តាមសេចក្តីជូនដំណឹងបានរៀបរាប់យ៉ាងដូច្នេះថា៖ «ការដាក់ប្រទេសក្នុងគ្រាអាសន្នវាពិតជាចាំបាច់ណាស់ គឺដើម្បីការពារផលប្រយោជន៍សន្តិសុខសាធារណៈ ការការពារសណ្តាប់ធ្នាប់សង្គម ព្រមទាំងថែរក្សា និងផ្គត់ផ្គង់សេវាកម្មសាធារណៈផ្សេងៗសម្រាប់ប្រជាជន »។
គួររំលឹកឡើងវិញថា ប្រធានាធិបតីស្រីលង្កាដែលត្រូវបានបណ្តេញចេញដោយការតវ៉ារបស់ប្រជាជន លោកហ្កូតាបាយ៉ា រ៉ាចាប៉ាសា (Gotabaya Rajapaksa) បានភៀសខ្លួនចេញពីប្រទេសនៅសប្តាហ៍មុនទៅកាន់ប្រទេសសិង្ហបុរី ដើម្បីគេចចេញពីការបះបោរប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។ ហើយបើតាមប្រធានាធិបតីរូបនេះបានបញ្ជាក់ថា លោកបានចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ចដែលងអាចនឹងកាន់តែធ្ងន់ធ្ងរជាងនេះ។
នៅអំឡុងពេលដែលមានការតវ៉ាខ្លាំងក្លានៅក្នុងទីក្រុងកូឡុំបូ និងប្រធានាធិបតីបានរត់ចេញពីប្រទេស នាយករដ្ឋមន្ត្រីស្រីលង្កា លោករ៉ានីល ក៏បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នម្ដងរួចហើយដែរ ហើយបើគិតតាំងពីខែមេសាមក ប្រទេសនេះ ក៏បានប្រកាសដាក់ប្រទេសក្នុងគ្រាសអាសន្ន ជាច្រើនដងរួចមកហើយ។
យ៉ាងណាមិញ ការដាក់លិខិតសុំលាលែងពីតំណែងរបស់លោក Gotabaya Rajapaksa ត្រូវបានទទួលយកដោយសភាស្រីលង្កាកាលពីថ្ងៃសុក្រទី១៥ខែកក្កដា ក្រោយពីមានមហាបាតុកម្មពីសំណាក់ប្រជាពលរដ្ឋស្រីលង្ការាប់សែននាក់បានចេញតវ៉ាតាមដងផ្លូវធំៗនៃទីក្រុងកូឡុំបូកាលពីមួយសប្តាហ៍មុន ហើយបានចូលទៅកាន់កាប់លំនៅដ្ឋាន និងការិយាល័យផ្លូវការប្រធានាធិបតីតែម្តង។
ការណ៍នេះបានជំរុញឲ្យសភារបស់ប្រទេសស្រីលង្កាជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ស្របពេលដែលការដឹកជញ្ជូនប្រេងឥន្ធនៈថ្មីបានមកប្រទេសមួយនេះ ដើម្បីជួយសង្គ្រោះការខ្វះខាតប្រេងឥន្ធនៈជាច្រើនខែមកនេះ។
គួររំឭកថា លោករ៉ានីល ដែលធ្លាប់ជានាយករដ្ឋមន្ត្រី និងជាដៃគូដ៏ជិតស្និតរបស់លោក Rajapaksa តែក្រោយប្រធានាធិបតីរូបនេះចេញពីប្រទេស លោករ៉ានីលត្រូវបានសភាតែងតាំងជាប្រធានាធិបតីស្តីទីតែម្តង មុនការបោះឆ្នោតប្រធានាធិបតីឈានមកដល់។
ទោះបីជាយ៉ាងនេះក្តី ប្រជាជនស្រីលង្កាដែលជាអ្នកតវ៉ានោះ ក៏បានប្រឆាំងឲ្យលោករ៉ានីលចុះចេញពីតំណែងដូចគ្នាដែរ ដោយត្រូវបានគេមើលឃើញថា ប្រសិនជាលោកវ៉ានីលត្រូវបានជាប់ឆ្នោតសារជាថ្មីនោះ នឹងជំរុញឲ្យមានភាពចលាចលក្នុងប្រទេសនេះបន្តទៅទៀត៕