យ៉ាងណាមិញស្របពេលដែលកម្ពុជា កំពុងជំរុញ និងលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែរឹងមាំ និងកាត់បន្ថយការនាំចូលទំនិញពីប្រទេសជិតខាង តើព្រឹត្តិការណ៍ដ៏ធំនេះនឹងនាំមកនូវកាលានុវត្តភាពអ្វីខ្លះសម្រាប់សហគ្រាសខ្មែរ? ហើយតើអាជីវករអាចទាញយកផលប្រយោជន៍អ្វីខ្លះពីទីផ្សារចិន?
ស្របពេលដែលកម្ពុជា កំពុងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ឯករាជ្យភាពទំនិញក្នុងស្រុក និងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលទំនិញពីប្រទេសជិតខាង ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតតំបន់ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២នៅឆ្នាំនេះ នឹងក្លាយជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីពង្រីក និងអភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែមានភាពល្អប្រសើរ។
លោកបណ្ឌិត ឈួន សុវណ្ណស័ក្ក ប្រធានសមាគមសម្ព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈយុវជនកម្ពុជា និងជាអ្នកសម្របសម្រួលរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មខាងលើ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ផលិតផល អាស៊ាន-ចិន នៅឆ្នាំនេះ មានការចូលរួមពីបណ្តាក្រុមហ៊ុនយក្សៗមកពីប្រទេសចិន រហូតដល់ទៅ១០០ស្តង់ ដែលគ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រសំខាន់ៗជាច្រើន រួមមាន វិស័យអេឡិចត្រូនិក, វិស័យយានយន្ត, វិស័យកាត់ដេរ, វិស័យចំណីអាហារ និងភេសជ្ជៈ និងវិស័យសំខាន់ៗជាច្រើនទៀត។
ប្រធានសមាគមរូបនេះបានសង្កត់ធ្ងន់ថា នេះមិនមែនគ្រាន់តែជាការតាំងពិព័រណ៍ផលិតផលធម្មតានោះទេ តែវាជាស្ពានចម្លងសេដ្ឋកិច្ច និងជាឱកាសមួយដ៏ល្អសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មខ្មែរក្នុងការជួបពិភាក្សាផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់ដើម ដើម្បីចាប់ដៃគូពាណិជ្ជកម្ម ពង្រីកទីផ្សារ និងជំរុញខ្សែច្រវាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតទៀត។
ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ព័ណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិននេះ គឺជាវេទិការធុរកិច្ចពាណិជ្ជកម្មមួយដ៏សំខាន់សម្រាប់កម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍កាន់តែច្រើនថែមទៀតពីកិច្ចសហការរវាងប្រទេសកម្ពុជា និងចិន។ បើតាមអ្នកជំនាញរូបនេះ វេទិការដ៏សំខាន់នេះមិនត្រឹមផ្តល់ឱកាសឱ្យវិនិយោគិន នៃប្រទសទាំងពីរអាចផ្លាស់ប្តូរបទពិសោធ នៃការធ្វើអាជីវកម្ម និងពង្រើកទំនាក់ទំនងពាណិជ្ជកម្មសេរីរវាងគ្នាបន្ថែមនោះទេ តែក៏ជាផ្នែកមួយជំរុញការទាក់ទាញការវិនិយោគចិន ចូលមកកម្ពុជា បន្ថែម ព្រមជាមួយការពាំនាំនូវបច្ចេកវិទ្យាថ្មីៗផងដែរ។
នៅក្នុងរយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ គណៈកម្មការរៀបចំរំពឹងថា នឹងមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាចន្លោះពី៥,០០០ ទៅ ១០,០០០នាក់ ដែលវានឹងបង្កើតទៅជាវេទិកាដ៏រស់រវើកមួយក្នុងការដោះដូរចំណេះដឹង បង្កើនទំនាក់ទំនង និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា។
ដើម្បីលើកទឹកចិត្តដល់អាជីវករខ្មែរ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ បានអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនខ្មែរ ឬម្ចាស់សហគ្រាសផលិតផលខ្មែរអាចចូលរួមដាក់តាំងបង្ហាញផលិតផលជាមួយគ្នា ដោយបញ្ចុះតម្លៃស្តង់រហូតដល់៥០ភាគរយ សម្រាប់១០ស្ដង់ដំបូង និងផ្តល់ស្ដង់លក់ដូរម្ហូបអាហារ និងភេសជ្ជខ្មែរដោយមិនគិតថ្លៃឈ្នួល នៅក្នុងតំបន់កម្សាន្តដែលមានការប្រគំតន្ត្រីអមជាមួយផងដែរ៕