាបញ្ឈប់កិច្ចព្រមព្រៀងនាំចេញថ្មីៗ ក្រោយជួបបញ្ហាខ្វះរថភ្លើងដឹកជញ្ជូន

ព័ត៌មាន
ជិតមួយភាគបីនៃការនាំចេញអង្កររបស់ប្រទេសឥណ្ឌានៅក្នុងខែមករានេះ ត្រូវជាប់គាំងដោយសារតែកង្វះខាតរថភ្លើងដឹកជញ្ជូន ហើយពាណិជ្ជករភាគច្រើនបានបញ្ឈប់ក…

កូរ៉េខាងត្បូងនឹងចាប់ដៃជាមួយអារ៉ាប់រួម ពង្រីកការវិនិយោគ និងប្រើប្រាស់ថាមពលបៃតង

ព័ត៌មាន
ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន បានសច្ចាថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសជាដៃគូ ដែលពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ដូចជាប្រទេសអារ៉ាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ