នៅក្នុងកម្មវិធីសម្ពោធរថយន្តថ្មីម៉ាក Musso Grand របស់ក្រុមហ៊ុនសាំងយ៉ុង លោក រឿន ឧត្តម ប្រធាន ផ្នែកលក់ជាន់ខ្ពស់ នៃក្រុមហ៊ុនសាំងយ៉ុងប្រចាំកម្ពុជាបានឲ្យដឹងថា ការពិតទៅរថយន្តដែលផលិត ដោយក្រុមហ៊ុនសាំងយ៉ុងមានវត្តមាននៅលើប្រទេសកម្ពុជាយូរណាស់មកហើយ គ្រាន់តែថា មិនទាន់មាន Showroom នៅកម្ពុជា។ តែក្រោយមកកាលពីអំឡុងឆ្នាំ២០១៨កន្លងទៅ ដោយមើលឃើញពីនិន្នាការ ជាពិសេសការនិយមប្រើប្រាស់រថយន្តថ្មីរបស់ពលរដ្ឋកម្ពុជា មានការកើនឡើងផងនោះ ទើបក្រុមហ៊ុនសាំងយ៉ុងសម្រេចចិត្តមកបើក Showroomនៅកម្ពុជា ព្រមជាមួយនឹងការបើករោងចក្រដំឡើងរថយន្តនៅ ក្រុងបាវិត ខេត្តស្វាយរៀងផងដែរ។
ប្រធានផ្នែកលក់ជាន់ខ្ពស់នៃក្រុមហ៊ុនសាំងយ៉ុងប្រចាំកម្ពុជារូបនេះបានឲ្យដឹងថា ក្រុមហ៊ុនសាំងយ៉ុង បានចាប់យកចំណែកទីផ្សាររថយន្តនៅកម្ពុជាបានច្រើនគួរសមដែរ ដោយក្នុងមួយខែក្រុមហ៊ុនបានលក់រថយន្តប្រហែល ៣០ ទៅ៤០គ្រឿង ដែលជាហេតុធ្វើឲ្យរោងចក្រតម្លើងរថយន្តរបស់ក្រុមហ៊ុន មមាញឹកក្នុងការដំឡើងរថយន្តជារៀងរាល់ថ្ងៃ។
ចំពោះការប្រើប្រាស់រថយន្តថ្មី និងមួយទឹកវិញ លោក រឿន ឧត្តម្ភ យល់ឃើញថា ពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់រថយន្តថ្មីច្រើន ដោយសារតែមានការដំឡើងពន្ធនាំចូលរថយន្តមួយទឹកផង ហើយរថយន្តថ្មីក៏មានតម្លៃសមរម្យ ដែលស័ក្ដសមនឹងចំណូលរបស់ពលរដ្ឋខ្មែរ។ មួយវិញទៀតការបើករោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនសាំងយ៉ុងនៅក្រុងបាវិតនាពេលនេះ ក៏ជួយកាត់បន្ថយការបង់់ពន្ធជាជាងការនាំរថយន្តទាំងមូលមក ថែមទាំងផ្តល់ការងារដល់ពលរដ្ឋបានមួយចំនួនធំទៀតផង។
ក្រុមហ៊ុនសាំងយ៉ុងបានបង្ហាញពីយុទ្ធសាស្រ្តទីផ្សារនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើតម្លៃសមរម្យ ដោយរថយន្តគ្រប់ប្រភេទរបស់ក្រុមហ៊ុនមានតម្លៃចន្លោះពី ២៧.០០០ ដុល្លារអាមេរិក ទៅ៥៩.៥០០ដុល្លារអាមេរិក ដោយគុណភាពម៉ាស៊ីន និងច្ចេកវិទ្យារបស់រថយន្តមកពីប្រទេសអាល្លឺម៉ង់។ ការលក់នៅក្នុងតម្លៃនេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនសាំងយ៉ុងជឿជាក់ នឹងអាចចាប់យកចំណែកទីផ្សាររថយន្តបន្ថែមទៀតនៅកម្ពុជា។ ក្រៅពីកម្ពុជាហើយ ក្រុមហ៊ុនសាំងយ៉ុង ក៏មានវត្តមាននៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងអឺរ៉ុបផងដែរ៕