Advertisement
Advertisement
ការដក-តែងតាំង​តំណែង លោក ញឹម វណ្ណដា!

អស់​តំណែង​ដោយសារ​«ខ្វះ​ការ​ទទួល​ខុស​ត្រូវ​និង​ភូតភរ» លោក ញឹម វណ្ណដា ឥឡូវ​ក្លាយ​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល


រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​​ពី​អស់​តំណែង​ដោយសារ​តែ​«ខ្វះ​ការទទួល​ខុស​ត្រូវ​និង​ភូតភរ» ចំពោះ​ករណី​បាក់​អគារ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ដែល​សម្លាប់​មនុស្ស ២៨​នាក់ លោក ញឹម វណ្ណដា ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​វិញ ដែល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្រ្តី​ដដែល។
លោក ញឹម វណ្ណដា ឥឡូវ ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល ឋានៈ​ស្មើ​ ទេសរដ្ឋមន្ត្រី។ រូបភាព​ឯកសារ ៖ ហេង ភារម្យ
ដោយ
Advertisement

ការ​បាក់​អគារ​កម្ពស់​៧​ជាន់ កាលពីថ្ងៃ​ទី​២២ ខែ​មិថុនា ដែល​ផ្ដាច់​ផ្ដិត​ជីវិត​កម្មករ​ខ្មែរ​ចំនួន ២៨​នាក់ និងធ្វើ​ឲ្យ​របួស ២៦​នាក់​ផ្សេង​ទៀត គឺ​ជា​សោកនាដកម្ម​ដ៏​ធំ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ករណី​រត់​ជាន់​គ្នា​នៅ​កោះពេជ្រ កាលពី​ឆ្នាំ​២០១០ ដែល​ពេល​នោះ មាន​មនុស្ស​ស្លាប់​ជាង ៣០០​នាក់។

ភ្លាមៗ​នៅ​ក្រោយ​​ព្រឹត្តិការណ៍​​សោកនាដកម្ម​បាក់​អគារ​នេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ដក​លោក ញឹម វណ្ណដា ពី​តំណែង​ជា​ទេសរដ្ឋមន្ត្រី​និង​ជា​អនុប្រធាន ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

សម្តេច ហ៊ុន សែន បាន​សរសេរ​​នៅ​លើ​ហ្វេសប៊ុក កាលពី​ថ្ងៃ​ទី២៤ ខែ​មិថុនា យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា ថ្ងៃនេះ​ ខ្ញុំ​បាន​សម្រេច​ចិត្ត​ដក ឯកឧត្តម ញឹម វណ្ណដា ចេញ​ពី​តំណែង​ជា​ទេសរដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ភូតភរ។»

បន្ទាប់​មក សម្តេច​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា លោក ញឹម វណ្ណដា រវល់​ដេក​ជាមួយ​ស្រី​នៅ​ខេត្ត​កំពត ខណៈ​ដែល​ក្រុម​សង្រ្គោះ​កំពុងតែ​មមាញឹក​ស្វែងរក​អ្នក​កប់​ក្រោម​គំនរ​បែក​បាក់​អគារ​នោះ។

សម្តេច ហ៊ុន សែន បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ដូច្នេះ​ថា ៖ «ញឹម វណ្ណដា បាន​ទទួល​ខុសត្រូវ​លើ​រឿង​នេះ ហើយ ញឹម វណ្ណដា ពូកែ​ណាស់​ក្នុង​ការ​និយាយ ប្រើ​កម្លាំង​សម្រុក ស្អីៗ​ក៏​សម្រុក តែ​ពេល​ដែល​មាន​ការ ញឹម វណ្ណដា ដេក​នៅ​ឯខេត្ត​កំពត ជាមួយ​នឹង​ស្រីណា មិន​ដឹង​ទេ។ ខ្ញុំ​មិន​យល់​ទេ ត្រង់​ប្រពន្ធ ឬ​ក៏ស្រី ខ្ញុំ​មិន​យល់ ប៉ុន្តែ គាត់​ដេក​នៅឯ​ខេត្ត​កំពត ក្នុង​ពេល​ដែល​មាន​ព្រឹត្តិការណ៍​ដ៏​អកុសល​នៅ​ខេត្ត​ព្រះសីហនុ។»

យោងតាម​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៤ ខែ​មិថុនា លោក ញឹម វណ្ណដា ត្រូវ​បាន​តែងតាំង​និង​ផ្តល់​ឋានៈ​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្រ្តី។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​កម្ពុជា បាន​រិះគន់​ការតែងតាំង​នេះ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក ដូច្នេះ​ថា ៖ «តើ​ត្រូវ​ទេ តែងតាំង​ទេសរដ្ឋមន្ត្រី​មួយ​រូប​ដែល​នាយករដ្ឋមន្ត្រី​ដក​ហូត​ពី​មុខ​តំណែង និង​ប្រកាស​លាំងៗ​ថា "ខ្វះ​ការ​ទទួល​ខុសត្រូវ​និង​ភូតភរ" ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី នោះ?»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​បន្ត​ថា ៖ «ខូច​ឈ្មោះ​រាជ​រដ្ឋាភិបាល ខូច​ឈ្មោះ​នាយករដ្ឋមន្ត្រី​ដែល​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​អស់​ហើយ បើ​ធ្វើ​តែ​យ៉ាង​នេះ។ ខូច​ឈ្មោះ គេ​លែង​គោរព គេ​លែង​ទុក​ចិត្ត គេ​លែង​ស្តាប់។»

នៅពេល​ទាក់ទង​តាម​ទូរស័ព្ទ លោក ញឹម វណ្ណដា បាន​និយាយ​តាម​ទូរស័ព្ទ​ថា លោក​រវល់​ក្នុង​ពិធី​សម្ពោធ​សាលារៀន​មួយ អ៊ីចឹង​មិន​ទាន់​អាច​បកស្រាយ​បាន​ទេ នៅថ្ងៃទី​២៦ ខែ​មិថុនា​នេះ។

បន្ទាប់​ពី​ការ​បាក់​អគារ​​ តុលាការ​ខេត្ត​ព្រះសីហនុ បាន​ចោទ​ប្រកាន់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ចំនួន ៧នាក់ រួមទាំង​ជន​ជាតិ​ចិន ៥​នាក់, វៀត​ណាម ១​នាក់, និង​ខ្មែរ ១នាក់ ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា, បង្ក​របួស​ស្នាម​ដោយ​អចេតនា និង​បទ​បង្ក​ឲ្យ​ខូតខាត៕

© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនសាំងយ៉ុងកំពុង​ប្រជែងយក​​ចំណែក​ទីផ្សារ​រថយន្ដ​ថ្មី​នៅកម្ពុជា

ព័ត៌មាន
បើនិយាយពីរថយន្តសាំងយ៉ុង( Ssangyong)គេប្រហែលជាគិតដល់រថយន្តតាក់ស៊ី ដែលដឹកប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនានា ដែលបាននាំចូលមកពីប្រទេស និងមា...

ឯកឧត្តម សុខ ចិន្ដាសោភា៖ ច្បាប់វិនិយោគថ្មី នឹងមានការលើកទឹកចិត្តដល់ក្រុមហ៊ុន ដែលគិតគូរពីទំនួលខុសត្រូវសង្គម

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិងកំពុងរៀបចំបញ្ចប់នូវសេចក្ដីព្រាងច្បាប់វិនិយោគថ្មីៗ ក៏ដូចជាច្បាប់តំប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ