សម្ពាធខាងក្នុង គឺថាក្រុមប្រឆាំងបានទិតៀនរូបលោកយ៉ាងខ្លាំងចំពោះជំហរដ្ឋាភិបាលទីក្រុងសេអ៊ូលដែលមានហាក់មានចិត្តទោរទន់ទៅរកទីក្រុងតូក្យូនាពេលថ្មីៗនេះ ដ្បិតទំនាក់ទំនងរវាងប្រទេសពីអតីតកាល គឺមានស្លាកស្នាមប្រវត្តិសាស្ត្រជូរចត់ជាច្រើន។ សម្ពាធពីខាងក្រៅនោះ គឺថា រដ្ឋនុយក្លេអ៊ែកូរ៉េខាងជើងក៏កំពុងសម្ញែងសាច់ដុំអាវុធមីស៊ីលរបស់ខ្លួនកាន់តែខ្លាំងដែរ ហើយនៅមុនថ្ងៃលោក យ៉ូនទៅដល់ជប៉ុន ទីក្រុងព្យុងយ៉ាងក៏បានបាញ់មីស៊ីលជាថ្មីទៀតផងដែរ។
ក្រុមអ្នកជំនាញបាននិយាយថា គណបក្សប្រឆាំងនៅកូរ៉េខាងត្បូងទំនងជាបង្កឱ្យមានបញ្ហានយោបាយក្នុងស្រុកបន្តិចបន្តួចសម្រាប់លោក Yoon ដែលជាអ្នកអភិរក្សនិយម ហើយក៏អាចប៉ះពាល់ដល់របៀបដែលលោកអាចឈានទៅសម្រេចបានកិច្ចសហប្រតិបត្តិការឈ្នះៗជាមួយនឹងប្រទេសជប៉ុនផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក Yoon ទៅកាន់ទីក្រុងតូក្យូ ដែលជាកិច្ចប្រជុំកំពូលលើកដំបូងចាប់តាំងពីឆ្នាំ២០១១មកនេះបានកើតឡើង បន្ទាប់ពីលោកបានស្នើឱ្យក្រុមហ៊ុនកូរ៉េខាងត្បូងផ្តល់សំណងដល់ដើមបណ្តឹងក្រោយពីបានឈ្នះក្តីក្នុងតុលាការដែលបានចោទក្រុមហ៊ុនជប៉ុនថា បានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំក្នុងអំឡុងពេលដែលប្រទេសជប៉ុនបានកាន់កាប់ប្រទេសកូរ៉េឆ្នាំ១៩១០-១៩៤៥។
ផែនការនោះត្រូវបានស្វាគមន៍នៅទីក្រុងតូក្យូ និងទទួលបានការសរសើរពីសេតវិមានអាមេរិកថា ជា«ការបំបែកឧបស័គ្គ»មួយ ក៏ប៉ុន្តែជនរងគ្រោះសំខាន់ៗមួយចំនួនបានច្រានចោលសំណើនេះរួចហើយ ហើយការស្ទង់មតិមួយរបស់ស្ថាប័ន Gallup Korea បង្ហាញថា ដំណោះស្រាយនេះ ពុំសូវមានការគាំទ្រនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ។
ទោះយ៉ាងណា លោក យ៉ុន និងលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុនបានជួបគ្នានៅទីក្រុងតូក្យូនៅថ្ងៃទី១៦មីនានេះ ដោយភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នាទម្លាក់ចោលជម្លោះពាណិជ្ជកម្មរយៈពេលជិត ៤ ឆ្នាំលើសម្ភារៈបច្ចេកវិទ្យាទំនើប ជាសញ្ញាជាក់ស្តែងមួយដែលមេដឹកនាំទាំង២មានបំណងចង់កសាងឡើងវិញនូវទំនាក់ទំនងដែលបានតានតឹងជាប្រវត្តិសាស្ត្រនាពេលកន្លងមក និងធ្វើការរួមគ្នាប្រឆាំងនឹងការគំរាមកំហែងសន្តិសុខកាន់តែស៊ីជម្រៅ។
ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបាននិយាយថា ជប៉ុននឹងលុបចោលការទប់ស្កាត់លើការនាំចេញរបស់ខ្លួនទៅកាន់កូរ៉េខាងត្បូងនូវសម្ភារៈសំខាន់ៗសម្រាប់អេក្រង់ទូរស័ព្ទឆ្លាតវៃ និងបន្ទះឈីប ខណៈដែលទីក្រុងសេអ៊ូលវិញ នឹងទម្លាក់ចោលនូវពាក្យបណ្តឹងនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងទីក្រុងតូក្យូផងដែរ។
សូមបញ្ជាក់ថា នេះគឺជាលើកទីមួយហើយដែលប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើដំណើរទៅជប៉ុននៅក្នុងរយៈពេល ១២ ឆ្នាំមកនេះ ខណៈដែលប្រទេសជិតខាងទាំង២នេះកំពុងស្វែងរកចំណុចរួមគ្នាក្នុងការទប់ទល់នឹងការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងជាញឹកញាប់ដោយគ្មានរអែងចិត្តរបស់អ្នកណានោះឡើយ។ ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅមុនពេលទៅទស្សនកិច្ចទីក្រុងតូក្យូថា ការពង្រឹងទំនាក់ទំនងជាមួយជប៉ុននាពេលនេះ គឺជារឿងសំខាន់ណាស់ ដើម្បីរួមគ្នាទប់ទល់នឹងកូរ៉េខាងជើង និងដោះស្រាយលើបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់សកលលោក៕