Advertisement
អេស៊ីលីដា ចូលផ្សារហ៊ុន

ធនាគារ អេស៊ីលីដា «គ្រោងបោះផ្សាយលក់ភាគហ៊ុន ក្នុង​ពេលឆាប់ៗនេះ» បន្ទាប់ពីទើបទទួលបានការយល់ព្រមពីធនាគារជាតិ


ក្រោយពីទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ ធនាគារ​អេស៊ីលីដា គ្រោងបន្តគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬហៅថា លក់ភាគហ៊ុន លើកដំបូងជាសាធារណៈ នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារ ពាណិជ្ជទី១ នៅកម្ពុជា ដែលនឹងបញ្ចុះបញ្ជីលក់ភាគហ៊ុន ក្នុងក្រុមហ៊ុនផ្សារ​មូលបត្រកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ធនាគារនេះ។
ធនាគារ អេស៊ីលីដា គ្រោងបោះផ្សាយលក់ភាគហ៊ុន នៅពេលឆាប់ៗនេះ បន្ទាប់ពីទើបទទួលបានការយល់ព្រមពីធនាគារជាតិ
Advertisement

ការបោះផ្សាយលក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជាសាធារណៈ (IPO) ត្រូវបាន​គេមើលឃើញថា គឺជា​ការ​បង្កើតបាន​នូវសករាជថ្មីនៃ​ប្រវត្តិជោគជ័យ​របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងបង្ហាញពី ភាព​រីកលូតលាស់​ខ្លាំង​នៃវិស័យ​​វិស័យ​ធនាគារហិរញ្ញវត្ថុ​នៅកម្ពុជា។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា ការបោះ ផ្សាយមូលបត្រកម្មសិទ្ធិ​ជាលើកដំបូង​របស់​ធនាគារអេស៊ីលីដា គឺ ដើម្បីបង្កើន​ប្រភពទុន​ដ៏សម្បូរបែប និងគាំទ្រ​ការរីក​ចម្រើននាពេល​អនាគត។

«ធនាគារ​ទើបនឹងទទួល​បានលិខិត​ពីធនាគារជាតិ នៃកម្ពុជា​​​ ដើម្បីបន្តនីតិ​វិធីស្នើ​សុំ​បោះផ្សាយ​លក់​មូលបត្រកម្ម​សិទ្ធិ​​លើកដំបូង​ជាសាធារណៈរបស់ធនាគារ នៅគណៈកម្មការមូលបត្រ​កម្ពុជា (គ.ម.ក.) ។ ភាគហ៊ុនិ​ក​របស់ធនាគារ​បានឯកភាពគ្នាជាឯកច្ឆន្ទ ធ្វើការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិលើកដំបូង​ជា​សា​ធារ​ណៈ​​ ដើម្បីបង្កើន​ប្រភពទុន​ដ៏សម្បូរបែប និងគាំទ្រ​ការរីក​ចម្រើននាពេល​អនាគត តាមរយៈ​ទីផ្សារ​មូលធនកម្ពុជ។» ប្រសាសន៍​របស់​លោកបណ្ឌិត អ៊ិន ចាន់នី។ 

លោកបណ្ឌិត អ៊ិន ចាន់នី បាន​គូសបញ្ជាក់ទៀតថា ភាគហ៊ុន របស់​ធនាគារអេស៊ីលីដា នឹង​ត្រូវដាក់លក់​ជូន​សាធារណជន បន្ទាប់ពី​ធនាគារនេះ ទទួលបាន​ការអនុញ្ញាត​ពី​ផ្សារមូលបត្រកម្ពុជា និង​គណៈកម្មការ​មូលបត្រ​កម្ពុជា។

«ក្នុងឱកាសនេះ យើងខ្ញុំសូមជូនដំណឹងដល់អតិថិជន និង​សាធារណជន​ទាំងអស់ មេត្តាជ្រាបថា ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងត្រូវបាន​ដាក់​លក់​ជូនសាធារណជន បន្ទាប់ពីទទួលបានការអនុញ្ញាតជាបន្តបន្ទាប់ពី ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) និងគណៈកម្មការ មូលបត្រកម្ពុជា (គ.ម.ក.)។ យើងខ្ញុំនឹងធ្វើការផ្សព្វផ្សាយអំពីកាលបរិច្ឆេទដាក់លក់​មូលបត្រកម្មសិទ្ធិ​របស់​ធនាគារនាពេលដ៏ខ្លីខាងមុខនេះ។ នេះគឺជាឱកាសដ៏ពិសេសសម្រាប់​សាធារណជន ក្នុងការចូលរួម វិនិយោគជាមួយធនាគារ ដើម្បីក្លាយជាភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី»។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រសាសន៍​យ៉ាងដូច្នេះ។

ការបោះផ្សាយ​លក់មូលបត្រ​កម្មសិទ្ធិ​ជាសាធារណៈលើកដំបូង​របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានចាត់ទុកជា “ការបោះផ្សាយ​លក់មូលបត្រ​កម្មសិទ្ធិលើកដំបូង​ជាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​​” ដែលលើកទឹកចិត្ត​ដល់វិនិយោគិន​រូបវ័ន្តបុគ្គល និងសាធារណជន​ក្នុង​ការទិញ​ភាគហ៊ុន​ទៅតាម​លទ្ធភាព របស់ខ្លួន។ 

Advertisement

ក្រុមហ៊ុន Yuanta Securities (Cambodia) Plc. ត្រូវបាន​ធនាគារ​អេស៊ីលីដា ជ្រើសរើស ជា​ទីប្រឹក្សាហិរញ្ញវត្ថុ​តែមួយ​គត់​របស់​របស់ខ្លួន ក្នុងការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិនេះ។

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន Yuanta Securities (Cambodia) Plc. បានមាន ប្រសាសន៍ថា «ទំហំនៃប្រតិបត្តិការជួញដូរ និង ការកើនឡើងនៃ​ចំនួន​វិនិយោគិន តាមរយៈ​ដំណើរការបោះផ្សាយ​លក់មូលបត្រ​កម្មសិទ្ធិ​ជាសាធារណៈ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងធ្វើឲ្យមាន​ការផ្លាស់ប្តូរ​ថាមភាព​របស់ផ្សារហ៊ុន និងនាំទីផ្សារ មូលធន ឆ្ពោះទៅដំណាក់​កាល​អភិវឌ្ឍន៍ថ្មី និងរីកចម្រើនជាងមុន»។ លោក Han Kyung Tae បានមានប្រសាសន៍​បន្ថែមថា«“មូលធនូបនីយកម្ម​ទីផ្សារសរុប​របស់ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា អាច នឹងកើនបីដង​ជាមួយ​នឹងការចុះបញ្ជី​របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នេះ»។

គួរបញ្ជាក់ថា​ក្នុងរយៈពេល ២៧ឆ្នាំកន្លងមកនេះ ធនាគារ អេស៊ីលីដា បានកម្លាយ​ខ្លួនពីអង្គការ​ក្រៅ​រដ្ឋាភិបាល (NGO) ទៅជាធនាគារ​លំដាប់ថ្នាក់​លេខ១ នៅកម្ពុជា។ តាមរយៈ​ការរីកចម្រើន​របស់ខ្លួន និងការ​វិវឌ្ឍជាបន្តបន្ទាប់ បានធ្វើឲ្យធនាគារ អេស៊ីលីដា ភីអិលស៊ី បន្តឈានមុខគេនៅក្នុង​​​វិស័យធនាគារ៖ ពីអង្គការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច​ និងមធ្យម ទៅជាធនាគារ​ឯកទេស និងធនាគារពាណិជ្ជ​ដែលមានការរីកចម្រើន​ប្រកបដោយ​ចីរភាព​រហូតមកដល់​សព្វថ្ងៃ។ 

គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារ​ធំជាងគេ​បំផុតនៅកម្ពុជា ដែលមានសំពៀត​ឥណទានសរុប ៣,៦១ ប៊ីលាន​ដុល្លារអាមេរិក និងមូលធន​សរុប ៨៩៨,៥៦ លានដុល្លារអាមេរិក ទ្រព្យសកម្មសរុប ៦,០៩ ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុប ៤,២៤ ប៊ីលានដុល្លារអាមេរិក។

គួរបញ្ជាក់ដែរថា ធនាគារ​អេស៊ីលីដា គឺជាធនាគារ​ពាណិជ្ជទី១ និងដំបូងគេ ដែលបាន​បោះផ្សាយ​លក់​មូលបត្រកម្មសិទ្ធិ ឬហៅថា លក់ភាគហ៊ុន នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា ខណៈដែល​កន្លងមក​ក៏មាន​ធនាគារ​ពាណិជ្ជ​ ABA និង គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ហត្ថាកសិករ និង LOLC ក៏ធ្លាប់បាន​បោះផ្សាយ​លក់​សញ្ញាបណ្ណ ឬហៅថា​មូលបត្រ​បំណុល​របស់ខ្លួន​​នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា​ផងដែរ។ 

បច្ចុប្បន្នក្រុមហ៊ុន​ផ្សារភាគហ៊ុនកម្ពុជា ក្រុមហ៊ុនចុះបញ្ជី​សរុបចំនួន ៨ ដែលរួមមាន ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជី​ជាភាគហ៊ុន និង ៣ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ហើយក្រុមហ៊ុន​ទាំង ៨ បានប្រមូល​ទុនពី ផ្សារមូលបត្រ​សរុបជាង ១៦០លាន​ដុល្លារអាមេរិក។

បើតាមការ​បង្ហើប​ឲ្យដឹងពី ឯកឧត្តម ហុង សុហួរ ​នាពេល​ថ្មីៗនេះ​ថា មានក្រុមហ៊ុនថ្មីៗ​ចំនួន ៥ បានបង្ហាញពី ចំណាប់​អារម្មណ៍ចុះបញ្ជី​ទៅលើ ផ្សារមូលបត្រកម្ពុជា ដែលរំពឹង​នឹងអាចចុះបញ្ជី​នៅដើមឆ្នាំ ២០២០ខាងមុខ តែយ៉ាងណាមិញ ក្រុមហ៊ុនទាំង ៥នេះ ស្នើសុំ​រក្សាសិទ្ធិ​មិនទាន់​បញ្ចេញ​ឈ្មោះ​ឲ្យដឹងនោះទេ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Oxley Gem រកបានក្រុមហ៊ុនអ្នកម៉ៅការសាងសង់ថ្មីហើយ! ដើម្បីសាងសង់អគារខ្ពស់កប់ពពក The Peak

ព័ត៌មាន
ក្រោយពីបានបានសម្រេច បញ្ចប់កិច្ចសន្យាម៉ៅការសំណង់ជាមួយក្រុមហ៊ុន Sino Great Wall International Engineering Co, Ltd (“ SINO”) រួចមក ...

ស្រីលង្កា ចង់​លុប​ចោល​វិញនូវ​កិច្ចសន្យា​ជួល​កំពង់ផែ​ឲ្យ​ចិន ៩៩ឆ្នាំ​

ព័ត៌មាន
រដ្ឋាភិបាល​ថ្មី​របស់​ប្រទេសស្រីលង្កា ដែលដឹកនាំ​ដោយ​ប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាផាក់សា (Gotabaya Rajapaksa) មានបំណង​ចង់​លុបចោល​វ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ