សង្រ្គាមមជ្ឈិមបូព៌ា

អ៊ីស្រាអែលបង្កើនការវាយប្រហារតាមអាកាស ស្របពេលអាម៉េរិកកំពុងជំរុញឱ្យបង្កើនជំនួយ


អ៊ីស្រាអែលនៅតែបន្តវាយលុកភាគខាងត្បូងតំបន់ហ្គាហ្សា ជាមួយនឹងការបាញ់រ៉ុក្កែត និងទម្លាក់គ្រាប់បែកតាមផ្លូវអាកាស កាលពីថ្ងៃអាទិត្យ ហើយបាននិយាយថា ខ្លួននឹងបង្កើនការវាយប្រហារនៅភាគខាងជើងនៃតំបន់នេះបន្ថែមទៀត មុននឹងការបើកសមរភូមិផ្លូវគោកចាប់ផ្តើមឡើងក្នុងពេលខាងមុខឆាប់ៗនេះ។ ការវាយប្រហារឥតស្រាកស្រាន្តពីសំណាក់កងទ័ពអ៊ីស្រាអែលនេះ គឺចំពេលជំនួយមនុស្សធម៌ដំបូងបានទៅដល់តំបន់ហ្កាហ្សាហើយសម្រាប់ប្រជាជនប៉ាឡេស្ទីននៅតំបន់នោះ។
សង្រ្គាមមជ្ឈិមបូព៌ា
ដោយ

នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស១១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងទីក្រុង ខាន់ យូនីស (Khan Younis ភាគខាងត្បូងនៃតំបន់ Gaza។

ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន ក៏បាននិយាយដែរថា អ៊ីស្រាអែលកំពុងវាយប្រហារភាគខាងត្បូងទីក្រុងរ៉ាហ្វាក្នុងតំបន់ហ្កាហ្សាដែរ។ មុននឹងមានការវាយប្រហារទាំងកណ្តាលយប់ថ្ងៃសៅរិ៍ ឈានចូលថ្ងៃអាទិត្យនេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក ដាណេល ហាខារិ (Daniel Hagari) បានប្រាប់ឱ្យប្រជាជនប៉ាឡេស្ទីន ឱ្យចាកចេញពីតំបន់ភាគខាងត្បូងជាបន្ទាន់ ព្រោះកងទ័ពអាកាសអ៊ីស្រាអែលនឹងបង្កើនការវាយប្រហារនៅតំបន់ភាគខាងត្បូងនេះ។

ការវាយប្រហារនេះកើតឡើងស្របពេលដែលក្បួនរថយន្តជំនួយមនុស្សធម៌ដំបូងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូលតំបន់ហ្កាហ្សាជាលើកដំបូង បានមកដល់តាមច្រកព្រំដែន រ៉ាហ្វា ជាមួយអេហ្ស៊ីប កាលពីថ្ងៃសៅរ៍ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងមក។

អង្គការសហប្រជាជាតិ បាននិយាយថា ក្បួនរថយន្តដឹកអ្នកដំណើរ២០គ្រឿង រួមមានជំនួយផ្គត់ផ្គង់សម្រាប់សង្គ្រោះជីវិត ដែលនឹងត្រូវទទួលដោយភ្នាក់ងារកាកបាទក្រហមប៉ាឡេស្ទីន។ ប៉ុន្តែយ៉ាងណាក៏ដោយ ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ចំនួនដែលបានដឹកចូលតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរិ៍នោះ គឺជាទំហំតិចតួចណាស់ចាប់តាំងពីសង្គ្រាមផ្ទុះឡើងជាង១៤ថ្ងៃមកនេះ។

ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន ដែលទើបទៅទស្សនកិច្ចនៅអ៊ីស្រាអែល និងគាំទ្រឈរជាមួយអ៊ីស្រាអែល ក្នុងការបន្តសង្គ្រាមវាយកម្ទេចពួកក្រុមហាម៉ាស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាម៉េរិក សាទរការទៅដល់នូវជំនួយមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ហើយនឹងប្តេជ្ញាផ្តល់ជំនួយបន្ថែមទៀតដល់តំបន់ហ្កាហ្សា។

យ៉ាងណាមិញ គិតមកទល់នឹងពេលនេះ អ្នកស្លាប់ដែលជាប្រជានជនប៉ាឡេស្ទីន នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលជាងដប់ថ្ងៃមកនេះ បានកើនឡើងដល់ជាង៤ពាន់៤រយនាក់រួមទាំងកុមារ និងបង្ខំឱ្យមនុស្សជាង១លាននាក់ផ្លាស់ទីពីតំបន់ហ្កាហ្សា។

ដោយឡែក កាលពីថ្ងៃសៅរិ៍នោះដែរ នៅកណ្តាលទីក្រុងឡុងដ៍ឯណោះវិញ ការតវ៉ាគាំទ្រប៉ាឡេស្ទីនបានផ្ទុះឡើងខ្លាំងមែនទែនដោយមានមនុស្សចូលរួមប្រមាណជាង១០ម៉ឺននាក់ ស្រែកទាមទារឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

ទោះបីជាមានសម្រែកទាមទារយ៉ាងណាក៏ដោយ សហរដ្ឋអាម៉េរិកនៅថ្ងៃសៅរិ៍ បានស្នើសេចក្តីព្រាងច្បាប់មួយសម្រេចឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគាំទ្រ អ៊ីស្រាអែល មានសិទ្ធិការពារខ្លួន។ ដំណោះស្រាយនេះ ក៏ទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់ការនាំចេញអាវុធទៅកាន់កងជីវពល និងក្រុមភេរវករ ដែលវ៉ាស៊ីនតោនចង់សំដៅក្រុមហាម៉ាស និងហេស្សប៊ូឡាដែរ។

ស្របពេលជាមួយគ្នា កងទ័ពអ៊ីស្រាអែល នៅកំពុងឈរជើងនៅតាមព្រំដែនហ្កាហ្សា ត្រូវបានគេរាយការណ៍មកនៅថ្ងៃសៅរិ៍នោះថា បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ត្រៀមសម្រាប់វាយលុកក្នុងពេលខាងមុខ។

នៅក្នុងវីដេអូមួយចែកចាយដោយយោធាអ៊ីស្រាអែល អគ្គសេនាធិការចម្រុះកងទ័ពអ៊ីស្រាអែល លោក ហឺហ្ស៊ី ហាឡឺវី (Herzi Halevi) បាននិយាយថា «យើងនឹងចូលទៅក្នុងតំបន់ Gaza ដើម្បីបោសសម្អាតក្រុមហាម៉ាស និងហេដ្ឋារចនាសម្ព័ន្ធរបស់វាដែលមាន ឱ្យស័ក្តិសមនឹងទង្វើឧក្រិដ្ឋកម្មព្រៃផ្សៃដែលពួកគេបានធ្វើមកលើអ៊ីស្រាអែលកាលពីពីរសប្តាហ៍មុន»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកស្រុកផ្តើមជម្លៀសខ្លួនខណៈសមរភូមិថ្មីត្រៀមផ្ទុះឡើង រវាងអ៊ីស្រាអែល និងក្រុមហេស្សប៊ូឡា

ព័ត៌មាន
អ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍កាលពីថ្ងៃសៅរិ៍ ក្នុងចំនួនមួយកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការបាញ់ប្រហារគ្នាទៅវិញទៅមមករវាងកងទ័ពអ៊ីស្រាអ…

ហេតុអ្វីចិនយល់ព្រមពិនិត្យពន្ធគយ ដែលខ្លួនបានដាក់២២០% លើការនាំចូលស្រារបស់អូស្ត្រាលី?

ព័ត៌មាន
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាល់បានីស បាននិយាយកាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា ថា ប្រទេសចិន បានយល់ព្រមពិនិត្យឡើងវិញនូវពន្ធគយ ដែលច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ