រដ្ឋបាត់បង់ចំណូលពន្ធអាករនាំចូលជាង៥រយលានដុល្លារ

រដ្ឋបាត់បង់ចំណូលពន្ធអាករនាំចូលជាង៥រយលានដុល្លារ នៅឆមាសទី១ ដោយសារកំណើនផលិតកម្មក្នុងស្រុក


កំណើននៃផលិតកម្មក្នុងស្រុកសំខាន់ៗ មួយចំនួនបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី វាក៏បានធ្វើឲ្យប៉ះពាល់ដល់កិច្ចការប្រមូលចំណូលពន្ធអាករ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមួយចំនួនដែរ។ ជាក់ស្ដែង នៅឆមាសទី១ ក្នុងឆ្នាំ២០២២ រដ្ឋបាត់បង់ចំណូលពន្ធអាករនាំចូលជាង ៥រយលានដុល្លារ ដោយសារកំណើននៃផលិតកម្មក្នុងស្រុកមួយចំនួន ដូចជា ការកើនឡើងនូវ រោងចក្រដំឡើងរថយន្ត រោងចក្រផលិតស៊ីម៉ង់ត៌ និងរោងចក្រផលិតស្រាបៀរជាដើម។
រដ្ឋបាត់បង់ចំណូលពន្ធអាករនាំចូលជាង៥រយលានដុល្លារ នៅឆមាសទី១ ដោយសារកំណើនផលិតកម្មក្នុងស្រុក

យ៉ាងណាមិញ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ការថយចុះនៃចំណូលនាំចូល ដែលបណ្ដាលមកការផលិតក្នុងស្រុកជំនួសទំនិញនាំចូលពីក្រៅប្រទេសនេះ គឺជាសញ្ញាណវិជ្ជមានទៅវិញទេ សម្រាប់សេដ្ឋកិច្ចកម្ពុជា។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២២ ផលិតផលក្នុងស្រុកជំនួសការនាំចូលសំខាន់ៗ រួមមាន៖ ស្រាបៀរ ស៊ីម៉ង់ត៍ ភេសជ្ជៈ បារី និងយានយន្តជាដើម។ ផ្អែកលើទិន្នន័យបរិមាណផលិតកម្មក្នុងត្រីមាសទី១ ឆ្នាំ២០២២ ដែលផ្តល់ដោយអគ្គនាយកដ្ឋានពន្ធដារ គួបផ្សំនឹងទិន្នន័យដែលទទួលបានពីវិនិយោគិនពាក់ព័ន្ធ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានធ្វើការប៉ាន់ស្មានទំហំនៃការបាត់បង់ចំណូលពន្ធ និងអាករនាំចូល ពីមុខទំនិញទាំងអស់ខាងលើឃើញថា អាចមានទំហំប្រមាណ ៥២៦លានដុល្លារអាមេរិក។ ក្នុងនោះ ចំណូលពន្ធដែលបាត់បង់ពីការនាំចូលស្រាបៀរគឺមានច្រើនជាងគេ គឺមានដល់ទៅជាង២៣៧លានដុល្លារ បន្ទាប់មកគឺស៊ីម៉ត៌មានជាង១០០លានដុល្លារ។ ក្រៅពីនោះ ផលប៉ះពាល់ចំណូលពន្ធពីការនាំចូលពីការផ្គុំដំឡើងរថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្ត មានទំហំប្រមាណ ៨៥លានដុល្លារ។ ទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ការកើនឡើងនៃផលិតកម្មក្នុងស្រុក ជំរុញឲ្យការថយចុះនៃចំណូលពន្ធ និងអាករនាំចូលនេះ គឺជាសញ្ញាណវិជ្ជមាន ទៅវិញទេ សម្រាប់សេដ្ឋកិច្ចកម្ពុជា។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជា បានយល់ឃើញ នៅពេលដែលកម្ពុជានាំចូលផលិតផលពីខាងក្រៅ មានន័យថាកម្ពុជាបាននាំចេញរូបិយបណ្ណបរទេស ហើយនៅពេលដែលប្រទេសមួយមានការនាំចេញរូបិយបណ្ណកាន់តែច្រើន នឹងធ្វើឲ្យមានឱនភាពសេដ្ឋកិច្ច។ ដូច្នេះ នៅពេលដែលផលិតកម្មក្នុងស្រុកកើន នោះមានន័យថា ការនាំចូលផលិតផលនឹងត្រូវកាត់បន្ថយដូចគ្នា ហើយការថយចុះនៃការប្រមូលពន្ធ និងអាករនាំចូល វាបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានសញ្ញាណវិជ្ជមាន។

ដោយឡែក បណ្ឌិត គី សិរីវឌ្ឍន៍ យល់ឃើញថា ការជំរុញផលិតកម្មក្នុងស្រុក និងលំហូរការនាំចូលទំនិញពីប្រទេសចិន ដោយមិនជាប់ពន្ធជាដើម សុទ្ធតែជាកត្តាធ្វើឲ្យការប្រមូលចំណូលពន្ធគយថយចុះ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី សម្រាប់បណ្ឌិត គី សេរីវឌ្ឍន៍ បានអះអាងថា ការកើនឡើងនៃផលិតកម្មក្នុងស្រុកជំនួសឲ្យការនាំចូលដែលមានឥទ្ធិពលជាវិជ្ជមានចំពោះសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា បង្កើនឱកាសការងារជូនប្រជាជនកម្ពុជា ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងត្រីឆមាសទី១ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា បានទទួលបានចំណូលពន្ធអាករសរុបជិត១ពាន់៣រយលានដុល្លារអាមេរិក ដែលស្នើនឹង ៥០ភាគរយ នៃផែនការកំណត់ដោយច្បាប់ថវិកា។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីពេលថ្មីៗនេះ៕




អត្ថបទបន្ទាប់


ក្រុមមេដឹកនាំសហភាពអឺរ៉ុប និងអាល្លឺម៉ង់សន្យាធ្វើកំណែទម្រង់ ដើម្បីកាត់បន្ថយតម្លៃអគ្គិសនី

ព័ត៌មាន
ប្រធានប្រតិបត្តិសហភាពអឺរ៉ុប និងជាអធិការបតីនៃប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទបានសន្យាធ្វើកំណែទម្រង់ទីផ្សារថាមពលអគ្គិសនីរបស់ទ្វីបអឺរ៉ុបនៅឆ្នាំក្…

សេដ្ឋកិច្ចពិភពលោកនឹងខាតបង់ជាង ៥ទ្រីលានដុល្លារ ដោយសារគ្រោះមហន្ដរាយធម្មជាតិនៅត្រឹមឆ្នាំ២០៥០

ព័ត៌មាន
បើតាមរបាយការណ៍ពីស្ថាប័នជំនាញស្រាវជ្រាវផ្នែកបរិស្ថាន GHD របស់អង់គ្លេស បានរកឃើញថា វិបត្តិគ្រោះរាំងស្ងួត ខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងនៅក្នុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ