ប្រទេសស្រីលង្ការ ដែលជាកោះនៅក្នុងមហាសមុទ្រឥណ្ឌា កំពុងប្រយុទ្ធប្រឆាំងវិបត្តិរូបិយបណ្ណបរទេសដែលបានបង្ខំឱ្យមានការបញ្ចុះតម្លៃរូបិយបណ្ណរបស់ខ្លួន និងដែលបានប៉ះពាល់ដល់ការទូទាត់សម្រាប់ការនាំចូលសំខាន់ៗដូចជាចំណីអាហារ ឱសថ និងប្រេងឥន្ធនៈជាដើមធ្វើឱ្យរដ្ឋាភិបាលរត់ទៅរកមូលនិធិរូបិយវត្ថុអន្តរហៅថា IMF ដើម្បីឱ្យជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចនេះ។
ក្រុមមន្ត្រីស្រីលង្កាបាននិយាយនៅថ្ងៃនេះថា ការសម្រេចចិត្តក្នុងការដាក់កងទ័ពឱ្យឈាមប្រចាំការនៅជិតកន្លែងបូមប្រេង និងកន្លែងផ្គត់ផ្គង់ប្រេងកាតនេះ បានកើតឡើងបន្ទាប់ពីមនុស្សចាស់ ៣នាក់បានដួលស្លាប់ នៅពេលពួកគាត់កំពុងឈររង់ចាំក្នុងជួរដ៏យ៉ាងវែងមួយក្នុងពេលថ្មីៗនេះ ដើម្បីទទួលបានប្រេងយកទៅប្រើប្រាស់។
អ្នកនាំពាក្យយោធាលោក នីឡាន់ថា ព្រីម៉ារ៉ាតណេ (Nilantha Premaratne) បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា យ៉ាងហោចណាស់ក៏មានបុគ្គលិកយោធា២នាក់នឹងត្រូវប្រចាំការនៅគ្រប់កន្លែងស្ថានីយ ឬម៉ាស៊ីនបូមប្រេងទាំងអស់ផងដែរ ហើយកងកម្លាំងនឹងជួយរៀបចំការចែកចាយប្រេងឥន្ធនៈ ប៉ុន្តែនឹងមិនពាក់ព័ន្ធក្នុងការគ្រប់គ្រងហ្វូងមនុស្សនោះទេ។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលស្រីលង្កាវិញ គឺលោក រ៉ាម៉េស ផាធីរ៉ាណា (Ramesh Pathirana) បាននិយាយថា វិធានការនេះ គឺជាការឆ្លើយតបទៅនឹងការត្អូញត្អែររបស់ប្រជាពលរដ្ឋដែលថា ការស្តុកទុក និងការចែកចាយប្រេងនេះគឺគ្មានប្រសិទ្ធភាព។
មន្ត្រីនាំពាក្យរូបនេះបានបន្ថែមទៀតថា រដ្ឋាភិបាលបានសម្រេចដាក់ពង្រាយកងទ័ព ដើម្បីជួយសាធារណជនប៉ុន្តែមិនមែនចង់បំបិទសិទ្ធិមនុស្សរបស់ពួកគេនោះទេ។
សូមបញ្ជាក់ដែរថា ភាពតានតឹងជុំវិញការខ្វះខាតការផ្គត់ផ្គង់ទំនិញប្រើប្រាស់នេះ បាននាំឱ្យមានអំពើហិង្សាជាបន្តបន្ទាប់ នៅក្នុងចំណោមប្រជាពលរដ្ឋ ដែលកំពុងនាំគ្នាចោមរោមទិញប្រេងឥន្ធនៈ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗទៀត។
ជាក់ស្ដែង នៅថ្ងៃទី ២១ ខែមីនា ប៉ូលិសបាននិយាយថា មានបុរសម្នាក់ត្រូវបានគេចាក់នឹងកាំបិតបណ្ដាលឱ្យស្លាប់នៅពេលឈ្លោះគ្នាជាមួយអ្នកបើកម៉ូតូកង់បី កាលពីថ្ងៃចន្ទ។ ចំណែកកាលពីសប្ដាហ៍មុននោះ មានមនុស្សចាស់៣នាក់បានស្លាប់នៅពេលដែលពួកគាត់កំពុងឈរតម្រង់ជួរ ដើម្បីចាំទិញប្រេងទាំងកណ្ដាលថ្ងៃបែកញើសរហាមផងដែរ៕
អត្ថបទ៖ សុខ ជា