ធនាគារធំបំផុតមួយរបស់ប្រទេសអង់គ្លេស មានឈ្មោះថា Standard Chartered ធ្លាប់បានរួចផុតពីការចោទប្រកាន់ដោយក្រសួងយុត្តិធម៌របស់សហរដ្ឋអាម៉េរិក បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស របស់នាយករដ្ឋមន្ត្រី David Cameron បានធ្វើអន្តរាគមន៍ជំនួសធនាគារនេះក្នុងឆ្នាំ២០១២។
ប៉ុន្ដែ ឯកសារថ្មីៗ ដែលត្រូវបានដាក់ទៅតុលាការក្រុងញូវយ៉ក បានអះអាងថា ធនាគារ ដែលមានប្រមាណ៩០% នៃប្រាក់ចំណេញរបស់ខ្លួនបានមកពីការធ្វើប្រតិបត្តិការនៅអាស៊ី អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ានេះ បានធ្វើប្រតិបត្តិការផ្ទេរប្រាក់រាប់ពាន់ដងក្នុងទំហំទឹកប្រាក់សរុបជាង១០០ពាន់លានដុល្លារអាម៉េរិក ចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ដោយបំពានទណ្ឌកម្មដែលអាម៉េរិក បានដាក់លើប្រទេសអ៊ីរ៉ង់។
ការស៊ើបអង្កេតបានរកឃើញថា ប្រតិបត្តិការផ្ទេរប្រាក់យ៉ាងច្រើនសន្ធឹកទាំងនោះ មានជាប់ពាក់ព័ន្ធបុគ្គល និងអង្គភាព ដែលរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ចាត់ទុកថា ជា "ក្រុមភេរវករ" រួមទាំងក្រុមហេសបូឡា ក្រុមហាម៉ាស ក្រុមអាល់កៃដា និងក្រុមតាលីបង់ ផងដែរ។
ទោះយ៉ាងណា តាមរយៈសេចក្តីថ្លែងការណ៍មួយ ធនាគារអង់គ្លេស Standard Chartered បាននិយាយថា ខ្លួនសុំច្រានចោលការអះអាងរបស់អ្នកទម្លាយព័ត៌មានសម្ងាត់ទាំងនេះ ហើយថា ការចោទប្រកាន់ពីមុនរបស់ពួកគេក៏ត្រូវបានអាជ្ញាធររបស់សហរដ្ឋអាម៉េរិក ច្រានចោលមិនទទួលស្គាល់រួចហើយដែរ។
សូមបញ្ជាក់ថា ធនាគារ Standard Chartered ត្រូវបានចោទប្រកាន់ជាសាធារណៈពីបទក្លែងបន្លំទិន្នន័យប្រតិបត្តិការនៅលើប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ Swift ដើម្បីបញ្ជូនប្រាក់រាប់រយពាន់លានដុល្លារ តាមរយៈសាខាមួយរបស់ខ្លួននៅទីញូវយ៉ក ជួសមុខឱ្យអង្គភាពនានា ដែលរងទណ្ឌកម្មដូចជាធនាគារកណ្តាលនៃប្រទេសអ៊ីរ៉ង់ ជាដើម។
ប៉ុន្តែនៅខែកញ្ញា ឆ្នាំ២០១២ លោក ចច អូស្បន (George Osborne) ដែលជាទេសរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអង់គ្លេស របស់នាយករដ្ឋមន្ត្រី David Cameron បានធ្វើអន្តរាគមន៍ដោយសម្ងាត់ជួសមុខឱ្យធនាគារនេះ។
ជាលទ្ធផល រយៈពេល៣ខែក្រោយមក ក្រសួងយុត្តិធម៌អាម៉េរិក ក៏បានសម្រេចទម្លាក់ចោលការចោទប្រកាន់ធនាគារនេះ៕
ដោយ: តែម សុខុម