រដ្ឋសភាជាតិកូរ៉េខាងត្បូង បានអនុម័តច្បាប់ថ្មីមួយ ដែលចុះហត្ថលេខាដោយ ប្រធានាធិបតី នៅថ្ងៃទី ៣១ ខែសីហា កន្លងទៅថ្មីៗនេះ ដោយបានហាមឃាត់ ប្រតិបត្តិករ App Store ដូចជាក្រុមហ៊ុន Google និង Apple មិនឲ្យបង្ខំ អ្នកបង្កើតកម្មវិធី ប្រើប្រាស់ប្រព័ន្ធបង់ប្រាក់របស់ខ្លួនឡើយ ព្រោះវាត្រូវបានចាត់ទុកជា ការធ្វើអាជីវកម្មបែបផ្តាច់មុខ (Monopoly)។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗ ទទួលបានការរិះគន់យ៉ាងធ្ងន់ធ្ងរ ជុំវិញការអនុវត្តឲ្យ អ្នកបង្កើតកម្មវិធី ប្រើប្រាស់ប្រព័ន្ធបង់ប្រាក់របស់ខ្លួន ដែលក្រុមហ៊ុនបច្ចេកវិទ្យានេះ ទទួលបានកម្រៃជើងសារដល់ទៅ ៣០% ឯណោះ។
បើទោះបីជា ក្រុមហ៊ុនយក្សៗទាំងអស់នេះ ព្យាយាមអះអាងថា ការប្រមូលកម្រៃជើងសារនេះ គឺដើម្បីអភិវឌ្ឍន៍ទីផ្សារឲ្យល្អក៏ដោយ ច្បាប់ថ្មីរបស់ប្រទេសកូរ៉េខាងត្បូងនេះ នឹងហាមឃាត់ជាដាច់ខាតចំពោះ ការប្រើប្រាស់ប្រព័ន្ធបង់ប្រាក់ផ្តាច់មុខនេះ ពោលគឺ ពួកគេ ត្រូវបង្កើតជម្រើសបង់ប្រាក់ផ្សេងៗទៀត ដើម្បីធានាឲ្យបាននូវ ការប្រកួតប្រជែងដោយស្មើភាព។
ដោយឡែក ក្រុមហ៊ុន Google ប្រកាសថា នឹងពិចារណា ក្នុងការអនុវត្តទៅតាមច្បាប់ ព្រោះថា អ្នកបង្កើតកម្មវិធីនីមួយៗ ចំណាយលុយបង្កើតកម្មវិធីរបស់ពួកគេ ហើយក្រុមហ៊ុន ក៏ចំណាយលុយទៅលើ ការធានា និងរក្សាប្រព័ន្ធដំណើរការ និងទីផ្សារផងដែរ ដូច្នេះ ពួកគេនឹងថ្លឹងថ្លែងរក គំរូ មួយដ៏ល្អ។
សូមជម្រាបដែរថា មិនមែនត្រឹមតែ កូរ៉េខាងត្បូងនោះទេ ដែលប្រឆាំងនឹងប្រព័ន្ធបង់ប្រាក់ផ្តាច់មុខនេះ សូម្បីតែសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី ក៏ធ្លាប់តវ៉ាប្រឆាំងនឹង ក្រុមហ៊ុនបច្ចេកវិទ្យា Google និង Apple លើបញ្ហានេះដែរ៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍