ប្រទេសចិនមានបំណងបង្កើតកតិកាសញ្ញាសន្តិសុខ ដែលខ្លួនបានចុះហត្ថលេខានាពេលថ្មីៗនេះជាមួយប្រជុំកោះសូឡូម៉ុន (Solomon) ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកដែលភ័យខ្លាចវត្តមានយោធាចិនកាន់តែច្រើនឡើងៗនៅក្នុងតំបន់ដែលពួកគេបានកាន់កាប់អស់ជាច្រើនទសវត្សរ៍មកហើយនេះ។
នៅពេលគេបានសួរសំណួរពាក់ព័ន្ធនឹងប្រតិកម្មរបស់ក្រុមមេដឹកនាំនៃប្រទេសកោះប៉ាស៊ីហ្វិកចំពោះវិធីសាស្ត្ររបស់រដ្ឋាភិបាលថ្មីរបស់អូស្ត្រាលីនោះ លោក Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយនៅក្នុងបទសម្ភាសន៍នៅតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអាទិត្យថា «ការឆ្លើយតបគឺមានភាពវិជ្ជមានខ្លាំងណាស់»។
លោក អាល់បានី បាននិយាយថា ផែនការសម្រាប់តំបន់ប៉ាស៊ីហ្វិករួមមានសាលាហ្វឹកហ្វឺនការពារជាតិ ការគាំទ្រសម្រាប់សន្តិសុខដែនសមុទ្រ ការជំរុញបង្កើនជំនួយ និងការចូលរួមជាថ្មីពីការប្រែប្រួលអាកាសធាតុ។
កាសែត Sydney Morning Herald បានរាយការណ៍នៅថ្ងៃអាទិត្យថា បុគ្គលិកការពារជាតិរបស់ប្រទេសអូស្ត្រាលីចំនួនជាង ១០០ នាក់នឹងធ្វើដំណើរទៅកាន់ប្រទេស ប៉ាពូញូវហ្គីនី (Papua New Guinea) សម្រាប់សមយុទ្ធយោធារួមគ្នា និងដើម្បីជួយប្រទេសនេះក្នុងការដោះស្រាយការគំរាមកំហែងតាមអ៊ីនធឺណិត និងរៀបចំការបោះឆ្នោតទូទៅផងដែរ។
សូមរំលឹកថា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថ្មីលោកស្រី ផេនី វ៉ង (Penny Wong) បានធ្វើដំណើរទៅកាន់តំបន់ប៉ាស៊ីហ្វិកកាលពីថ្ងៃព្រហស្បតិ៍សម្រាប់ដំណើរទស្សនកិច្ចបរទេសជាលើកដំបូងរបស់លោកស្រីបន្ទាប់ពីរដ្ឋាភិបាលកណ្តាលឆ្វេងនិយមបានស្បថសច្ចាចូលកាន់តំណែងកាលពីសប្ដាហ៍មុន។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ឯណោះវិញ ក៏កំពុងតែធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសនៅតំបន់ប៉ាស៊ីហ្វិកផងដែរ ដើម្បីស្វែងរកកិច្ចព្រមព្រៀងជាមួយប្រទេសចំនួន ១០ ស្តីពីសន្តិសុខ និងពាណិជ្ជកម្ម។ នេះបើតាមរបាយការណ៍មួយពីសារព័ត៌មាន AP។
នាយករដ្ឋមន្ត្រីប្រទេសកោះហ្វីជីលោក ហ្វ្រេង បេនីម៉ារ៉ាម៉ា (Frank Bainimarama) បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកមានកិច្ចប្រជុំដ៏អស្ចារ្យមួយជាមួយរដ្ឋមន្ត្រីអូស្ត្រាលីដែលមុននេះបានប្រាប់លេខាធិការដ្ឋានវេទិកាប្រជុំកោះប៉ាស៊ីហ្វិកថា ប្រទេសអូស្ត្រាលីនឹងស្តាប់តាមប្រជុំកោះប៉ាស៊ីហ្វិកស្តីពីការប្រែប្រួលអាកាសធាតុ។
ប្រទេស សាម៉ាវ (Samoa) ដែលជាប្រទេសកោះក្នុងប៉ាស៊ីហ្វិកមួយដែរនោះបាននិយាយថា លោក Wang YI រដ្ឋមន្ត្រីការបរទេសចិនបានធ្វើដំណើរទៅប្រទេស Fiji កាលពីថ្ងៃសៅរ៍បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសសាម៉ាវជាកន្លែងដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីកោះនេះគឺលោកស្រី ហ្វៀម ណាវមី ម៉ាតាហ្វា (Fiame Naomi Mataafa) និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។
នៅពេលស្ថិតនៅក្នុងប្រទេសហ្វីជី គេរំពឹងថា លោក វ៉ាង យីនឹងជំរុញឱ្យបង្កើតកិច្ចព្រមព្រៀងតំបន់មួយនៅថ្ងៃចន្ទ៕
អត្ថបទ៖ សុខ ជា