ម្ចាស់ហាងលក់មាសពេជ្រ ទី មង្គល បានបកស្រាយថា ការបម្រែបម្រួលតម្លៃមាសក្នុងស្រុក គឺផ្អែកលើការគ្រប់គ្រងចរន្តសាច់ប្រាក់ និងស្ថិរភាពហិរញ្ញវត្ថុរបស់អាជីវករ ដើម្បីជៀសវាងការជាប់គាំងដើមទុន។ លោកបានគូសបញ្ជាក់ថា ប្រសិនបើមានអតិថិជនសម្រុកយកមាសមកលក់ចេញច្រើន នោះវានឹងទាញទម្លាក់តម្លៃមាសឱ្យធ្លាក់ចុះក្រោមទីផ្សារអន្តរជាតិ ប៉ុន្តែប្រសិនបើតម្រូវការទិញចូលមានការកើនឡើងខ្លាំង នោះតម្លៃមាសក្នុងស្រុកនឹងហក់ឡើងខ្ពស់ជាងទីផ្សារពិភពលោកវិញ។ ជាមួយគ្នានេះ លោក បានណែនាំឱ្យអ្នកជួញដូរមាសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការខាតបង់ក្នុងអំឡុងពេល ដែលទីផ្សារមាសមានការប្រែប្រួលឆាប់រហ័សនេះ។
ស្រដៀងគ្នានេះលោក សេក ធារម្យ អ្នកជំនាញជួញដូរហាងឆេងមាស និងរូបិយបណ្ណអន្តរជាតិ យល់ឃើញថា តម្លៃមាសនៅទីផ្សារកម្ពុជាមិនសូវមានការប្រែប្រួលខ្លាំងដូចទីផ្សារអន្តរជាតិនោះទេ ដោយសារអាជីវករក្នុងស្រុកតែងតែរក្សាគម្លាតការពារការប្រែប្រួលជាមុន។ ទោះជាយ៉ាងណាលោកបានសង្កត់ធ្ងន់ថា ប្រសិនបើមានអ្នកយកមាសទៅលក់ច្រើននោះនឹងធ្វើឱ្យតម្លៃស្ថិតនៅក្រោមទីផ្សារអន្តរជាតិ តែនៅពេលណាមានអ្នកទិញច្រើនវិញនោះនឹងធ្វើតម្លៃមាសខ្ពស់ជាងទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះលោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង កត់សម្គាល់ឃើញថា សកម្មភាពជួញដូរមាសទាំងក្នុងទីផ្សារកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតមានការប្រែប្រួលផ្ទុយពីទីផ្សារអន្តរជាតិ ដោយសារអាជីវករត្រូវទុកគម្លាតការពារហានិភ័យដែលអាចមានការប្រែប្រួលខ្លាំង។ ការណ៍នេះត្រូវបានអ្នកជំនាញរូបនេះផ្ដល់ជាយោបល់ថា អ្នកទិញមាសសុទ្ធអាចស្វែងរកហាងណា ដែលអាចទុកចិត្តបាន និងមានការរក្សាគម្លាតតិចតួចបើធៀបនឹងទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ថា គិតត្រឹមរសៀលទី១២ ខែសីហា ហាងឆេងមាសនៅលើទីផ្សារកម្ពុជាមានតម្លៃប្រមាណ៥,២៥០ដុល្លារក្នុងមួយតម្លឹងដែលទាបជាងទីផ្សារអន្តរជាតិចន្លោះពី៥០ទៅ៨០ដុល្លារក្នុង១តម្លឹង៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ