ក្រុមហ៊ុន​ Starbucks

ប្រាក់ចំណូលរបស់ Starbucks នៅកូរ៉េខាងត្បូង ដាំក្បាលចុះ ក្រោយធ្វើទីផ្សារប៉ះពាល់ដល់អារម្មណ៍ពលរដ្ឋកូរ៉េ


យុទ្ធសាស្ត្រផ្សព្វផ្សាយ និងការធ្វើទីផ្សារមិនមែនជារឿងដែលត្រូវមើលរំលងឡើយ ព្រោះតែដើរខុសតែមួយជំហាន អាចធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រាក់ចំណូលរបស់ក្រុមហ៊ុនដាំក្បាលចុះភ្លាម​ៗ។ ជាក់ស្តែង អ្វីដែលកំពុងកើតមានឡើងចំពោះក្រុមហ៊ុនកាហ្វេអាម៉េរិក Starbucks នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺជាមេរៀនអាជីវកម្មដ៏ធំមួយ ដែលគួរចងចាំ។
ប្រាក់ចំណូលរបស់ Starbucks
ដោយ

 បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg ប្រាក់ចំណូល និងទំហំនៃការលក់របស់ក្រុមហ៊ុន Starbucks នៅកូរ៉េខាងត្បូង កំពុងធ្លាក់ចុះយ៉ាងគំហុក ដោយសារតែរងការវាយប្រហារពីចលនាធ្វើពហិការជុំវិញយុទ្ធនាការទីផ្សារខុសឆ្គងមួយ ដែលមានឈ្មោះថា «Tank Day»។
ថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន Starbucks ប្រចាំប្រទេសកូរ៉េខាងត្បូង បានចេញមុខសុំទោសជាសាធារណៈ និងបានព្រមានអំពីការធ្លាក់ចុះ នៃប្រាក់ចំណូលយ៉ាងគំហុក ក្រោយផ្ទុះការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជន។ ចលនាពហិការដ៏ធំនេះ បានកើតឡើង ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មខុសឆ្គង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «Tank Day» ដែលជាការរំលឹកដល់ព្រឹត្តិការណ៍បង្ហូរឈាមកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៨០។
លោក ជង យ៉ុងជីង (Chung Yong-jin) ប្រធានក្រុមហ៊ុនមួយ ដែលទទួលបានសិទ្ធិផ្តាច់មុខលើការលក់កាហ្វេ Starbucks នៅកូរ៉េខាងត្បូង បានឱនក្បាលគោរពសុំទោសចំនួន៣ដងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៦ ខែឧសភា ដោយលោកបានសម្តែងការសោកស្តាយជាពន់ពេកចំពោះយុទ្ធនាការបញ្ចុះតម្លៃកាហ្វេ «Tank Day» ដ៏រសើបមួយនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសកូរ៉េខាងត្បូង គឺជាទីផ្សារដ៏ធំបំផុតមួយរបស់ Starbucks នៅក្រៅសហរដ្ឋអាម៉េរិក និងប្រទេសចិន។ បើតាមប្រវត្តិសាស្ត្រព្រឹត្តិការណ៍ថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៨០ គឺជាទំព័រដ៏ខ្មៅងងឹត និងរន្ធត់បំផុតនៅក្នុងដំណើរស្វែងរកលទ្ធិប្រជាធិបតេយ្យនៅកូរ៉េខាងត្បូង បន្ទាប់ពីរបបយោធានាជំនាន់នោះ បានដាក់ពង្រាយកងទ័ពរថក្រោះ ដើម្បីបង្ក្រាបការធ្វើបាតុកម្មរបស់និស្សិត និងពលរដ្ឋនៅក្នុងទីក្រុងក្វាងជូ ភាគខាងត្បូងប្រទេស បណ្តាលឱ្យមនុស្សរាប់សិបនាក់ត្រូវបាត់បង់ជីវិតយ៉ាងអយុត្តិធម៌។
ក្រោយពេលផ្ទុះចលនាប្រឆាំងយ៉ាងក្តៅគគុកពីសំណាក់អតិថិជន នាយកប្រតិបត្តិប្រចាំតំបន់របស់ក្រុមហ៊ុនត្រូវបានបណ្តេញចេញពីតំណែងភ្លាមៗ ខណៈដែលទីស្នាក់ការកណ្តាលរបស់ Starbucks នៅសហរដ្ឋអាម៉េរិក ក៏បានប្រកាសចេញសេចក្តីថ្លែងការណ៍អន្តរាគមន៍ ដោយថ្កោលទោស និងហៅយុទ្ធនាការទីផ្សាររបស់ដៃគូកូរ៉េខាងត្បូងនេះថា ជារឿងមិនអាចទទួលយកបានឡើយ។
ដោយឡែក ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេមីយ៉ុង (Lee Jae-myung) ក៏បានចេញមុខរិះគន់ចំៗកាលពីសប្តាហ៍មុនផងដែរថា យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មបែបនេះ គឺជាអាកប្បកិរិយាអមនុស្សធម៌ និងជាការធ្វើជំនួញខ្វះការពិចារណា ដែលគិតតែពីប្រាក់ចំណេញ ដោយមិនខ្វល់ពីទម្ងន់ នៃសេចក្តីឈឺចាប់របស់ជាតិសាសន៍ខ្លួនឯង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មេក្រុមហ៊ុន Vingroup បង្កើតក្រុមហ៊ុនថ្មីតម្លៃ៣ពាន់លានដុល្លារ ចំពេលក្រុមហ៊ុន VinFast កំពុងជួបវិបត្តិបំណុលធ្ងន់ធ្ងររហូតដល់៧ពាន់លានដុល្លារ

លោក ផាម ញ៉ាត វួង (Pham Nhat Vuong) កំពូលមហាសេដ្ឋីវៀតណាម និងជាអ្នកមានបំផុតម្នាក់នៅអាស៊ីអាគ្នេយ៍ កំពុងបោះទុនបង្កើតក្រុមហ៊ុនថ្មីមួយទៀត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ