ប្រធានាធិបតីស្រីលង្កា បានប្រាប់សមាជិកសភាថា៖ ក្នុងនាមជារដ្ឋាភិបាលដែលមានការទទួលខុសត្រូវចំពោះជាតិ ខ្ញុំដែលជាប្រមុខរដ្ឋ-ជាប្រធានាធិបតី នឹងមិនលាលែងពីមុខតំណែងទេ ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។
ការប្រកាសបដិសេធចុះចេញពីតំណែងរបស់ប្រធានាធិបតី ស្រីលង្ការូបនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានចេញបញ្ជា ឲ្យដកប្រទេសចេញពីគ្រាអាសន្នវិញកាលពីថ្ងៃអង្គារ។ លោកទើបតែបានប្រកាស់ដាក់ស្រីលង្កាក្នុងគ្រាអាសន្ន កាលពីថ្ងៃទី០១មេសាមក ប៉ុន្តែការដកបញ្ជាវិញដូចនេះ មិនមែនបានសេចក្តីថា ប្រទេសស្រីលង្កាបានរួចផុតពីវិបត្តិ និង ភាពវឹកវរនោះទេ។
ជាក់ស្តែង ពលរដ្ឋនៅតែប្រមូលផ្ដុំគ្នាតាមផ្លូវ មិនថាថ្ងៃ ឬ យប់ ឬសូម្បីតែពេលភ្លៀងធ្លាក់ និងពេលប៉ូលីសព្យាយាមបំបែក ក៏គេនៅឃើញបាតុករឈរលើកបដា ទាមទារឲ្យប្រធានាធិបតីបច្ចុប្បន្នចុះចេញពីតំណែងដែរ។ បាតុកម្មកាន់តែរាលដាលទូទាំងប្រទេស ខណៈនៅថ្ងៃពុធនេះគេឃើញមាន ក្រុមបុគ្គលិកពេទ្យក្នុងឈុតពណ៌ស ក៏បានចូលរួមធ្វើបាតុកម្មផង។
ក្នុងដៃកាន់បដាដែលសរសេរថា Got to Go Home! ក្នុងន័យធៀបប្រធានាធិបតីចុះចេញពីតំណែងទៅ, ពលរដ្ឋជាច្រើនបន្តទាមទារឲ្យលោក រ៉ាចាប៉ាកសា លាលែង ស្របពេលដែលស្ថានភាពសេដ្ឋកិច្ច និងសង្គមធ្លាក់ដល់កំរិតធ្ងន់ធ្ងរខ្លាំង ខ្វះខាតស្បៀងអាហារ ថ្នាំសង្កូវ និងអគ្គិសនីប្រើប្រាស់។
នៅថ្ងៃពុធសប្តាហ៍នេះដែរ នៅរដ្ឋធានីកូឡំបូ គេឃើញមានពលរដ្ឋជាច្រើនរយនាក់នៅតែបន្ដតម្រង់ជួយគ្នារង់ចាំទិញប្រេងកាតតម្លៃថោក នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដើម្បីយកមកប្រើប្រាស់។ បច្ចុប្បន្នពលរដ្ឋក្រីក្រស្រីលង្កាយកប្រេងកាត ដែលមានតម្លៃមិនដល់ ៣០សេនផងនោះ មកប្រើប្រាស់ជំនួសឲ្យប្រេងសាំង និងជំនួសអគ្គិសនី ដើម្បីដុតបំភ្លឺ។ ទន្ទឹមនេះអ្នកនេសាទស្រីលង្កា ត្រូវការប្រេងកាតខ្លាំងណាស់សម្រាប់ទូករបស់ពួកគេចេញទៅរកនេសាទត្រី។
សូមជម្រាបថា ប្រទេសស្រីលង្កាកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។ ប្រទេសនៅអាស៊ីខាងត្បូងដែលពឹងផ្អែកខ្លាំងលើការនាំចូលមួយនេះ លែងមានទុនបម្រុងជាប្រាក់ដុល្លារគ្រប់គ្រាន់សម្រាប់ទិញរបស់របរសំខាន់ៗដូចជា ស្បៀងអាហារ ប្រេងឥន្ធនៈ ឬសូម្បីតែផលិតអគ្គិសនី។ ប្រជាជនបានរងការដាច់ចរន្តអគ្គិសនីរហូតដល់ទៅ ១៣ ម៉ោង ជារៀងរាល់ថ្ងៃ និងការខ្វះខាតស្បៀងអាហារ និងទំនិញជាមូលដ្ឋានផ្សេងទៀត។
កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្ស និងស្ថានភាពមនុស្សធម៌នៅស្រីលង្កា ពិសេសការរារាំងរបស់ប៉ូលីស ទាហានទៅលើបាតុករ ដែលគេបារម្ភថា វាអាចនឹងធ្វើឲ្យមានអំពើហិង្សាធ្ងន់ធ្ងរកើតឡើង៕