Advertisement
Advertisement
Advertisement
ផ្សារ​មូលបត្រ

ផ្សារ​មូលបត្រ! វិស័យ​ថ្មី​សម្រាប់​កម្ពុជា តែ​ជា​និន្នាការ​ធុរកិច្ច​សាកល


ការ​ឡើង​ផ្សារ​មូលបត្រ ឬ​ហៅ​ថា បោះ​ផ្សាយ IPO គឺ​ជា​វិធីសាស្ត្រ​ក្នុង​ការ​ពង្រីក​វិសាលភាព​អាជីវកម្ម​ដ៏​ពេញ​និយម​មួយ ដែល​ក្រុមហ៊ុន​ជា​ច្រើន​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​នានា ជ្រើស​យក​មក​អនុវត្ត។
ពី​ឆ្វេង​ទៅស្ដាំ៖ ឯកឧត្ដម ហុង សុខហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា, លោកស្រី Kobboon Srichai អនុប្រធាន​​​ប្រតិបត្តិជាន់​ខ្ពស់​​ក្រុមហ៊ុន CPF និង​លោក Chanitr Charnchainarong ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ-កម្ពុជា។
ដោយ
អំពី មូលបត្រ 614
Advertisement

ប៉ុន្ដែ យ៉ាង​ណា​ក៏​ដោយ វិស័យ​នេះ​ហាក់​ដូចជា​នៅ​តែ​មាន​ភាព​ថ្មី​សន្លាង​​នៅ​​ឡើយ​សម្រាប់​កម្ពុជា ខណៈ​ដែល​ក្រុមហ៊ុន​ដែល​បាន​ឡើង​ផ្សារ​ហ៊ុន ឬ​បោះ​ផ្សាយ​មូលបត្រ​នេះ ទើបតែ​មាន​៥​ក្រុមហ៊ុន​ប៉ុណ្ណោះ គឺ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ក្រុមហ៊ុន Grand Twins International តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។

ឯកឧត្តម ហុង សុខហ៊ួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បាន​លើក​ឡើង​ថា ភាព​យឺតយ៉ាវ​នៃ​ការ​សម្រេច​ចិត្ត​ចុះ​បញ្ជី​បោះផ្សាយ​មូលបត្រ​នៅ​កម្ពុជា គឺ​ដោយសារ​តែ​ក្រុមហ៊ុន​ភាគ​ច្រើន ហាក់​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​នៅ​ឡើយ ខណៈ​ដែល​ក្រុមហ៊ុន ឬ​សហគ្រាស​ធុន​តូច​និង​មធ្យម​ភាគ​ច្រើន នៅ​មាន​ការ​គ្រប់គ្រង​មិន​ទាន់​មាន​ស្ដង់ដារ​ជាក់​លាក់​នៅ​ឡើយ។

ដោយ​មើល​ឃើញ​ពី​ភាព​ក្មេង​ខ្ចី​នៃ​វិស័យ​នេះ កាល​ពី​ពេល​ថ្មីៗ​នេះ គណៈកម្មការ​មូលបត្រ​កម្ពុជា បាន​បើក​នូវ​សិក្ខា​សាលា​មួយ​ស្ដី​អំពី​កម្មវិធី​ឧត្តមភាព ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​ក្រុមហ៊ុន ក៏​ដូចជា​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា បាន​សិក្សា​បន្ថែម​អំពី​ឱកាស និង​ការ​រៀបចំ​ខ្លួន​ដើម្បី​ឈាន​ទៅ​រក​ការ​បោះផ្សាយ​មូលបត្រ​របស់​ខ្លួន ដោយ​មាន​ការ​ចូលរួម​ពី​សហគ្រាស​ធុន​តូច​និង​មធ្យម​ប្រមាណ​ជាង​៧០​សហគ្រាស ក្រោម​ការ​ចែក​រំលែក​ពី​បទ​ពិសោធន៍​ល្អៗ​ពី​សំណាក់​ក្រុមហ៊ុន​ធំៗ​នៅ​ក្នុង​តំបន់។

កម្មវិធី ឧត្ដមភាព ដែលរៀបចំ​ឡើងដោយ​គណៈកម្មការ​មូលបត្រ​កម្ពុជា និង​ផ្សារ​មូលបត្រ​កម្ពុជា។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​នឹង​ជួយ​លើក​កម្ពស់​សមត្ថភាព​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដើម្បី​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ដំណើរការ​នៃ​ការ​រៀបចំ​ខ្លួន​ឡើង​ផ្សារហ៊ុន​សម្រាប់​អាជីវកម្ម​របស់​ខ្លួន។

ឯកឧត្តម​បន្ត​ថា ការ​ឈាន​ជើង​ចូល​ទៅ​ក្នុង​ការ​បោះផ្សាយ​មូលបត្រ​នេះ មិន​ត្រឹម​តែ​ជា​ការ​ប្រមែ​ប្រមូល​ទុន​សម្រាប់​ពង្រីក​វិសាលភាព​អាជីវកម្ម​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ វា​ក៏​ជា​កញ្ចក់​ដ៏​ថ្លា​ឆ្វង់​​មួយ ដែល​អាច​ឆ្លុះ​បញ្ហា​ឲ្យ​ឃើញ​ពី​សមត្ថភាព​ពិត​ក្នុង​ការ​គ្រប់គ្រង​និង​តម្លាភាព ដែល​វា​នឹង​ផ្ដល់​នូវ​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​សម្រាប់​​អតិថិជន ក៏​ដូចជា​ដៃគូ​វិនិយោគ​នានា។ មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ដែល​បាន​ចូល​ផ្សារហ៊ុន ក៏​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ទៀត ដើម្បី​ពង្រីក​អាណាចក្រ​អាជីវកម្ម និង​ភាព​ជា​ដៃគូ​កាន់​តែ​ប្រសើរ​ឡើង​ផង​ដែរ។

ជាមួយ​គ្នា​នេះ លោក​ឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា តាម​របាយការណ៍​ក្រសួង​ផែនការ គិត​មក​ទល់​ពេល​នេះ សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​មាន​ប្រមាណ ៥៣​ម៉ឺន​សហគ្រាស​ហើយ ខណៈ​ដែល​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សហកម្ម និង​សិប្បកម្ម​មាន​ប្រមាណ​ជិត ៤​ម៉ឺន​សហគ្រាស។ ប៉ុន្ដែ​ក្នុង​​ចំណោម​សហគ្រាស​ទាំង​នោះ ភាគច្រើន​នៅ​មាន​ភាព​មិន​ច្បាស់​លាស់ ក៏​ដូចជា​កំពុង​ប្រឈម​នឹង​កត្តា​មួយ​ចំនួន​សម្រាប់​ការ​ដំណើរការ​ទៅ​រក​ការ​បោះផ្សាយ​មូលបត្រ​របស់​ខ្លួន​ផង​ដែរ។

លោក​ឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា។

ប៉ុន្ដែ លោក​ឧកញ៉ា​គូស​បញ្ជាក់​ថា លោក​បាន​និង​កំពុង​សម្រួល​ជាមួយ​រដ្ឋាភិបាល​រួច​ហើយ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពាណិជ្ជករ ក៏​ដូចជា​ក្រុមហ៊ុន សហគ្រាស​ទាំង​ឡាយ​ណា ដែល​មាន​បំណង​ចង់​ចូល​ផ្សារ​ហ៊ុន។ ព្រោះ​ថា ស្រប​ពេល​ដែល​កម្ពុជា​បាន​និង​កំពុង​ស្ថិត​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ការ​យល់​ដឹង​អំពី​ផ្សារ​មូលបត្រ​សម្រាប់​សហគ្រាន​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ពង្រីក​វិសាល​ភាព​ធុរកិច្ច​និង​ស្ដង់ដារ​របស់​ខ្លួន ពិសេស​​សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់ ដើម្បី​ជៀស​ផុត​ពី​ការ​លេប​ត្របាក់​ទីផ្សារ​ដោយ​ក្រុមហ៊ុន​បរទេស​ធំៗ ដែល​បាន​និង​កំពុង​ហូរ​ចូល​មក​កម្ពុជា។ 

លោក​ឧកញ៉ា តែ តាំងប៉ បន្ថែម​ថា រហូត​​មក​ទល់​ពេល​នេះ រាជ​រដ្ឋាភិបាល​ក៏​បាន​នាំ​យក​នូវ​ស្ដង់ដារ​អាស៊ាន​ប្រមាណ​ជាង ៥០០​ប្រភេទ មក​បញ្ចូល​​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​សមត្ថភាព​ក្នុង​ការ​ប្រកួត​ប្រជែង​របស់​ផលិតផល និង​សេវាកម្ម​របស់​កម្ពុជា​អាច​ប្រជែង​តំណែង​នៅ​ក្នុង​តំបន់។ 

លោក​ឧកញ៉ា គួច ម៉េងលី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ម៉េងលី ជេ គួច គ្រុប ដែល​ជា​ក្រុមហ៊ុន​ត្រៀម​នឹង​ឡើង​ផ្សារ​មូលបត្រ​នៅ​ឆ្នាំ​ក្រោយ​នេះ បាន​លើក​ឡើង​ដែរ​ថា បើ​មើល​ពី​កម្រិត​នៃ​សមត្ថភាព​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា ភាគច្រើន​ហាក់​ដូចជា​នៅ​មាន​កម្រិត​មួយ​តូច​នៅ​ឡើយ សម្រាប់​ការ​បោះ​ជើង​ចូល​ទៅ​ក្នុង​ផ្សារ​ហ៊ុន។ តែ​យ៉ាង​ក៏​ដោយ លោក​ថា សហគ្រាស​ទាំង​អស់ គួរតែ​ស្វែង​យល់​ពី​វិស័យ​មួយ​នេះ ព្រោះ​ថា វា​ជា​ឱកាស​យុទ្ធសាស្ត្រ​ក្នុង​ការ​ពង្រីក​ខ្លួន ដូច​ដែល​ក្រុមហ៊ុន​ក្នុង​សកល​លោក​ជាច្រើន​បាន​និង​កំពុង​និយម​ធ្វើ។ 

លោកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន Worldbridge Group ក៏​ជា​វាគ្មិន​មួយរូប​នៃ​កម្មវិធី ឧត្ដមភាពនេះដែរ។

ឧកញ៉ា​ដែល​កំពុង​មាន​ឈ្មោះ​បោះសំឡេង​ក្នុង​វិស័យ​អប់រំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ទោះបី​សមត្ថភាព​របស់​ក្រុមហ៊ុន ឬ​សហគ្រាស​ក្នុង​ស្រុក​នៅ​មាន​កម្រិត​ក៏​ដោយក្ដី ប៉ុន្ដែ ពួកគេ​​គួរ​តែ​ចាប់​ផ្ដើម​គិត​រៀបចំ​ខ្លួន​ឲ្យ​បាន​រួចរាល់ ពោល​គឺ បើ​ខ្លួន​តូច គឺ​ធ្វើ​តាម​តូច! ធំ​ធ្វើ​តាម​ធំ! ទៅ​តាម​សមត្ថភាព​និង​លទ្ធភាព​របស់​ខ្លួន។ លោក​បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​គ្រប់​គ្នា​នៅ​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ធ្វើ នោះ​វិស័យ​ផ្សារ​ហ៊ុន​កម្ពុជា​ក៏​មិន​មាន​ការ​លូត​លាស់​ដែរ។ ដូច្នេះ យើង​ចាំបាច់​ត្រូវ​មាន​ភាព​ក្លាហាន​និង​ជំនឿ​ចិត្ត។  

លោក ចាន់ ស៊ីថា អគ្គនាយក​ក្រុមហ៊ុន ង៉ូវហេង ហ្វូដ​ប្រដាក​សិន ដែល​ជា​សិប្បកម្ម​ផលិត​ផល​ទឹក​ត្រី និង​កែច្នៃ​ម្រេច នៅ​ខេត្ត​កំពត បាន​បង្ហាញ​ការ​យល់​ឃើញ​ជុំវិញ​ឱកាស​ឡើង​ផ្សារ​មូលបត្រ​នេះ​ដែរ​ថា វា​ជា​រឿង​មួយ​ល្អ​ណាស់​សម្រាប់​សហគ្រាស ក្នុង​ការ​ចូល​ទៅ​កាន់​ផ្សារហ៊ុន ព្រោះ​ថា អាជីវកម្ម​ខ្នាត​តូចនិង​មធ្យម​ភាគ​ច្រើន គឺ​តែង​ប្រឈម​នឹង​កង្វះ​ខាត​ដើម​ទុន​ក្នុង​ការ​ពង្រីក​អាជីវកម្ម ដូច្នេះ​ប្រសិន​បើ​ម្ចាស់​អាជីវកម្ម​គួរតែ​មាន​ការ​រៀបចំ​ខ្លួន​ពី​ឥឡូវ​ត​ទៅ ដើម្បី​ទទួល​បាន​ឱកាស​ដ៏​ល្អ​នេះ។ 

សូម​បញ្ជាក់​ដែរ​ថា គិត​មក​ទល់​ពេល​នេះ ទីផ្សារ​មូលបត្រ​កម្ពុជា​បាន​បើក​ឲ្យ​ដំណើរការ​បោះ​ផ្សាយ និង​ជួញដូរ​ជា​ផ្លូវការ​លើ​ឧបករណ៍​ហិរញ្ញវត្ថុ​សំខាន់ៗ​ចំនួន​៣ គឺ​មូលបត្រ​កម្មសិទ្ធិ ឬ​ភាគហ៊ុន ឧបករណ៍​និស្សន្ទ និង​សញ្ញាបណ្ណ​សាជីវកម្ម ដែល​បទប្បញ្ញត្តិ​ទើបតែ​ត្រូវ​បាន​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ៕




អត្ថបទបន្ទាប់


គម្រោង​លំនៅដ្ឋាន​ប្រណីត​ The Palms របស់​ឧកញ៉ា​ សៀ ឫទ្ធី (រូបភាព)

ព័ត៌មាន
លោក​ឧកញ៉ា សៀ ឫទ្ធី ដែល​គេ​ស្គាល់ថា ជាវិនិយោគិន​និង​ធុរជន​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា ជាពិសេស ក្នុង​វិស័យ​អចលនទ្រព្យ ឥឡូវ​នេះ លោក​...

លោក​តា​​៨៥​ឆ្នាំ ច្នៃ​និង​លក់​ស្បែក​ជើង​កង់ឡាន​ជាង​២០​ឆ្នាំ​មក​ហើយ

ព័ត៌មាន
លោកតា អ៊ុន សំរិទ្ធ ប្រកប​របរ​ច្នៃ​ស្បែក​ជើង​កង់​ឡាន ជិះ​កង់​ដើរ​លក់​ជាង​២០​ឆ្នាំ​មក​ហើយ។ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ លោក​តា​វ័...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ