សភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ បានបោះឆ្នោត៣៣៥ លើ៩១សំឡេង ដើម្បីអនុម័តវិធានការពន្យារពេលចំនួន៤៥ថ្ងៃនៅមុនពេលការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារសហព័ន្ធ ដែលត្រូវផុតកំណត់នៅថ្ងៃទី១ ខែតុលា នេះ។
ក្នុងចំណោមអ្នកគាំទ្រ៣៣៥សំឡេងនេះ គឺមានសមាជិកសភានៃបក្សសាធារណរដ្ឋចំនួន១២៦នាក់ ហើយអ្នកបោះឆ្នោតប្រឆាំងវិញ គឺមាន៩០នាក់ ជាក្រុមសាធារណរដ្ឋ និងម្នាក់ទៀតជាក្រុមប្រជាធិបតេយ្យ។
តំណាងរាស្រ្តគណបក្សសាធារណរដ្ឋលោក អេនឌី ប៊ីក (Andy Biggs) ដែលជាអ្នកជំទាស់ខ្លាំងជាងគេបានចោទសួរនៅតាមប្រព័ន្ធអ៊ីក (X) ដោយចង់សំដៅទៅរកប្រធានសភាអាមេរិកថាតើលោកគួរតែបន្តជាប្រធានសភាទៀតឬយ៉ាងណា? លោក ម៉េកខាធី បានសម្រេចចិត្តដាក់ឱ្យបោះឆ្នោតអនុម័តវិធានការនេះ ដែលអាចទទួលបានការគាំទ្រពីគណបក្សប្រជាធិបតេយ្យ បើទោះជាលោកដឹងច្បាស់ថា វាអាចប៉ះពាល់ដល់តំណែងរបស់លោកក៏ដោយ។
ទីប្រឹក្សាម្នាក់របស់លោក ម៉េកខាធី បានឱ្យដឹងថា ប្រធានសភារូបនេះជឿថា មានអ្នករឹងរូសខ្លះនឹងព្យាយាមបណ្តេញលោកចេញតំណែងនៅគ្រប់ពេលវេលា។
លោក ម៉េកខាធី បាននិយាយដោយចង់សំដៅទៅរកគូប្រជែងរបស់លោកកាលពីថ្ងៃសៅរ៍ថា សូមឱ្យពួកគេធ្វើតាមចិត្តរបស់ពួកគេចុះ ប៉ុន្តែលោកបានសង្កត់ធ្ងន់ដោយក្រើនរំលឹកអ្នកទាំងនោះថា តើពួកគេដឹងទេ? បើទោះជាលោកត្រូវប្រឈមនឹងការបាត់បង់តំណែងដោយសារតែការក្រោកឡើង ដើម្បីជួយសាធារណៈជនអាមេរិកបែបនេះក៏ដោយ ក៏លោកនឹងធ្វើវាដោយក្លាហានមិនខ្លាចបាត់តំណែងនេះឡើយ៕